ប្រែសម្រួល : កញ្ញាដាលីស ៖ កែវយឺតអវកាស Arecibo Observatory ដ៏ល្បីនៅប្រទេសព័រតូរីកូ ដែលធ្លាប់លេចឡើងនៅក្នុងខ្សែភាពយន្តជេមស៍ប៊ន បានដួលរលំកាលពីថ្ងៃអង្គារទី១ធ្នូនៅពេលបង្គោលទទួលរលកសញ្ញាទម្ងន់ ៩០០ តោនរបស់វា បានធ្លាក់ចុះពីកម្ពស់ ១៤០ ម៉ែត្រទៅលើថាសរលកវិទ្យុនៅខាងក្រោម។
ថ្មីៗនេះពួកវិស្វករបានព្រមានអំពីស្ថានយ៉ាប់យ៉ឺននៃសំណង់ដ៏ធំនេះ ហើយមូលនិធិវិទ្យាសាស្ត្រជាតិអាម៉េរិក (NSF) បានប្រកាសកាលពីខែមុនថា កែវយឹតនេះអាចនឹងត្រូវរុះរើ។
ខ្សែកាប្លិ៍ពីរក្នុងចំណោមខ្សែកាប្លិ៍ជាច្រើន ដែលទប់ដងបង្គោលទទួលរលកវិទ្យុនៅលើថាសរលកវិទ្យុដែលមានអង្កត់ផ្ចិត ៣០០ ម៉ែត្រ បានដាច់នៅឆ្នាំនេះ ហើយទីបំផុតវាក៏ដួលរលំនៅព្រឹកថ្ងៃអង្គារ។
រូបថតបានបង្ហាញពពកធូលីហុយឡើងលើមេឃនិងឧបករណ៍កែវយឹតសេសសល់បានរាយប៉ាយពាសពេញកន្លែងនោះ។
អ្នកនាំពាក្យរបស់ NSF លោក រ៉ប់ ម៉ាហ្គេតតា បានប្រាប់ទីភ្នាក់ងារសារព័ត៌មា AFP ថា “យើងអាចបញ្ជាក់ថា ដងបង្គោលបានធ្លាក់ចុះហើយយើងមិនមានរបាយការណ៍អំពីការរងរបួសនោះទេ”។
កែវយឹតនេះធ្លាប់ជាកែវយឹតធំបំផុតមួយនៅលើពិភពលោក និង ជាឧបករណ៍សម្រាប់របកគំហើញតារារូបវិទ្យាជាច្រើនចាប់តាំងពីទសវត្សរ៍១៩៦០ក៏ដូចជាល្បីល្បាញសម្រាប់ទំហំដ៏ធំនិងទីតាំងដ៏ស្រស់ស្អាតរបស់វា៕
កែវយឹត Arecibo Observatory រលំកាលពីថ្ងៃអង្គារនៅព័រតូរីកូ