ដោយៈស្រីនាថ,សុផល/ភ្នំពេញៈសម្តេចអគ្គមហាពញាចក្រី ហេងសំរិនប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសថា សម្តេចនិងសម្តេចជាភរិយាបានធ្វើចត្តាឡីស័ក្កនៅក្នុងគេហដ្ឋានរបស់សម្តេចផ្ទាល់ ចាប់តាំងពីថ្ងៃទី២៨វិច្ឆិកាមកម៉្លេះ។
សម្តេចអគ្គមហាពញាចក្រី ហេងសំរិនប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា(រូបថតផេកសម្តេចចក្រីហេងសំរិន)
ក្នុងផេកហ្វេសប៊ុកផ្លូវការរបស់សម្តេចនាព្រលប់ថ្ងៃទី១ខែធ្នូនេះសម្តេចចក្រី ហេង សំរិន បានបញ្ជាក់ថាជំងឺកូវីដ-១៩ បានចូលដល់សហគមន៍ជាលើកដំបូងនៅក្នុងប្រទេសយើង តាមរយៈព្រឹត្តិការណ៍ ២៨ វិច្ឆិកា។ ថ្នាក់ដឹកនាំរដ្ឋសភា និងសមាជិក សមាជិការដ្ឋសភា ព្រមទាំងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភាមួយចំនួនបានជាប់ទាក់ទងដោយប្រយោលនឹងករណីនេះ នៅពេលហូបអាហារថ្ងៃត្រង់ជាមួយគ្នា ក្រោយពេលសម្រាកសម័យប្រជុំរដ្ឋសភា នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ មានការចូលរួមរបស់ឯកឧត្តម ឡូយ សុផាត តំណាងរាស្ត្រ ដែលបានពាក់ព័ន្ធជាមួយ ឯកឧត្តម ឆែម សាវុធ អគ្គនាយកពន្ធនាគារនៃក្រសួងមហាផ្ទៃ ។
សម្តេចបន្តថាអាស្រ័យដូច្នេះ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩នេះខ្ញុំនិងភរិយាព្រមទាំងអ្នក ពាក់ព័ន្ធនៅក្នុងគ្រួសារខាងលើបានអនុវត្តវិធានការចត្តាឡីស័ករយៈពេល១៤ថ្ងៃហើយខ្ញុំនិងភរិយាបានធ្វើចត្តាឡីស័កនៅក្នុងគេហដ្ឋានរបស់ខ្ញុំផ្ទាល់ ចាប់ពីថ្ងៃទី២៨វិច្ឆិកាមក។
ក្នុងន័យនេះ ខ្ញុំសូមអំពាវនាវដល់ថ្នាក់ដឹកនាំ និងសមាជិក សមាជិការដ្ឋសភា ព្រមទាំងមន្ត្រីរាជការ ដែលពាក់ព័ន្ធទាំងអស់ ធ្វើតេស្តសុខភាព និងធ្វើចត្តាឡីស័កឲ្យបានហ្មត់ចត់ រយៈ ១៤ថ្ងៃ គ្រប់ៗគ្នាក្នុងស្មារតីទទួលត្រូវខ្ពស់បំផុត។
ទន្ទឹមនឹង ខ្ញុំសូមអំពាវនាវដល់ជនរួមជាតិគ្រប់រូប មេត្តាកុំភ័យស្លន់ស្លោ រហូតដល់បាត់បង់ម្ចាស់ការឲ្យសោះ។ ការទប់ស្កាត់និងការពារខ្លួនកុំឱ្យឆ្លងពីជំងឺនេះ ជាកក្តាសំខាន់បំផុតនៅក្នុងកាលៈទេសៈនេះ។
សូមជនរួមជាតិចូលរួមសហការ និងស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ដូចជាត្រូវពាក់ម៉ាស ឧស្សាហ៍លាងសម្អាតដៃ កាត់បន្ថយការជួបជុំនៅកន្លែងដែលមានមនុស្សច្រើន ពិសេសពុំគួរចេញក្រៅផ្ទះឡើយ បើមិនមានការចាំបាច់នោះ។
ជូនពរបងប្អូនជនរួមជាតិទាំងអស់មានសុខភាពល្អ ជួបតែសំណាងល្អ និងរួចផុតពីជំងឺដ៏កាចសាហាវនេះ៕សរន