ដោយៈ ពៅនិមល / ភ្នំពេញៈ បន្ទាប់ពីរកឃើញនូវ សារធាតុមេតាណុល ក្នុងស្រា ករណីពុល នៅខេត្តកំពង់ឆ្នាំង អគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ហៅកាត់ ក.ប.ប) នៃក្រសួងពាណិជ្ជកម្ម បានអំពាវនាវឱ្យ ប្រជាពលរដ្ឋទាំងអស់ បញ្ឈប់ការទទួលទានស្រា ដែលមិនមានស្លាកសញ្ញាត្រឹមត្រូវ មិនមានប្រភពច្បាស់លាស់ និងមានតម្លៃទាប ហួសហេតុ ដែលអាចជាហានិភ័យ បង្កគ្រោះថ្នាក់ និងមិនមានការទទួល ខុសត្រូវ។
អគ្គនាយកដ្ឋាន ក.ប.ប នៅរសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០នេះ បានលើកឡើង ក្នុងផេកហ្វេសប៊ុកថា ក្នុងកំឡុងរីករាលដាល នៃជំងឺកូវីដ ១៩ បរិមាណនៃការប្រើប្រាស់ អាល់កុល មានការកើនឡើង ដូច្នេះហើយមានការផលិត អាល់កុលច្រើន ធ្វើឱ្យការផ្គត់ផ្គងស្រា ស មានការធ្លាក់ចុះ ជាហេតុធ្វើឱ្យជនឱកាសនិយម ឆ្លៀតយកសារធាតុ មេតាណុល មកបន្លំធ្វើស្រា ស ឬ អាល់កុល។
អគ្គនាយកដ្ឋាន ក.ប.ប អំពាវនាវឱ្យពលរដ្ឋទាំងអស់ បញ្ឈប់ការទទួលទានស្រា ដែលមិនមានស្លាកសញ្ញាត្រឹមត្រូវ
ទាក់ទងនិងករណីពុលស្រា នៅខេត្តកំពង់ឆ្នាំង កាលពីថ្មីៗនេះ មន្ត្រីជំនាញអគ្គនាយក ក.ប.ប បានសហការជាមួយ កម្លាំងនគរបាលខេត្ត កម្លាំងសមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរដែនដី ដោយមានកិច្ចដឹកនាំ សម្របសម្រួលពីលោក ព្រះរាជអាជ្ញារងខេត្ត បានចុះប្រតិបត្តិការ ត្រួតពិនិត្យ ស្រាវជ្រាវ និងស៊ើបអង្កេត នៅទីតាំងកើតហេតុ ស្ថិតក្នុងភូមិជីប្រ៉ង ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង និងសិប្បកម្មផលិតផលស្រា ចំនួន ៨ កន្លែង ( ៣ កន្លែង ស្ថិតក្នុងស្រុកទឹកផុស និង ៥ កន្លែងទៀត ក្នុងស្រុកកំពង់ត្រឡាច) ។
លទ្ធផលនៃការធ្វើតេស្ត គំរូសំណាក រួមមានៈ ៥ គំរូ នៃស្រា ចំនួន ១៦ គំរូ ដែលទទួលបាន ពីស្នងការដ្ឋាននគរបាលខេត្ត មានវត្តមាន មេតាណុល ក្នុងកម្រិតខ្ពស់ ចាប់ពី ១០,៥ ភាគរយ រហូតដល់ ១៧,២៥ ភាគរយ លើសកម្រិតអនុញ្ញាត ដែលឱ្យខ្ពស់បំផុតត្រឹមតែ ០,១៥ ភាគរយប៉ុណ្ណោះ។ រីឯ ៥៥ គំរូ ដែលបានដកហូត ពីសិប្បកម្មចំនួន ៨ កន្លែងផ្សេងគ្នា កំពុងធ្វើការវិភាគបន្ត។
អគ្គនាយកដ្ឋាន ក.ប.ប អំពាវនាវឱ្យពលរដ្ឋទាំងអស់ បញ្ឈប់ការទទួលទានស្រា ដែលមិនមានស្លាកសញ្ញាត្រឹមត្រូវ
តាមរយៈលទ្ធផល ខាងលើ និងផ្អែកលើការសិក្សាស្រាវជ្រាវ ផ្នែកវិទ្យាសាស្ត្រ សបញ្ជាក់ឱ្យឃើញថា គំរូស្រាចំនួន ៥ ក្នុងចំណោម គំរូស្រាចំនួន ១៦ ខាងលើ មានកម្រិតមេតាណុល លើសពី ១០ ក្រាម ក្នុង ១០០ មីលីលីត្រស្រា ដែលមានន័យថា ក្មេងជំទង់ អាចពុលស្លាប់បាន ប្រសិនបើទទួលទាន ចាប់ពី ១០០ មីលីលីត្រ ឡើងទៅ និង មនុស្សពេញវ័យ អាចពុលស្លាប់បាន ប្រសិនបើទទួលទាន ចាប់ពី ៣០០ មីលីលីត្រឡើង។
ពាក់ព័ន្ធករណី ខាងលើនេះ គិតត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅ ករណីសង្ស័យពុលស្រា សរុបចំនួន១៣១នាក់ (ស្រី៦នាក់) អ្នកជាសះស្បើយ ចំនួន ៩០ នាក់, កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ចំនួន ៣១ នាក់, សម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ចំនួន ៣ នាក់, អ្នកស្លាប់ចំនួន ៧ នាក់ (នៅមនី្ទរពេទ្យខេត្ត ២ នាក់ ស្លាប់ពេលបញ្ជូនទៅភ្នំពេញ ២ នាក់, ស្លាប់នៅផ្ទះ ២ នាក់ និងស្លាប់នៅមន្ទីរពេទ្យកាល់ម៉ែត ១ នាក់)៕/V
អគ្គនាយកដ្ឋាន ក.ប.ប អំពាវនាវឱ្យពលរដ្ឋទាំងអស់ បញ្ឈប់ការទទួលទានស្រា ដែលមិនមានស្លាកសញ្ញាត្រឹមត្រូវ
អគ្គនាយកដ្ឋាន ក.ប.ប អំពាវនាវឱ្យពលរដ្ឋទាំងអស់ បញ្ឈប់ការទទួលទានស្រា ដែលមិនមានស្លាកសញ្ញាត្រឹមត្រូវ
អគ្គនាយកដ្ឋាន ក.ប.ប អំពាវនាវឱ្យពលរដ្ឋទាំងអស់ បញ្ឈប់ការទទួលទានស្រា ដែលមិនមានស្លាកសញ្ញាត្រឹមត្រូវ