ប្រែសម្រួល : កញ្ញាដាលីស/ប៉េកាំង ៖ ទីភ្នាក់ងារអវកាសរបស់ចិនដែលមានគោលបំណងនាំយកមកផែនដីវិញនូវសំណាករបស់ព្រះចន្ទដំបូងបង្អស់ក្នុងរយៈពេលបួនទសវត្សរ៍ បាននិយាយថាយានស្រាវជ្រាវរបស់ចិនបានចុះចតលើផ្ទៃព្រះចន្ទកាលពីថ្ងៃអង្គារទី០១ធ្នូ។
ចិនបានចាក់បញ្ចូលលុយរាប់ពាន់លានទៅក្នុងកម្មវិធីអវកាសដែលគ្រប់គ្រងដោយយោធារបស់ខ្លួន ដោយសង្ឃឹមថានឹងមានស្ថានីយអវកាសមានមនុស្សនៅក្នុងឆ្នាំ ២០២២ហើយនៅទីបំផុតនឹងអាចបញ្ជូនមនុស្សទៅឋានព្រះចន្ទ។
គោលដៅចុងក្រោយនៃបេសកកម្មនេះគឺដើម្បីប្រមូលថ្មនិងដីពីព្រះចន្ទដើម្បីជួយអ្នកវិទ្យាសាស្ត្ររៀនសូត្រអំពីប្រភពដើម ការកកើត និង សកម្មភាពភ្នំភ្លើងនៅលើផ្ទៃរបស់ព្រះចន្ទ។
ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួបានរាយការណ៍ដោយដកស្រង់សម្តីរបស់រដ្ឋបាលអវកាសជាតិចិនយ៉ាងដូច្នេះថា យានអវកាស Chang’e-5 ដែលដាក់ឈ្មោះតាមទេវរូបព្រះចន្ទចិនក្នុងរឿងទេវកថា បានចុះចតនៅគែមផ្ទៃព្រះចន្ទកាលពីល្ងាចថ្ងៃអង្គារ។
ប្រសិនបើដំណើរវិលត្រឡប់វិញទទួលបានជោគជ័យ នោះចិននឹងក្លាយជាប្រទេសទី៣ ដែលបានទៅយកសំណាកពីព្រះចន្ទ បន្ទាប់ពីសហរដ្ឋអាម៉េរិកនិងសហភាពសូវៀតនៅទសវត្សរ៍ ១៩៦០ និង ១៩៧០ ។
បេសកកម្មនេះគឺជាការប៉ុនប៉ងលើកទីមួយដើម្បីនាំយកសំណាកពីព្រះចន្ទត្រឡប់មកផែនដីវិញចាប់តាំងពីយាន Luna 24 របស់សហភាពសូវៀតបានធ្វើដូច្នេះក្នុងឆ្នាំ ១៩៧៦ ។
ស៊ីនហួបាននិយាយថា យានស៊ើបអង្កេតរបស់ចិនបានចូលទៅក្នុងគន្លងព្រះចន្ទកាលពីថ្ងៃសៅរ៍ បន្ទាប់ពីការធ្វើដំណើររយៈពេល ១១២ ម៉ោងពីផែនដីបន្ទាប់ពីរ៉ុក្កែតមួយបានដឹកវាចូលទីអវកាសពីខេត្តហៃណានភាគខាងត្បូងប្រទេសចិនកាលពីសប្តាហ៍មុន៕
រូបគំនូរបង្ហាញយាន Chang’e-5 ចុះដល់ផ្ទៃព្រះចន្ទកាលពីថ្ងៃអង្គារ