ដោះលែង​អគ្គនាយក​ក្រុមហ៊ុន​ម្នាក់ ដែល​ជាប់​ពាក់ព័ន្ធ​ករណី​កំហែង​យកប្រាក់​ឲ្យ​មាន​សេរីភាព​វិញ​

1605
ចែករម្លែក

​ដោយ​: ស​រិ​ទ្ធ / ភ្នំពេញ​: អគ្គនាយក​ក្រុមហ៊ុន​ប្រតិបត្តិ​ករ​ឥណទាន​ប្រសិទ្ធ ដែល​ត្រូវ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បញ្ជូនមក​អយ្យការ​អម​សាលា ដំបូង​រាជធានី​ភ្នំពេញ ដើម្បី​សាកសួរ​ករណី​កំហែង​យកប្រាក់​ពី​ប្រជាពលរដ្ឋ​នោះ បាន​ត្រូវ​តុលាការ​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ កាលពី​ព្រលប់​ថ្ងៃទី​២០​ខែមេសា បន្ទាប់ពី​បាន​សាកសួរ​រួចហើយ​។​

​មន្ត្រីនគរបាល​ព្រហ្មទណ្ឌ បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ ទួន សុ​វណ្ណា ភេទ​ប្រុស មុខរបរ​អគ្គនាយក​ក្រុមហ៊ុន «​ប្រតិបត្តិ​ករ​ឥណទាន​ប្រសិទ្ធ​» មាន​ទីលំនៅ​ផ្ទះ​លេខ ៤៥​អេ​ហ្វ​១ ផ្លូវ​វត្ត​អង្គ​តា​មិញ ភូមិ​ប៉ប្រក​ខាងត្បូង សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​វេលា​ម៉ោង​១០៖៣០ ព្រឹក​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្លូវ​វេ​ង​ស្រេង​ម្តុំ​លូ​៥ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់លោក​រៀល សុ​ភិន ព្រះរាជអាជ្ញារង​អម​សាលា ដំបូង​រាជធានី​ភ្នំពេញ ។​

​គួរ​រំលឹក​ជូន​ថា កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០១៨ កន្លងទៅ លោក អ៊ុ សុភ​ក្តិ ជា​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​កោះហៅ ជនសង្ស័យ​ឈ្មោះ ទួន សុ​វណ្ណា និង​បក្ខពួក ប្រុស​ស្រី​ចំនួន​៣​នាក់​ទៀត​រួមមាន​៖ ឈ្មោះ ឡេង វឌ្ឍនៈ ភេទ​ប្រុស ទីលំនៅ​ផ្ទះ​លេខ​២១ ផ្លូវ​លេខ​ទី​០១ ភូមិ​ពោងពាយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​, ឈ្មោះ ជាម ច័ន្ទ​កេ​ណា ភេទ​ប្រុស ទីលំនៅ​ផ្ទះ​លេខ​៤៥​សេ ភូមិ​០១ សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន និង​ឈ្មោះ ទិ​ត សម្បត្តិ ភេទ​ស្រី ផ្ទះ​លេខ​១១​បេ ផ្លូវ​លូ​៥ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ឲ្យ​ចូល​បំភ្លឺ​ពាក់ព័ន្ធ កំហែង​យកប្រាក់ និង​គំរាមកំហែង​ប្តឹង​បរិហា​។​

​គួររំលឹកថា កាលពី​ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ​២០១៨ ស្ត្រី​ម្នាក់​វ័យ​៦១​ឆ្នាំ បានដាក់​ពាក្យ​ប្តឹង​ជនសង្ស័យ​ឈ្មោះ ទួន សុ​វណ្ណា និង​បក្ខពួក​ទាំង​៣​នាក់ ដោយបាន​បញ្ជាក់ថា កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៧ ក្រុម​ជនសង្ស័យ និង​បក្ខពួក​ទាំងនេះ បាននាំគ្នា​ទៅផ្ទះ​របស់លោក​ស្រី ដោយនិយាយ​ទៅកាន់​លោកស្រី​ថា ពួកគេ​ជា​អគ្គនាយក​របស់ ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ឈ្មោះ «​ប្រតិបត្តិ​ករ​ឥណទាន​ប្រសិទ្ធ​»​។​

នៅ​ថ្ងៃកើតហេតុ​នោះ ក្រុម​ជនសង្ស័យ​បាន​ប្រាប់​លោកស្រី​ថា កូនប្រុស​របស់លោក​ស្រី ឈ្មោះ ឡេង វិសិដ្ឋ បាន​ធ្វើជា​អ្នកធានា​ឲ្យ​កូនបំណុល​ឈ្មោះ ហេង ម៉េង​ហ៊​ត ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជា​ប្តី និង​ឈ្មោះ ច​ន ម៉ូ​លីន ភេទ​ស្រី អាយុ​៣៨​ឆ្នាំ ជា​ប្រពន្ធ និង​កូនបំណុល​ម្នាក់ទៀត​ឈ្មោះ ហេង ឡា​លីន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ដែល​បាន​ទៅ​ខ្ចីប្រាក់​ពី ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ «​ប្រតិបត្តិ​ករ​ឥណទាន​ប្រសិទ្ធ​» ចំនួន សរុប​១២៣,០០០​ដុល្លារ​។​

​ក្រុម​ជនសង្ស័យ បាន​បង្គាប់​ឱ្យ​ដើមបណ្តឹង​ដែលជា​ម្តាយ​របស់​ឈ្មោះ ឡេង វិសិដ្ឋ ជា​អ្នក​ជួយ​ធានា​បំណុល ឱ្យ​កូនបំណុល​៣​នាក់​ខាងលើ សង​ប្រាក់​ទាំងអស់ ទៅ​ស្ថាប័ន​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ «​ប្រតិបត្តិ​ករ​ឥណទាន​ប្រសិទ្ធ​» ជំនួស​កូនបំណុល និង​កូនប្រុស​របស់ខ្លួន បើ​មិន​ដូច្នោះ​ទេ ក្រុម​ជនសង្ស័យ នឹង​ប្តឹង​បរិហា ដើមបណ្តឹង និង​កូនប្រុស​ជាមិនខាន​។​
​ដោយសារតែ​ដើមបណ្តឹង​ជា​ម្តាយ​របស់​ឈ្មោះ ឡេង វិសិដ្ឋ ដែលជា​អ្នក​ជួយ​ធានា​បំណុល​ឲ្យ​អ្នកដទៃ មិនបាន​ដឹង​រឿង​អ្វី​សោះ ប៉ុន្តែ​ត្រូវ​ក្រុម​ជនសង្ស័យ​ទៅ គំរាមកំហែង និង​គំរាម​ប្តឹង បែបនេះ ទើប​ដើមបណ្តឹង​សម្រេចចិត្ត​ដាក់ពាក្យ​ប្តឹង ក្រុម​ជនសង្ស័យ​ទៅ​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ឲ្យ​ជួយ​រក​យុត្តិធម៌​ឱ្យ​តែម្តងទៅ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម