ប្រែសម្រួល : កញ្ញាដាលីស ៖ វិស្វករវ័យក្មេងអេហ្ស៊ីបម្នាក់បានបង្កើតមនុស្សយន្តរ៉ូបូតបញ្ជាពីចម្ងាយដែលអាចស្ទង់កម្តៅរបស់អ្នកជំងឺ ធ្វើតេស្តិ៍រកកូវីដ១៩និងថែមទាំងចេះស្តីបន្ទោសដល់អ្នកដែលមិនពាក់ម៉ាស់ទៀតផង។
ជាមួយនឹងមុខមាត់ស្រដៀងមនុស្សនិងដៃយន្ត រ៉ូបូតឈ្មោះ Cira-03 មានសមត្ថភាពបូមឈាមនិងធ្វើតេស្តិ៍EKGs និងឆ្លុះកាំរស្មីអ៊ិច បន្ទាប់មកបង្ហាញលទ្ធផលតេស្តិ៍លើអេក្រង់នៅលើដើមទ្រូងរបស់វា។
រ៉ូបូតCira-03 ធ្វើតេស្តិ៍អ្នកជំងឺដើម្បីរកកូវីដ១៩ ដោយលើកចង្ការបស់ពួកគេ ហើយបន្ទាប់មកលូកសំឡីចូលមាត់។
ខណៈគោលបំណងគឺដើម្បីកាត់បន្ថយការប៉ះពាល់របស់បុគ្គលិកសុខាភិបាលជាមួយកូវីដ១៩ លោក អែល កូមី ក៏ចង់ធ្វើឱ្យអ្នកជំងឺធូរចិត្តផងដែរនៅក្នុងស្ថានភាពធ្វើតេស្តិ៍ដ៏លំបាក។
លោក អែល កូមី និយាយថា “ខ្ញុំព្យាយាមធ្វើឱ្យមនុស្សយន្តនេះមើលទៅមានមុខមាត់ដូចមនុស្សដើម្បីកុំឱ្យអ្នកជំងឺខ្លាច។ដូច្នេះពួកគេនឹងមិនមានអារម្មណ៍ដូចប្រអប់ជ្រុងកំពុងធ្វើអីៗលើរាងកាយពួកគេទេ”។
យោងតាមលោក អែល កូមី ការឆ្លើយតបពីអ្នកជំងឺគឺវិជ្ជមាន។
លោកបានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា “ពួកគេឃើញរ៉ូបូតពួកគេមិនខ្លាចទេ។ ផ្ទុយទៅវិញ ពួកគេជឿទុកចិត្តរ៉ូបូតជាង ពីព្រោះរ៉ូបូតមានភាពច្បាស់លាស់ជាងមនុស្ស”៕
រ៉ូបូត Cira-03 កំពុងបំពេញមុខងារធ្វើតេស្តិ៍រកកូវីដ១៩ជំនួសគ្រូពេទ្យនៅទីក្រុងតាន់តាប្រទេសអេហ្ស៊ីប