ប្រែសម្រួលៈវាសនា/ហាណូយ៖ នាយករដ្ឋមន្ត្រី ង្វៀន សួនហ្វ៊ុក កាលពីថ្ងៃអង្គារទី០១ធ្នូបានបញ្ជាអោយផ្អាកជាបណ្តោះអាសន្នជើងហោះហើរអន្តរជាតិចូលមកក្នុងប្រទេសវៀតណាមទាំងអស់ ក្រោយផ្ទុះការឆ្លងជំងឺកូវីដ១៩នៅក្នុងសហគមន៍ជាថ្មីនៅក្នុងប្រទេសរបស់លោក។
លោកបាននិយាយនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីមួយកាលពីថ្ងៃអង្គារថា មានតែជើងហោះហើរដឹកជនជាតិវៀតណាមវិលត្រឡប់ពីបរទេសវិញទេដែលនឹងត្រូវអនុញ្ញាតអោយចូល។
យន្តហោះនៃក្រុមហ៊ុនអាកាសចរណ៍វៀតណាម នាំអ្នកដំណើរមកពីកូរ៉េខាងត្បូងមកកាន់ក្រុងហាណូយកាលពីខែកញ្ញាឆ្នាំ២០២០។មន្ត្រីវៀតណាមបន្ទោសអ្នកបំរើការលើយន្តហោះម្នាក់ចំពោះការឆ្លងក្នុងស្រុកជាថ្មី ដោយសារបុរសនេះរំលោភច្បាប់ចត្តាឡីស័ក
ម៉ាយ ទៀនយុង ប្រធានការិយាល័យរដ្ឋបាននិយាយថាការផ្អាកនេះគឺដើម្បីទុកឱកាសអោយរដ្ឋាភិបាលងាយគ្រប់គ្រងការឆ្លងរាលដាលជំងឺនិងការធ្វើចត្តាឡីស័កអ្នកទើបចូលមកដល់ថ្មី។ទោះជាយ៉ាងណា «រដ្ឋាភិបាលនៅអនុញ្ញាតអោយយន្តហោះនាំជនជាតិវៀតណាមវិលមកស្រុកវិញនៅឡើយទេ សំរាប់មនុស្សចាស់អ្នកជំងឺឬអ្នកជួបបញ្ហាហិរញ្ញវត្ថុ»។
កាលពីថ្ងៃចន្ទ វៀតណាមបានបញ្ចប់ពេលមិនមានការឆ្លងក្នុងស្រុកអស់ពេល៨៨ថ្ងៃ នៅពេលបុរសនៅក្រុងហូជីមីញម្នាក់ជាគ្រូបង្រៀនភាសា ត្រូវបានបញ្ជាក់ថាកើតកូវីដ១៩ ក្រោយឆ្លងមកពីមិត្តម្នាក់ ជាអ្នកបំរើការលើយន្តហោះ។
នៅថ្ងៃអង្គារនេះដែរ វៀតណាមបានរកឃើញអ្នកឆ្លងកូវីដ១៩ក្នុងស្រុក២នាក់ទៀតពាក់ព័ន្ធនឹងករណីខាងលើ ។ពួកគេជាកូនក្មេងអាយុ១ឆ្នាំម្នាក់និងបុរសអាយុ២៨ឆ្នាំ ដែលត្រូវជាក្មួយនិងសិស្សរបស់អ្នកឆ្លងកាលពីថ្ងៃចន្ទ។
អ្នកជំងឺអាយុ១ឆ្នាំនេះជាក្មួយរបស់គ្រូភាសាអង់គ្លេសអាយុ៣២ឆ្នាំ ដែលត្រូវបានប្រកាសថាមានវិជ្ជមានកូវីដ១៩កាលពីថ្ងៃចន្ទ។
ជាមួយនឹងតួលេខឆ្លងថ្មី វៀតណាមឥឡូវមានអ្នកកើតកូវីដ១៩សរុប១.៣៥១នាក់ តែ១.១៩៥នាក់បានជាសះស្បើយនិង៣៥នាក់ស្លាប់ដោយកូវីដ១៩៕