ដោយ៖តារារិទ្ធ/ភ្នំពេញ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី២ធ្នូ ២០២០ នេះបានចេញសារអបអរសាទរថ្ងៃ ២ ធ្ពូ ឆ្នាំ២០២០ថា៖ គឺជាខួប៤២ឆ្នាំ នៃថ្ងៃកំណើតចលនារំដោះជាតិនិងជីវិតប្រជាពលរដ្ឋកម្ពុជាចេញពីរបបប្រល័យពូជសាសន៍។
នៅក្នុងសារបង្ហោះលើផេកសម្តេចថ្លែងថា៖«នៅថ្ងៃទី២ធ្នូ ២០២០ នេះបានចេញសារអបអរសាទរថ្ងៃ២ធ្ពូឆ្នាំ២០២០គឺជាខួប៤២ឆ្នាំនៃថ្ងៃកំណើតចលនារំដោះ ជាតិនិងជីវិតប្រជាពលរដ្ឋកម្ពុជាចេញពីរបបប្រល័យពូជសាសន៍។ រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាបានចាប់បដិសន្ធិឡើងនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ ១៩៧៨និង បានប្រកាសចេញសេចក្តីថ្លែងការណ៍ ១១ខ របស់ខ្លួននៅតំបន់រំដោះស្នួល ស្រុកស្នួលខេត្តក្រចេះ ។ រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាត្រូវបានកើតឡើងដោយ កម្លាំងមហាសាមគ្គីប្រជាជនទាំងមូលទាំងក្នុងនិងក្រៅប្រទេសដែលមានសម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ,សម្តេច អគ្គមហាបតីតេជោ ហ៊ុន សែន និងវីរជនស្នេហាជាតិជាច្រើមរូបទៀតក្នុងការរៀបចំកម្លាំងផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពតនិងទទួលបានជ័យជំនះលើ របបនេះនៅថ្ងៃទី៧ មករា ឆ្នាំ១៩៧៩»។
សម្តេចតេជោបានថា«រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា» បច្ចុប្បន្នត្រូវបានដូរឈ្មោះជា «រណសិរ្ស សាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា»ដែលជាអង្គការចាត់តាំង មហាជនមួយឈានមុខរបស់គណបក្សប្រជាជន កម្ពុជា បានបដិសន្ធិឡើងនៅក្នុងតំបន់រំដោះ នាភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្ដក្រចេះ ។ ឆ្លើយតបទៅនឹង ការអំពាវនាវរបស់រណសិរ្សប្រជាជនគ្រប់ទិសទីបានក្រោកឈររួបរួមគ្នាជាកម្លាំងមហាសាមគ្គីជាតិដោយបានទទួលការជួយឧបត្ថម្ភយ៉ាងធំធេងពីកងទ័ពស្ម័គ្រចិត្ដវៀត ណាម និងការគាំទ្រពីមិត្ដភក្ដិជិតឆ្ងាយលើសកលលោក ដើម្បីផ្ដួលរំលំរបបកម្ពុជាប្រជាធិបតេយ្យ រហូតដល់ទទួលបានជ័យជម្នះដ៏ត្រចះត្រចង់នាថ្ងៃ៧ មករា ឆ្នាំ១៩៧៩។ មហាជ័យជម្នះ៧មករា ១៩៧៩ បានបពា្ចប់នូវសម័យកាលដ៏ខ្មៅងងឹតបំផុត ដែលពុំធ្លាប់មាននៅក្នុងប្រវត្ដិសាស្ដ្រកម្ពុជា បានបើកឡើងនូវសករាជថ្មី ប្រជាជនកម្ពុជាយើងក៏បានទទួលមកវិញនូវសិទ្ធិសេរីភាព និងឱកាសដើម្បីស្ដារ កសាងមាតុភូមិរបស់ខ្លួនឡើងវិញ។ ប្រជាជនគ្រប់រូបសុទ្ធតែយល់ច្បាស់ថាបើគ្មាន ថ្ងៃកំណើតរណសិរ្ស ២ធ្នូ និងជ័យជំនះ ៧មករា ទេនោះ ក៏គ្មានអ្វីៗដូចថ្ងៃនេះដែរ «នេះគឺជាសច្ចធម៌ នៃប្រវត្ដិសាស្ដ្រ»៕