ដោយៈ ជា សីហៈ / ភ្នំពេញ: ការិយាល័យឥណទាននៅកម្ពុជា បានចាប់ផ្តើមបើកដំណើរការកម្មវិធីទូរស័ព្ទដៃដំបូងបំផុត នៅក្នុងប្រទេស ដើម្បីលើកកម្ពស់តម្លាភាពនៃឥណទាន ផ្នែកសុខភាពហិរញ្ញវត្ថុ និងការគ្រប់គ្រងឥណទានប្រកបដោយទំនួលខុសខ្ពស់។
ការិយាល័យឥណទានកម្ពុជា (ស៊ីប៊ីស៊ី) បានបង្កើតកម្មវិធីទូរស័ព្ទដៃមួយ ដែលអនុញ្ញាតអោយអ្នកប្រើប្រាស់អាច ពិនិត្យពិន្ទុឥណទានរបស់ខ្លួន អានរបាយការឥណទាន និង ទទួលបានសារដាស់តឿនអំពីការត្រួតពិនិត្យឥណទាន។
ប្រភពដដែលបានអះអាងថា នេះជាលើកដំបូងបំផុតដែល ប្រទេសកម្ពុជានឹងមានវេទិកាប្រព័ន្ធឌីជីថលបែបរួមបញ្ចូលមួយ ដែលជំរុញអោយមានពិនិត្យសុខភាពហិរញ្ញវត្ថុ ការត្រួតពិនិត្យឥណទាន និងអក្ខរកម្មហិរញ្ញវត្ថុ។
លោក អឿ សុធារ័ត្ន ប្រធាននាយកប្រិត្តិបត្តិរបស់ការិយាល័យឥណទានកម្ពុជា បានមានប្រសាសន៏ថា ការផ្តល់ជូនប្រជាជនកម្ពុជានូវចំណេះដឹងនៃពត៌មានខាងឥណទានដែលមានភាពសុក្រឹត និងទាន់ពេលវេលា គឺជាជំហានមួយដ៏សំខាន់ក្នុងការវិវឌ្ឍន៍ និងពង្រឹងវិស័យហិរញ្ញវត្ថុនៅប្រទេសកម្ពុជា។
លោកបានបន្តថា៖ “របាយការត្រីមាសចុងក្រោយបំផុតរបស់យើង បានបង្ហាញថាកម្ចីទិញផ្ទះកើនឡើងដល់១៨ភាគរយ ចាប់តាំងពីចុងឆ្នាំ២០១៩ រហូតដល់ ៤.៧ ពាន់លានដុល្លារសហរដ្ឋអាមេរិក នៅចុងខែកញ្ញានាឆ្នាំនេះ។ ដូច្នេះហើយ យើងត្រូវប្រាកដថា នៅពេលដែលប្រជាជនកម្ពុជាកាន់តែច្រើនទទួលបានភាពចល័តខាងសេដ្ឋកិច្ច និងការខ្ចីប្រាក់កាន់តែច្រើន ដើម្បីបង្កើនផលប័ត្រទ្រព្យសម្បត្តិ ពួកគេក៏ត្រូវបានផ្តល់ជូននូវឧបករណ៍ដើម្បីគ្រប់គ្រងឥណទានរបស់ពួកគេដែលប្រកបដោយទំនួលខុសត្រូវខ្ពស់ក្នុងការសងប្រាក់កម្ចី” ។
លោកបានបន្តទៀតថា កម្មវិធីទូរស័ព្ទ “CBC MOBILE” មានតួនាទីជំរុញការរីកចម្រើនប្រកប ដោយស្ថេរភាព និងចីរភាពតាមរយៈតម្លាភាព។
អ្នកប្រើប្រាស់ដែលមានសញ្ជាតិកម្ពុជាអាចទទួលបានរបាយការណ៍ឥណទានមួយឆ្នាំមួយដងដោយឥតគិតថ្លៃ។ សម្រាប់របាយការណ៍ឥណទាន និងសេវាកម្មជាវបន្ថែមផ្សេងទៀត នឹងតម្រូវអោយមានការទូទាត់តាមប្រព័ន្ធអ៊ីនធឺណិតដោយប្រើ វីសាកាត (Visa) ម៉ាស្ទ័រកាត (MasterCard), JCB, UnionPay ឬDCIកាត។
ស៊ីប៊ីស៊ី ក៏គ្រោងនឹងដាក់បញ្ចូលសេវាទូទាត់បាគងទៅក្នុងកម្មវិធីទូរស័ព្ទរបស់ពួកគេដើម្បីជួយសម្រួលដល់ប្រតិបត្តិការរវាងស្ថាប័នហិរញ្ញវត្ថុជាច្រើន ជាមួយការទូទាត់ប្រតិបត្តិការជាប្រាក់រៀល៕