Home ព័ត៌មានជាតិ សេដ្ឋកិច្ច តំបន់​វាល​រហា...

តំបន់​វាល​រហាល​កែស​អា​វៀន​ស្រុក​ព្រះនេត្រព្រះ រំកិល​ខ្លួន​ទៅជា​ជា​តំបន់​អភិរក្ស​ពូជ​ត្រី​និង​សត្វ​ចម្រុះ​យ៉ាងច្រើន​

​ដោយៈ ប​.​ជ័យ​/ បន្ទាយ​មាន​ជ័​យៈ វាល​រហាល​កែស​អា​វៀន ដែល​ស្ថិតក្នុង​ភូមិសាស្ត្រ​ឃុំ​ឈ្នួ​រ​មានជ័យ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បាន​នឹង​កសាង​គុណសម្បត្តិ ដើម្បី​រំកិល​ទៅជា​តំបន់​អភិរក្ស​ពូជ​ត្រី និង​សត្វ​ស្លាប​ចម្រុះ​ដ៏​ច្រើន​ប្រភេទ​ទុំ​នៅ ពង​កូន និង​រក​ចំណី​ដ៏​សុវត្ថិភាព​សន្តិភាព ។​

​បើ​លោកអ្នក​ចង់ទៅ​ទស្សនា​ហ្វូង​សត្វ​ស្លាប និង​មច្ឆៈជាតិ​នៅ​វាល​រហាល​កែស​អា​វៀន​នោះ​នា​រដូវរំហើយ​ឆ្នាំ​២០២០ គឺត្រូវធ្វើ​ដំណើរ​តាមផ្លូវ​ជាតិ​លេខ​៦ រួច​ដល់​ត្រង់​វិទ្យាល័យ​ហ៊ុន សែន ឈ្នួ​រ​មានជ័យ ឃុំ​ឈ្នួ​រ​មានជ័យ ស្រុក​ព្រះនេត្រព្រះ បត់​ចុះទៅ​ត្បូង ប្រមាណ​ជា​៧​គ​.​ម នឹង​ទៅដល់​វាលទំនាប​នៃ​ទី​ប្រសព្វ​នៃ​ស្ទឹង​មង្គល​បូរី និង​ស្ទឹង​សិរីសោភ័ណ ដែល​ជាប់​នឹង​ព្រំប្រទល់​ស្រុក ក្រុង​ចំនួន​៣ គឺ​ស្រុក​ព្រះនេត្រព្រះ មង្គល​បូរី​និង​ក្រុង​សិរីសោភ័ណ ។ លោកអ្នក​អាច​អាចធ្វើ​ដំណើរ​បាន​ដោយ​ឡាន ឬ​ម៉ូតូ រួច​ចុះ​ជិះទូក​ទស្សនា​ជំរំ​សត្វ​ស្លាប់​ចម្រុះ និង​វាល​ជលសារ​ពូជ​មច្ឆៈជាតិ ។​

​ប៉ុន្តែ​បើ​រដូវវស្សា​វិញ លោកអ្នក​ត្រូវ​ថ្មើរជើង​ជាង​៣​គម និង​ជិះទូក ក្នុង​រយៈ​ចម្ងាយ​ប្រហែលជា​៣-៤​គ​.​ម ទៀត ទើប​ដល់ “​ទីទួល​ទំនប់​” ដែល​ទាសករ​របប​វាលពិឃាត​បាន​លើក​នៅ​ឆ្នាំ​១៩៧៦-១៩៧៧ ។​

​លោក ខុង ប៊ុន ជំទប់​ទី​០១ ឃុំ​ឈ្នួ​រ​មានជ័យ បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០​ថា​៖ ប្រវត្តិ​និង​ឋានលេខា​ភូមិសាស្ត្រ “​វាល​រហាល​កែស​អា​វៀន​” នោះ អតីត​ជា​ទំនប់​ប្រព័ន្ធធារាសាស្ត្រ កសិកម្ម​ទស្សនៈវិស័យ​សក្តានុពល​មហាអស្ចារ្យ​មហាលោតផ្លោះ​របស់​របប​កម្ពុជា​ប្រជាធិបតេយ្យ (​ឆ្នាំ​១៩៧៥-១៩៧៩ ) ។ ពោលគឺ​ធ្វើ​ទំនប់​អាង​ស្តុក​ទឹក​ដ៏​ធំ ស្ទាក់​ទឹក​រដូវវស្សា​កុំអោយ​ហូរ​ចោល​ឥតប្រយោជន៍​ទៅក្នុង​ស្ទឹង​សិរីសោភ័ណ និង​ស្ទឹង​មង្គល​បូរី ដែល​ប្រសព្វ​គ្នា​ជា​ស្ទឹង​មង្គល​បូរី​តែមួយ មុននឹង​បន្ត​រាប់សិប​គីឡូម៉ែត្រ​ទៀត ដល់​មាត់បឹង​ទន្លេសាប ។ តំបន់​នេះ​មាន​ផ្ទៃដី​ទឹក​ប្រមាណ​ជា​២៨​ហិកតា ដែល​ភាគច្រើន​គឺ​ស្ថិតក្នុង​ភូមិសាស្ត្រ​ឃុំ​ឈ្នួ​រ​មានជ័យ ស្រុក​ព្រះនេត្រព្រះ ។​

​ទោះបីជា​ទំនប់​នោះ​ខូចខាត ក៏​សព្វថ្ងៃ វា​នៅ​អាច​រក្សាទុក​ទឹក​ប្រើប្រាស់​នៅក្នុង​អាង​ក្នុង​ឃុំ ឈ្នួ​រ និង​ឃុំ​ព្រះនេត្រព្រះ ក្នុងស្រុក​ព្រះនេត្រព្រះ ឃុំ​គយ​ម៉ែង ស្រុក​មង្គល​បូរី និង​សង្កាត់​កោះ​ពង​សត្វ ក្រុង​សិរីសោភ័ណ ។​

​លោក​បាន​បន្តថា កន្លងមក រហូតមកទល់​ពេលនេះ រដ្ឋបាល​ឃុំ​និង​ផ្នែក​ជំនាញ​បាន​បាន​សហការគ្នា ផ្តួចផ្តើម ជម្រុញ​បង្កើតជា​តំបន់​អភិ​រក្សា​ពូជ​សត្វ​ស្លាប ពូជ​មច្ឆៈជាតិ និង​ជា​តំបន់​ទេសចរណ៍ធម្មជាតិ​មួយ​នេះ ដោយ​រៀបចំ​កន្លែង​អង្គុយលេង​កំសាន្ត ទី​និង​ផ្លូវ​ទស្សនា​សត្វ​ស្លាប មច្ឆៈជាតិ​ជាដើម​។

​រដ្ឋបាល​ឃុំ​ក៏​ចង់​ស្វែងរក​អង្គការ សមាគម​ឬ​ក្រុមហ៊ុន ឬ​ជា​ដៃគូ​ឯកជន​ដើម្បី​អភិវឌ្ឍ​តំបន់​នេះ ហើយ​រក​ផលប្រយោជន៍​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​សហគម​ដែរ ។​

​រដ្ឋបាល​ឃុំ តាមរយៈ​រដ្ឋបាល​ស្រុក ខេត្ត​និង​មន្ទីរ​បរិស្ថាន​ខេត្ត ក៏បាន​ដាក់​ទៅ​ក្រសួងបរិស្ថាន​ដើម្បី​ចុះ​ក្នុង​បញ្ជី​ជា​តំបន់​អភិរក្ស​សត្វ​ស្លាប​និង​មច្ឆៈជាតិ​វាល​រហាល​កែស​អា​វៀន ឃុំ​ឈ្នួ​រ​មានជ័យ ។​

​វាល​រហាល​នេះ (​រហាល មានន័យថា បឹង​នៅ​កណ្តាលវាល​ទឹក​ល្ហល្ហាច​) គឺ​តំបន់​នេះ​គេ​ចែកចេញជា​២ ៖​ទី​១ ជា​តំបន់​អភិរក្ស​ពូជ​ហ្វូង​មច្ឆា​ជាតិ មាន​ផ្ទៃដី​ចំនួន​០៥​ហិកតា ហៅថា​រហាល​កែស​។ ឬ​ជាទី​ប្រសព្វ​រវាង​ស្ទឹង​ក្រុង​សិរីសោភ័ណ​និង​ស្ទឹង​មង្គល​បូរី ហើយ​ក្លាយជា​ស្ទឹង​មង្គល​បូរី​តែមួយ​ឆ្ពោះទៅ​បឹង​ទន្លេសាប ។ និង​ទី​២ ដី​មានព្រៃ​លិច​ទឹក ដែល​ហ្វូង​សត្វ​ស្លាប​ចម្រុះ​កំពុងស្នាក់នៅ ទុំ​ពង​កូន និង​រក​ចំណី​យ៉ាងច្រើន​សន្ធឹកសន្ធាប់​នេះ គឺមាន​ផ្ទៃដី​ចំនួន​២៣​ហិកតា គេ​ឲ្យ​ឈ្មោះថា​អា​វៀន ។ អា​វៀន មកពី​កន្លែង​នេះ មានទឹក​ព័ទ្ធជុំវិញ​ព្រៃ​ក្រវិច​ក្រវៀន ហើយ​សព្វថ្ងៃ​គេ​ប្រសិទ្ធ​នាម​តំបន់​ទាំង​០២​នោះ​ថា​វាល​រហាល​កែស​អា​វៀន ។​

សូមបញ្ជាក់ថា ៣​ឆ្នាំ​កន្លងមកនេះ គឺមាន​សត្វ​ស្លាប​ច្រើន​ប្រភេទ​រាប់ម៉ឺន​ក្បាល​ដូចជា​ក្រៀល​ខ្យង ក្អែកទឹក ស្មោញ ទាព្រៃ ប្រវឹក ប្រ​វែក ខ្វែក លលក ទោម តាឡុ​ម មាន់ទឹក មាន់ទោ និង​សត្វ​ស្លាប​គោក​ជាច្រើន​ទៀត​។ ឯ​មច្ឆៈជាតិ​វិញ មានពូជ​ធម្មជាតិ​រប​ស់​ខ្មែរ និង​ពូជ​តំបន់​ត្រូពិច​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular