Home ព័ត៌មានជាតិ សន្តិសុខ ទើប​ចេញពី​ពន្...

ទើប​ចេញពី​ពន្ធនាគារ បាន ៩ ខែ ឥឡូវ ត្រឡប់​ទៅ​ដេក​គុក​វិញ

ដោយៈ ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ នគរបាល​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តបន្ទាយមានជ័យ បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់ និង​វត្ថុតាង ទៅ​សាលាដំបូង​ខេត្ត នៅ​រសៀល​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០២០ ដើម្បី​ចាត់ការ តាម​នីតិវិធី ក្រោយពេល​បុរស​ម្នាក់​នោះ បាន​ត្រូវ​ចាប់ខ្លួន ពាក់ព័ន្ធ​ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន នៅផ្ទះ​ជនសង្ស័យ ជាប់​របង​វត្ត​សមាធិ​ផល ស្ថិតនៅ​ភូមិ​៤ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ។​

​លោក​វរសេនីយ៍ទោ ស្រី សុខុម នាយការិយាល័យ នគរបាល​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថាៈ ជនសង្ស័យ ម្នាក់នេះ ឈ្មោះ សាញ់ សុខា អាយុ ៥២ ឆ្នាំ មាន​លំនៅ នៅក្នុង​ភូមិ ឃុំ ដែល​បាន​ត្រូវ​ចាប់ខ្លួន កាលពី​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០​។ បុរស​នេះ ជា​មុខសញ្ញា​ចាស់ ធ្លាប់​ជាប់ពន្ធនាគារ រយៈពេល ៥ ឆ្នាំ ពីបទ​ជួញដូរ​គ្រឿងញៀន ហើយ​ទើបបាន​រួច​ទោស ចេញពី​ពន្ធនាគារ បាន​រយៈពេល ៩​ខែ​កន្លងទៅនេះ​។
​លោក​វរសេនីយ៍ទោ ស្រី សុខុម បានឱ្យដឹងថាៈ នៅក្នុង​ការបង្ក្រាប​ករ​ណី​នេះ កម្លាំង​សមត្ថកិច្ច បាន​ឆែកឆេរ​លំនៅដ្ឋាន របស់​ជនសង្ស័យ ហើយ​បាន​រកឃើញ ថ្នាំ​ប្រភេទ​គ្រាប់ WY ចំនួន ៣២ គ្រាប់​, ម្សៅ​ក្រាម ពណ៌ ស ថ្លា ចំនួន ១៣ កូន​ថង់​តូច​, បំពង់​ជក់​១ , ដែកកេះ ៥ និង​សំបក​កូន​ថង់​ប្លា​ស្ទិ​ក​មួយចំនួន ។​

​ជនសង្ស័យ បាន​សារភាពថាៈ ខ្លួន​ពិតជា​បាន​រក្សាទុក ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក និង​ថ្នាំ​គ្រាប់​ពណ៌​ក្រហម ដែល​ទិញ​ក្នុងតម្លៃ ចំនួន ២០ ម៉ឺន​រៀល ហើយ​ខ្លួន​ក៏​ធ្លាប់ ជាប់ពន្ធនាគារ រយៈពេល ៥ ឆ្នាំ ពីបទ​ជួញដូរ​គ្រឿងញៀន ហើយ​ទើបតែ​ចេញពី​ពន្ធនាគារ បាន​រយៈពេល ៩ ខែ​មុន​ការចាប់ខ្លួន​នេះ ។ ប៉ុន្តែ​ដោយ​គ្មាន​មុខរបរ​អ្វី ងាយ​រកលុយ​បាន ដូច​ប្រថុយ​នឹង​លក់​គ្រឿង ទើប​ម៉ូយ​ចាស់ មក​ញុះញង់​អោយ​រកមុខ​របរ​ចាស់​ជាថ្មីទៀត​។​

​ជនសង្ស័យ បាន​សារភាព​ទៀតថាៈ បន្ទាប់ពី​ចេញពី​ពន្ធនាគារ ខ្លួន​តែង​ប្រើប្រាស់​ថ្នាំញៀន ប្រភេទ​ម៉ា​ទឹក​ក និង​ប្រភេទ​ថ្នាំ​គ្រាប់ ពណ៌​ក្រហម ដោយ​ប្រើ ២ ដង ក្នុង​១​ខែ ហើយ​ថ្នាំញៀន ដែល​ខ្លួន​ប្រើប្រាស់ គឺ​ទិញ​ពី​បុរស​ម្នាក់​ឈ្មោះ ហាប់ អាយុ​ប្រហែល ៣២ ឆ្នាំ​។​

​លោក​វរសេនីយ៍ទោ ស្រី សុខុម បានបញ្ជាក់​ថាៈ ដោយ​ផ្អែកលើ​ចម្លើយសារភាព និង​ឆែកឆេរ​ឃើញ​វត្ថុតាង ជនសង្ស័យ​ឈ្មោះ សាញ់ សុខា និង​វត្ថុតាង ត្រូវបាន​កម្លាំង​នគរបាល​ជំនាញ ប្រឆាំង​គ្រឿងញៀន​ខេត្ត រៀបចំ​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​ខេត្ត នៅ​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០២០ ៕/V​

ជនសង្ស័យ​ឈ្មោះ សាញ់ សុខា និង​វត្ថុតាង

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular