លោកឧត្តមសេនីយ៍ឯក ឆាយគឹមខឿន(រូបឯកសារ)
ដោយ:មុនីរ័ត្ន/ភ្នំពេញៈ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោកឧត្តមសេនីយ៍ឯក ឆាយគឹមខឿន បានបញ្ជាក់ប្រាប់រស្មីកម្ពុជាថា ទាក់ទងការប្រកាសវិលត្រឡប់មកកម្ពុជាវិញរបស់អតីតមន្ត្រីជាន់ខ្ពស់ នៃអតីត គណបក្សសង្រ្គោះជាតិនៅថ្ងៃទី៤ ខែមករា គឺសមត្ថកិច្ចនឹងអនុវត្តវិធានការច្បាប់ ។ ពោលគឺបើមានដីកាចាប់ ខ្លួនគឺចាប់បើមាននៃការនាំខ្លួនគឺនាំខ្លួន ហើយចំពោះអ្នកដែលមិនមានដីកាគឺសមត្ថកិច្ចមិនធ្វើអ្វីនោះទេ។
លោកឧត្តមសេនីយ៍ឯក បានបញ្ជាក់ទៀតថា សមត្ថកិច្ចបានត្រៀមលក្ខណៈសម្បត្តិអនុវត្តវិធានការច្បាប់ យ៉ាងម៉ឹងម៉ាត់បំផុត។អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់យ៉ាងដូច្នេះថា ” យើង អនុវត្តវិធានការច្បាប់ចំពោះអ្នកទាំងនោះ មកបើមានដីកាចាប់ចាប់ មានដីកានាំខ្លួននាំខ្លួន បើអត់ដីកាអត់ មានទៅធ្វើអីគេទេ។ តែជារួមយើងត្រៀមលក្ខណៈសម្បត្តិអនុវត្តវិធានការច្បាប់យ៉ាងម៉ឹងម៉ាត់ ” ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អតីតគណបក្សសង្គ្រោះជាតិ បានឲ្យដឹងថា កាលពីថ្ងៃទី២៧–២៨–២៩ ខែវិច្ឆិកា ឆ្នាំ២០២០ អតីតគណបក្សសង្គ្រោះជាតិ បានរៀបចំកិច្ចប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍ ក្រុមអ្នកតំណាងរាស្ត្រ និងថ្នាក់ដឹកនាំសាខា គណបក្សសង្គ្រោះជាតិ ក្រៅប្រទេសតាម ប្រព័ន្ធវីដេអូ (Video Conference) ដើម្បីពិភាក្សា និងវាយតម្លៃស្ថានការណ៍ នយោបាយបច្ចុប្បន្ន នៅប្រទេសកម្ពុជា ហើយនិង កំណត់កាលបរិច្ឆេទ និងរៀបចំដំណើរមាតុភូមិនិវត្តន៍ របស់ថ្នាក់ដឹកនាំ អតីតគណបក្ស សង្គ្រោះជាតិ នៅឆ្នាំ២០២១។
ជាលទ្ធផល អង្គប្រជុំបានឯកភាពគ្នា និងសម្រេច ដូចតទៅ៖–ថ្នាក់ដឹកនាំ និងសកម្មជនអតីតគណបក្សសង្គ្រោះជាតិ ដែលមានឈ្មោះក្នុងដីកាកោះរបស់តុលាការក្រុងភ្នំពេញ ហើយដែលកំពុងរស់នៅនិរទេសក្រៅប្រទេស ត្រូវវិលត្រឡប់ទៅកាន់ប្រទេសកម្ពុជាវិញ។
–លោកស្រី មូរ សុខហួរ នឹងដឹកនាំថ្នាក់ដឹកនាំ និង សកម្មជនគណបក្សសង្គ្រោះជាតិ ធ្វើមាតុភូមិនិវត្តន៍ទៅកាន់ប្រទេសកម្ពុជាវិញ នៅ ថ្ងៃទី ៤ ខែមករា ឆ្នាំ២០២១។
គួរបញ្ជាក់ថា នេះគឺជាការប្រកាសវិលចូលស្រុកជាលើកទី២ បន្ទាប់ពីការប្រកាសវិលចូលស្រុលលើកទី១ របស់លោកសម រង្ស៊ី កាលពីថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០១៩ ត្រូវបរាជ័យ។
មជ្ឈដ្ឋានទូទៅរង់ចាំមើលថា តើថ្នាក់ដឹកនាំ និងសកម្មជនអតីតគណបក្សសង្គ្រោះជាតិ ដែលមានឈ្មោះក្នុងដីកាកោះរបស់តុលាការក្រុងភ្នំពេញ ហើយដែលកំពុងរស់នៅនិរទេសក្រៅប្រទេស ក្លាហានហ៊ានវិលត្រឡប់មកប្រទេសកម្ពុជាវិញដែរឬទេ?៕សរន