Home ព័ត៌មានអន្តរជាតិ ស្លាប់​៥​និង​...

ស្លាប់​៥​និង​របួស​ច្រើន​នាក់​ក្រោយ​បុរស​អាឡឺម៉ង់​ម្នាក់​បើកឡាន​បំបុក​ចូល​ហ្វូងមនុស្ស​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ ក្រុមមន្ត្រី​បាន​និយាយថា​បុរស​ម្នាក់​បាន​បើកបរ​រថយន្ត​ទេសចរណ៍​ក្នុង​ល្បឿន​លឿន​ឆ្លងកាត់​តំបន់​ថ្មើរជើង​មួយ​នៅ​ទីក្រុង​ទ្រា​នៅ​ភាគ​និរតី​ប្រទេស​អាឡឺម៉ង់​កាលពី​​ថ្ងៃ​អង្គារ​ទី​១​ធ្នូ ដោយ​សម្លាប់​មនុស្ស ៥ នាក់ ក្នុងនោះ​រួមមាន​ទាំង​ក្មេង​ប្រុស​អាយុ ៩ ខែ​ម្នាក់ និង បង្ក​របួស​ធ្ងន់​ជាង​១០​នាក់​។​

​ប៉ូលិស​ក្រុង​ទ្រា​និយាយថា អ្នកបើកបរ​រថយន្ត ជា​បុរស​ជនជាតិ​អាឡឺម៉ង់​អាយុ ៥១ ឆ្នាំ​កើត​នៅ​ទីក្រុង​ទ្រា ត្រូវបាន​ចាប់ខ្លួន​នៅ​កន្លែងកើតហេតុ ហើយ​រថយន្ត​នោះ​គឺ​លួច​គេ​។​

​លោក​រដ្ឋអាជ្ញា ភី​ត​ធឺ ហ្វ្រី​ត​ហ្សិ​ន ដែល​ដឹកនាំ​ការស៊ើបអង្កេត​នេះ និយាយថា ជនសង្ស័យ ដែល​ឈ្មោះ​មិន​ត្រូវ​បាន​បញ្ចេញ​អនុលោម​តាម​ច្បាប់​ស្ដីពី​សិទ្ធិ​ឯកជន​ភាព​របស់​អាឡឺម៉ង់​គឺ​គ្មាន​អាស័យដ្ឋាន​​ពិតប្រាកដ​ទេ និង​រស់នៅ​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​នៅក្នុង​រថយន្ត Land Rover ដែល​មិត្តភក្តិ​បាន​ឱ្យ​ខ្ចី ហើយ​គាត់​យក​វា​មក​ប្រើ​ក្នុង​ការវាយប្រហារ​នេះ​។

​លោក​ហ្វ្រី​ត​ហ្សិ​ន​និយាយថា ជនសង្ស័យ​ត្រូវបាន​ប៉ូលិស​សួរចម្លើយ​និង​ឆ្លងកាត់​ការ​ពិនិត្យ​សុខភាព​ផ្លូវចិត្ត ដោយ​បន្ថែម​ថា វេជ្ជបណ្ឌិត​បាន​ឈាន​ដល់​ការសន្និដ្ឋាន​បឋម​ថា បុរស​នេះ​អាច​មាន​ជំងឺផ្លូវចិត្ត​។​

​លោក​បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា “​យើង​មិន​មាន​ការ​ចង្អុលបង្ហាញ​ថា​មាន​ប្រភេទ​ចេតនា​ភេរវកម្ម នយោបាយ ឬ​សាសនា​ណា​មួយ ដែល​អាច​ដើរតួនាទី​ក្នុង​រឿង​នេះ​នោះ​ទេ​”​។​

​លោក​បាន​បន្ថែមថា ជនសង្ស័យ​ក៏​បាន​ប្រើប្រាស់​នូវ​បរិមាណ​ជាតិ​អាល់កុល​ហួស​កម្រិត​អនុញ្ញាត​របស់​ច្បាប់​ផង​ដែរ មុនពេល​កើតហេតុ​៕

​វត្តមាន​ប៉ូលិស​នៅ​កន្លែងកើតហេតុ ក្រោយ​ហេតុការណ៍​បើ​កបំ​បុក​ចូល​ហ្វូង​មនុស្ស​សម្លាប់​មនុស្ស​៥ របួស​ជាង​១០​នាក់

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular