ដោយៈ រ៉ាម៉ន / ភ្នំពេញៈ អាជ្ញាធរខណ្ឌសែន សុខ បានចុះអប់រំ ផ្សព្វផ្សាយ នៅក្នុងមូលដ្ឋានរបស់ខ្លួន ដូចជានៅតាមស្តុប ទីប្រជុំជន ផ្សារ តាមខ្នងផ្ទះ និងចែកម៉ាស ណែនាំមិនឲ្យមានការជួបជុំគ្នាច្រើន ធ្វើអនាម័យ តាមការណែនាំរបស់ ក្រសួងសុខាភិបាល ពីវិធីបង្ការ ទប់ស្កាត់ ការការពារ ការឆ្លងរីករាលដាល ជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានសង្កាត់ទាំង ៦ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០។
មន្ត្រីរដ្ឋបាលខណ្ឌសែនសុខ បានឱ្យដឹងថាៈ ការចុះអប់រំផ្សព្វផ្សាយ នៅតាមស្តុប ទីប្រជុំជន ផ្សារ តាមខ្នងផ្ទះ និងចែកជូនម៉ាស ដល់ប្រជាពលរដ្ឋនេះ អនុវត្តតាមការណែនាំ របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាពេលកន្លងមក។
គួរបញ្ជាក់ថាៈ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រគល់ម៉ាស់ក្រណាត់ ទាំង ២ លាននេះ បានប្រគល់ឱ្យ សាលារាជធានីភ្នំពេញ តាមរយៈរដ្ឋមន្ត្រីក្រសួងសុខាភិបាល ដើម្បីយកទៅជូន ប្រជាពលរដ្ឋក្រីក្រ ដែលមិនមានលទ្ធភាព ក្នុងការទិញម៉ាស យកមកប្រើប្រាស់ ខណៈដែលជំងឺកូវីដ-១៩ បាននិងកំពុងរាលដាល នៅក្នុងរាជធានីភ្នំពេញ ។ ម៉ាស់ទាំងនេះ អភិបាលរាជធានីភ្នំពេញ បានប្រគល់បន្តជូន ទៅខណ្ឌទាំង ១៤ និងផ្សារទាំងអស់ នៅក្នុងរាជធានីភ្នំពេញ និងប្រគល់ជូន កងរាជអាវុធហត្ថ រាជធានីភ្នំពេញ និងស្នងការរដ្ឋាននគរបាល រាជធានីភ្នំពេញ។
ដោយឡែក កាលពីយប់ថ្ងៃទី១ ខែធ្នូ នេះ សម្ដេចតេជោ ហ៊ុន សែន ផ្ដល់ម៉ាស់ក្រណាត់ ១លានម៉ាស់ទៀត ដល់រដ្ឋបាលរាជធានីភ្នំពេញ គិតមកដល់ពេលនេះ រដ្ឋបាលរាជធានីភ្នំពេញ បានទទួលម៉ាស់ក្រណាត់ ដែលជាអំណោយរបស់សម្ដេចតេជោ ចំនួន ៣ លានម៉ាស់ហើយ៕/V