ដោយៈ ទេពកង្រី/កំពង់ឆ្នាំងៈ ប្រជាកសិករ រស់នៅក្នុងព្រែកសាលា ឃុំទឹកហូត នៃស្រុក រលាប្អៀរ សប្បាយចិត្ត រីករាយគ្រប់ៗគ្នា ដោយសារតែបន្លែខ្ទឹម របស់ពួកគាត់នៅមានតម្លៃថ្លៃ ល្អប្រសើរ ខុសពីឆ្នាំមុនៗ បើទោះបីជាពេលនេះ តម្លៃទីផ្សា បានធ្លាក់ចុះបន្តិចបន្តួចមែន ប៉ុន្តែពួកគាត់ នៅតែអាចទទួលយកបាន។ ពួកគាត់រំពឹងថា តម្លៃនឹងបន្តធ្លាក់ចុះជាងនេះ បន្តិចទៀត នៅពេលប្រជាកសិករ ប្រមូលផលគ្រប់ៗគ្នា ។
នៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ ស្ត្រីអ្នកចំការម្នាក់ ឈ្មោះ ចាន់ អូន បាននិយាយថាៈថ្វីបើដី របស់គាត់ មានត្រឹមតែ ៣០ អា ក៍ពិតមែន តែគាត់បានជួលដីគេ ដើម្បីធ្វើចំការ ឱ្យធំបន្ថែមទៀត។ ក្នុងចំការគាត់បានដាំបន្លែ ដូចជា ត្រសក់ ត្រឡាច សណ្តែកកួ ប៉ុន្តែបន្លែដែលគាត់ ចាប់អារម្មណ៍ ជាងគេ និងកំពុងមានតម្លៃ លើទីផ្សារល្អ គឺដំណាំខ្ទឹម ដែលបច្ចុប្បន្ន មានតម្លៃថ្លៃ ៦ ពាន់រៀល ក្នុង ១ គីឡូក្រាម។
សម្រាប់ដំណាំខ្ទឹមរបស់គាត់ ពេលនេះ មិនទាន់ប្រមូលផល ក៍ពិតមែន តែគាត់រពឹងថា នៅពេល ដែលខ្ទឹមរបស់គាត់ ប្រមូលផល តម្លៃអាចធ្លាក់ចុះថ្លៃ ដល់ ៥ ពាន់រៀល ក្នុងមួយគីឡូក្រាម ហើយគាត់គិតថា តម្លៃនេះ ក៏គាត់នៅតែអាចទទួលយកបានដែរ។
បងប្រុសម្នាក់ ឈ្មោះ ប៉ាត សៅ មានទីលំនៅ នៅភូមិនាមទទឹង ឃុំទឹកហូត ស្រុករលាប្អៀរ ក៏បានបញ្ជាក់ដែរថាៈ គាត់ជាអ្នកដាំខ្ទឹម នៅភូមិព្រែសាលានេះ ជាយូរណាស់មកហើយ ថ្វីបើគាត់ មិនបានចូល សហគមន៍បណ្ដុំបន្លែ ក៏ពិតមែន ប៉ុន្តែតម្លៃ បន្លែរបស់គាត់នៅតែមានហាងឆេងល្អ ដដែល។
ជាក់ស្តែង កាលពីទឹកឡើង ថ្មីៗកន្លងទៅនេះ ខ្ទឹមរបស់គាត់ អាចលក់បាន ១ ម៉ឺនរៀល ក្នុងមួយ គីឡូក្រាម ហើយក្រោយមក ទើបតម្លៃធ្លាក់ចុះ ជាបន្តបន្ទាប់ រហូតបច្ចុប្បន្ន នៅត្រឹម ៦.៥០០ រៀល។ ទោះជាយ៉ាងណា គាត់នៅតែសប្បាយចិត្ត ព្រោះតម្លៃនេះ គាត់អាចទទួលយកបាន ហើយនៅពេលខាងមុខ ខណៈដែលខ្ទឹម របស់កសិករដទៃទៀត ធ្វើបានច្រើនគ្រប់ទីកន្លែង ខ្ទឹមអាចនឹងធ្លាក់ដល់ ៥ ពាន់រៀល ក្នុងមួយគីឡូក្រាម ក៏គាត់នៅតែអាចទទួលយកបានដែរ ប៉ុន្តែកុំឱ្យតែចុះទាបជាងនេះ។ គាត់បានគិតថា នឹងពង្រីកដីដាំខ្ទឹមនេះ បន្ថែមទៀត ។
លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថាៈ ជាការពិតណាស់ ដើមខ្ទឹម បានឡើងដល់ជាង ១ ម៉ឺនរៀល កាលពីដើមខ្ទឹម អត់ គ្មានលក់ក្នុង ទីផ្សារ ប៉ុន្តែពេលខ្លះ ខ្ទឹមបានចុះថោក ដល់ក្រោម ១ ពាន់រៀល ក្នុងមួយគីឡូក្រាម ពេលដែលខ្ទឹម សំបូរច្រើន ហេតុដូចនេះ គឺអាចនិយាយបានថា តម្លៃទីផ្សារ មិនស្ថេរនោះទេ ពេលខ្លះឡើង និងពេលខ្លះ ចុះ ។ ដោយសារតែចង់រក្សា អោយស្ថានភាព នៃតម្លៃឱ្យបានស្ថិតស្ថេរខាងមន្ទីរ កសិកម្មខេត្ត បានរៀបចំចងក្រង ជាសហគមន៍បណ្ដុំ គឺប្រមូលផ្ដុំបន្លែ គ្រប់ប្រភេទយកទៅ ដាក់លក់ តែមួយកន្លែង ដើម្បីរក្សាតម្លៃ ឱ្យមានលំនឹង និងជៀសវាងមានឈ្មួញ ចូលមក បន្ទាប់ធ្វើឲ្យតម្លៃធ្លាក់ចុះថោក ។
លោក ងិន ហ៊ុន បានបញ្ជាក់ថាៈ ជាក់ស្តែង នៅក្នុងភូមិត្រពាំងក្រពើ យើងក៍បានបង្កើតសហគមន៍ ប្រមូលផ្តុំ ហើយដំណើរការ បានជោគជ័យ រហូតដល់សព្វថ្ងៃនេះ។ ចំណែកអ្នកនៅភូមិនាមទទឹង ដែលនៅជាប់មាត់ទន្លេ ពួកគាត់មិនបានចូលសហគមន៍ ក៍ពិតមែន តែពួកគាត់ នៅឃុំជាមួយគ្នា ដែលអាចទទួលចំហាយ ពីសហគមន៍នេះបាន ទើបបន្លែគាត់មានតម្លៃ ក្នុងទីផ្សារបានល្អ ដូចៗគ្នា៕PC