ដោយ: ដេប៉ូ / ភ្នំពេញ: សត្វដំរីអាស៊ីឈ្មោះខាវ៉ាន់ដែលបានបញ្ជូនពីប្រទេសប៉ាគីស្ថានមកកម្ពុជាកាលពីថ្ងៃម្សិលម៉ិញ(ថ្ងៃទី៣០ខែវិច្ឆិកា)ដើម្បីធ្វើការបង្កាត់ពូជជាមួយដំរីក្នុងស្រុក គោលបំណងបង្កើតប្រសិទ្ធភាពក្នុងការបន្តពូជសត្វដំរីអាស៊ីឱ្យកាន់តែប្រសើរឡើងថែមទៀត។នេះបើតាមការឱ្យដឹងពីលោក នេត្រ ភក្ត្រា មន្ត្រីនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងបរិស្ថាន។
ប្រាប់បណ្តាញសារព័ត៌មានក្នុងស្រុកនៅរសៀលថ្ងៃទី១ខែធ្នូនេះ លោក នេត្រ ភក្ត្រាបានបញ្ជាក់ថាការនាំយកដំរីខាវ៉ានជាសត្វដំរីឈ្មោះនេះនឹងត្រូវយកទៅចិញ្ចឹមក្នុងដែន ជម្រកសត្វព្រៃគូលែនព្រហ្មទេព ស្ថិតនៅក្នុងភូមិអូតាម៉េង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរ មានជ័យជាមួយសត្វដំរីញីរបស់ខ្មែរដើម្បីបន្តពូជ។
ជាមួយគ្នានេះលោករដ្ឋលេខាធិការថ្លែងថា”ការយកដំរីពីប៉ាគីស្ថាននេះគឺយើង ជៀសវាងការបង្កាត់ជាន់ពូជ បង្កើននានាពន្ធុ (សេនេទិច) ការធន់នឹងអាកាសធាតុ និងជំងឺ និងសម្រាប់ជំរុញក្នុងវិស័យទេសចរណ៍ធម្មជាតិ នៃព្រះរាជាណាចក្រកម្ពុជា”។
គួរបញ្ជាក់ថាដំរីអាស៊ីឈ្មោះ «ខាវ៉ាន់» Kaavan ដែលជាដំរីដ៏កម្រនិងជិតផុតពូជ បានត្រូវគេដឹកតាមយន្តហោះពិសេសពីប្រទេសប៉ាគីស្ថានមកដល់ទឹកដីនៃខេត្តសៀមរាមអង្គរ នៃប្រទេស កម្ពុជាកាលពីរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០។
លោកនេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានបញ្ជាក់ថា ដំរីខាវ៉ាន់ជាដំរីឈ្មោល មានអាយុ៣៥ឆ្នាំ ត្រូវបានក្រុមអភិរក្សសត្វព្រៃជួយសង្គ្រោះពីសួនសត្វមួយនៃប្រទេសប៉ាគីស្ថាន តាមរយៈការតស៊ូ ផ្នែកច្បាប់ ហើយចុងក្រោយតុលាកំពូលរបស់ប៉ាគីស្ថាន បានសម្រេចឱ្យដំរី ខាវ៉ាន់ ត្រូវមានសេរីភាព និងបញ្ជូនមករស់នៅក្នុងព្រៃធម្មជាតិនៃដែនជម្រកសត្វព្រៃរបស់ប្រទេសកម្ពុជា។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា កម្ពុជាមានក្តីសោមនស្សរីករាយទទួលស្វាគមន៍ដំរីខាវ៉ាន់។ ពីអំណេះតទៅ ដំរីខាវ៉ាន់នឹងលែងរស់នៅក្នុងភាពឯកោទៀតហើយ។ សត្វដំរីខាវ៉ាន់នេះនឹងត្រូវរស់នៅក្នុងព្រៃធម្មជាតិនៅក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេពក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ ក្រោមការយកចិត្តទុកដាក់ថែរក្សាការពារខ្ពស់របស់ក្រសួងបរិស្ថាន និងអង្គការអភិរក្សដែនជម្រកសត្វព្រៃកម្ពុជា (CWS)៕