ដោយ: សុខសុភ័ណ្ឌ / កំពង់ស្ពឺ: មនុស្សម្នាក់បានស្លាប់ និងម្នាក់ទៀតរងរបួស ដោយសាររថយន្តថយក្រោយកិននៅតាមបណ្តោយផ្លូវជាតិលេខ៤៤ ស្ថិតក្នុងភូមិរស្មី ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង១០និង៣៤នាទីព្រឹកថ្ងៃទី១ខែធ្នូឆ្នាំ២០២០។
មន្ត្រីនគរបាលស្រុកឱរ៉ាល់បានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាកហ៊ីណូពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E 2250 បើកបរពីកើតទៅលិចដឹកស៊ីទែនទឹកស្រោចផ្លូវរបស់ក្រុមហ៊ុនស្ថាបនា។ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បើកបរមកដល់ចំណុចកើតហេតុលើបានឈប់រួចថយក្រោយកិនម៉ូតូមួយគ្រឿង ម៉ាកហុងដាវ៉េវអាល់ហ្វា ពណ៌ក្រហម ពាក់ស្លាកលេខ ព្រៃវែង 1T-8591។
ប្រភពបានបន្តថាបើកបរដោយឈ្មោះ ឡោម ចន្ដា ភេទស្រី អាយុ៣០ឆ្នាំ ឌុបក្មួយឈ្មោះ សៀក ករុណា ភេទស្រី អាយុ០៧ឆ្នាំ ទាំង០២នាក់រស់នៅភូមិអូរផ្តៅ ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ។
ក្នុងទិសដៅស្របទិសគ្នាពីកើតទៅលិច (រថយន្តបើកពីមុខម៉ូតូ) លុះដល់ចំណុចកើតហេតុស្រាប់តែរថយន្តបានឈប់រួចអាយ៉ែថយក្រោយ ភ្លាមនោះម៉ូតូគេចមិនរួច បណ្ដាលឲ្យរថយន្តបុកម៉ូតូកិនស្លាប់អ្នកជិះឈ្មោះ ឡោម ចន្ដារីឯអ្នករួមដំណើរលើម៉ូតូឈ្មោះ សៀក ករុណា រងរបួសស្រាល។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានសហការជាមួយកម្លាំងប៉ុស្តិ៍ចុះធ្វើការត្រួតពិនិត្យកន្លែងកើតហេតុ និងបានប្រគល់សាកសពជនរងគ្រោះឲ្យសាច់ញាតិយកទៅធ្វើបុណ្យ តាមប្រពៃណី។ វត្ថុតាងទាំង០២គ្រឿង យកមករក្សាទុកនៅអធិការរដ្ឋាននគរបាលស្រុកឱរ៉ាល់ កសាងសំណុំរឿងអនុវត្តតាមនីតិវិធី៕