ប្រែសម្រួល : កញ្ញាដាលីស ៖ ការិយាល័យមនុស្សធម៌អ.ស.បនិយាយថាសេចក្តីត្រូវការសម្រាប់ជំនួយមនុស្សធម៌បានកើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាននៅឆ្នាំនេះ ដោយសារតែជំងឺកូវីដ១៩ ដោយប៉ាន់ប្រមាណថា មនុស្សចំនួន ២៣៥ លាននាក់នឹងត្រូវការជំនួយក្នុងឆ្នាំ ២០២១ ។
ការលើកឡើងនេះកើតចេញពីលទ្ធផលនៃជំងឺរាតត្បាតកូវីដ១៩និងការប្រឈមជាសកល រួមមាន ជម្លោះ ការធ្វើចំណាកស្រុកដោយបង្ខំ និងផលប៉ះពាល់ពីការឡើងកម្តៅផែនដី។
ការិយាល័យសហប្រជាជាតិទទួលបន្ទុកកិច្ចការសម្របសម្រួលមនុស្សធម៌ (OCHA) រំពឹងថានឹងមានការកើនឡើង ៤០ ភាគរយនៃចំនួនមនុស្សដែលត្រូវការជំនួយមនុស្សធម៌ក្នុងឆ្នាំ ២០២១ធៀបទៅនឹងឆ្នាំនេះ។
OCHA បានធ្វើការប៉ាន់ស្មាននៅក្នុងសេចក្តីសង្ខេបស្តីពីមនុស្សធម៌សកលប្រចាំឆ្នាំចុងក្រោយរបស់ខ្លួននៅថ្ងៃអង្គារទី១ធ្នូ ដោយនិយាយថា ក្តីសង្ឃឹមរបស់ខ្លួនក្នុងការជួយដល់មនុស្ស ១៦០ លាននាក់ ដែលត្រូវការជំនួយចាំបាច់ នឹងត្រូវចំណាយអស់ ៣៥ ពាន់លានដុល្លារ។
ចំនួននេះគឺច្រើនជាងទ្វេដងនៃចំនួនកំណត់ត្រា ១៧ ពាន់លានដុល្លារ ដែលម្ចាស់ជំនួយបានផ្តល់សម្រាប់ការឆ្លើយតបផ្នែកមនុស្សធម៌អន្តរជាតិរហូតមកទល់ពេលនេះ។
ប្រធានការិយាល័យ OCHA លោក ម៉ាក ឡូវខុក និយាយថា”រូបភាពដែលយើងកំពុងគូសវាសនៅឆ្នាំនេះគឺជាទស្សនវិស័យក្រៀមក្រំបំផុតនិងខ្មៅងងឹតបំផុតលើតម្រូវការមនុស្សធម៌ដែលយើងធ្លាប់បានដាក់ចេញហើយនោះគឺព្រោះតែជំងឺរាតត្បាតបានសម្លាប់រង្គាលមនុស្សនៅពាសពេញប្រទេសដែលងាយរងគ្រោះនិងផុយស្រួយបំផុតនៅលើភពផែនដី។
“ជាលើកដំបូងចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៩០ ភាពក្រីក្រខ្លាំងនឹងកើនឡើង ការរំពឹងទុកនៃអាយុវែងនឹងថយចុះ ចំនួនអ្នកស្លាប់ប្រចាំឆ្នាំដោយសារជំងឺអេដស៍ ជំងឺរបេង និងជំងឺគ្រុនចាញ់នឹងកើនឡើងទ្វេដង។ យើងបារម្ភចំនួនមនុស្សប្រឈមទុរភិក្សនឹងកើនឡើងទ្វេដង”៕
មនុស្សចំនួន ២៣៥ លាននាក់នឹងត្រូវការជំនួយក្នុងឆ្នាំ ២០២១