ភាព​តានតឹង​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​និង​ចិន​គ្របដណ្តប់​លើ​កិច្ចប្រជុំ IMF

1200
ចែករម្លែក

​ភាព​តានតឹង​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​និង​ចិន ដែល​គំរាមកំហែង​កំពប់​ចូលទៅក្នុង​សេដ្ឋកិច្ច​សកល​នោះ កំពុង​គ្របដណ្តប់​លើ​កិច្ចប្រជុំ​របស់​ក្រុមមន្ត្រី​ហិរញ្ញវត្ថុ​ពិភពលោក បើទោះបីជា​ក្រុម​ប្រទេស G20 បាន​ចៀសវាង​លើ​ប្រធានបទ​នេះ​កាលពី​ថ្ងៃ​សុក្រ ទី​២០​មេសា​ក៏ដោយ​។​

​មន្ត្រី​នីមួយៗ​បាន​អំពាវនាវ​ឱ្យ​ដោះស្រាយ​វិវាទ​តាមរយៈ​ការសន្ទនា​គ្នា​ជាជាង​ការដាក់​ពន្ធ​ជា​ឯកតោភាគី ហើយ​បាន​ព្រមាន​អំពី​ការគំរាមកំហែង​ដល់​ការ​ស្ទុះ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ចពិភពលោក​។​

​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​បារាំង ព្រូ​ណូ ឡេ មែរ (Bruno Le Maire) បាន​រិះគន់​នូវ​អ្វីដែល​លោក​ហៅថា ជម្លោះ “​ឥត​បានការ និង គ្មាន​ន័យ​” ជាមួយ​ចិន​។​

​លោក ឡេ មែរ បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​នៅក្នុង​កិច្ចប្រជុំ​និ​ទាឃ​រដូវ​របស់​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្ដរជាតិ (IMF) ថា “​យើង​កំពុង​ប្រថុយ​នឹង​សង្គ្រាម​ពាណិជ្ជកម្ម​។ យើង​កំពុង​ប្រថុយ​នឹង​ការកាត់បន្ថយ​របៀបរ​បប​ពហុភាគី ដែល​មិនល្អ​សម្រាប់​នរណា​ទាំងអស់ និង​ជាពិសេស គឺ​មិនល្អ​សម្រាប់​សេដ្ឋកិច្ចពិភពលោក និង កំណើន​”​។​

​ប៉ុន្តែ​មន្ត្រី​ហិរញ្ញវត្ថុ​កំពូល​របស់​ប្រធានាធិបតី​អាមេរិក​លោក​ដូ​ណា​ល់ ត្រាំ​និយាយថា កំហុស​គឺ​ស្ថិតនៅលើ​ប្រទេស ដែល​ប្រើ​គោលនយោបាយ​ពាណិជ្ជកម្ម​អយុត្តិធម៌​។​

​លោក ស្តេ​ហ្វិ​ន អេ​ម​ញូ​ជីន (Steven Mnuchin) រដ្ឋមន្ត្រី​រតនាគារ​អា​មេ​រិ​ក​បានឱ្យដឹង​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ផ្ញើ​ទៅកាន់ IMF ថា “​យើង​ជឿជាក់​យ៉ាង​មុតមាំ​ថា​ការអនុវត្តន៍​ពាណិជ្ជកម្ម​អយុត្តិធម៌​ជាស​កល​បាន​បង្អាក់​ដល់​កំណើនសេដ្ឋកិច្ច​ដ៏​ខ្លាំងក្លា​របស់​សហរដ្ឋអាមេរិក​និង​សកលលោក ដោយ​ដើរតួ​ជាការ​បង្អាក់​ដ៏​ជាប់លាប់​ទៅលើ​សេដ្ឋកិច្ច​សកលលោក​”​។​

​ខណៈដែល​ប្រធាន IMF លោកស្រី គ្រីស្ទី​ន ឡា​ហ្គា​ត បាន​ផ្តល់ជូន​អង្គការ​មូលនិធិ​នេះ​សម្រាប់​ជា​វេទិកា​មួយ​ដើម្បី​ដោះស្រាយ​ការខ្វែងគំនិត​គ្នា​នោះ លោក​អេ​ម​ញូ​ជីន​បាន​និយាយថា IMF គួរតែ​បញ្ចេញ “​សំឡេង​ខ្លាំងៗ​” ក្នុង​ការជំរុញឱ្យ​សមាជិក​ទាំងអស់ “​បំបាត់ចោល​នូវ​របាំង​ពាណិជ្ជកម្ម​និង​ទំនិញ​ឥត​ពន្ធ និង ការពារ កម្មសិទ្ធិបញ្ញា​”​។​

​លោក ឡេ មែរ យល់ស្រប​ថា ប្រទេស​ចិន​ត្រូវតែ​គោរព​ច្បាប់ ប៉ុន្តែ​និយាយថា​ប្រទេស​នេះ​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពិភពលោក​។​

​លោក ឡេ មែរ បន្តថា “​យើង​ត្រូវតែកំណត់​ឡើងវិញ​នូវ​ការធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ​ជាមួយ​ចិន មិនមែន​ប្រឆាំងនឹង​ចិន​នោះទេ​”៕ ដោយ៖ កញ្ញាដាលីស

ប្រធាន IMF លោកស្រី គ្រីស្ទី​ន ឡា​ហ្គា​ត ក្រឡេកមើល លោក ស្តេ​ហ្វិ​ន អេ​ម​ញូ​ជីន អំឡុង​កិច្ចប្រជុំ​និ​ទាឃ​រដូវ​របស់​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្ដរជាតិ

ទីតាំងផ្សាយពាណិជ្ជកម្ម