ដោយ:ដេប៉ូ/ភ្នំពេញ:ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ឬឌីប្លូម មានរយ:ពេល២ថ្ងៃ ចាប់ពីថ្ងៃ៣០ វិច្ឆិកា ដល់ ថ្ងៃ១ ធ្នូនេះ បានបញ្ចប់ទៅដោយរលូនតាមការគ្រោងទុកនៅទូទាំង២៥ខេត្ត-រាជធានី។ចំណែកលទ្ធផលប្រឡងឌីប្លូមនឹងប្រកាសនាថ្ងៃ ៧ ធ្នូ ២០២០។នេះបើតាមការឱ្យដឹងពីលោករស់ សុវាចា មន្ត្រីនាំពាក្យក្រសួងអប់រំយុវជននិងកីឡា។
ការប្រឡងឌីប្លូម២ថ្ងៃបញ្ចប់ទៅដោយជោគជ័យ(រូបថតក្រសួងអប់រំ)
បញ្ជាក់ប្រាប់រស្មីកម្ពុជានាល្ងាចថ្ងៃទី១ខែធ្នូនេះលោកអ្នកនាំពាក្យបានឱ្យដឹងថាក្រសួងអប់រំ យុវជន និងកីឡា និងមន្ទីរអប់រំ យុវជន និងកីឡា បានចុះពិនិត្យការប្រឡងឌីប្លូមតាមការចាំបាច់ ដើម្បីធានាគុណភាពប្រឡង។ ជារួម ក្រសួងអប់រំ យុវជន និងកីឡាយល់ឃើញថា គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា មេប្រយោគ បេក្ខជនប្រឡងនិងគ្រប់ភាគីពាក់ព័ន្ធបានអនុវត្តបច្ចេកទេស នីតិវិធីប្រឡង និងវិធានការសុវត្ថិភាពសុខភាពខ្ជាប់ខ្ជួន។បេក្ខជនអវត្តមានមួយចំនួនតូច ដោយមូលហេតុបុគ្គល។គ្មានហេតុការណ៍ ឬប្រធានស័ក្តអ្វីកើតឡើងគួរឱ្យកត់សម្គាល់ទេ។
មន្ត្រីនាំពាក្យដដែលបន្តថា”នាឆ្នាំនេះការប្រឡងឌីប្លូមគឺគ្រឹះស្ថានសិក្សាជាអ្នករៀបចំគ្រប់ដំណាក់កាលនៃការប្រឡងដូចឆ្នាំមុនដែរ ក្រោមកិច្ចសហការជាមួយក្រសួងអប់រំ យុវជន និងកីឡានិងមន្ទីរអប់រំយុវជននិងកីឡាទាំង២៥ខេត្ត-រាជធានីតាមការចាំបាច់”។
បើតាមលោករស់សុវាចា បានឱ្យដឹងបន្ថែមថា ការប្រឡងឌីប្លូមសម័យប្រឡង ៣០ វិច្ឆិកា ២០២០ បានប្រព្រឹត្តទៅនៅតាមគ្រឹះស្ថានសិក្សាផ្ទាល់ តាម ២៥ ខេត្ត-រាជធានី ដោយមានបេក្ខជនប្រឡងសរុបចំនួន ១៥៨.៧១៧នាក់ (នារី ៨៥.១៣១នាក់) និងមានមណ្ឌលប្រឡងចំនួន ១.៧២៩ ស្នើនឹង ៧.១៤១ បន្ទប់ប្រឡង៕សរន
ការប្រឡងឌីប្លូម២ថ្ងៃបញ្ចប់ទៅដោយជោគជ័យ(រូបថតក្រសួងអប់រំ)