ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អ្នកនាំពាក្យ អគ្គស្នងការដ្ឋាន នគរបាលជាតិ បានប្រាប់រស្មីកម្ពុជាថាៈ គ្រោះថ្នាក់ចរាចរណ៍ រយៈពេល ២១៥ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែឧសភា ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ បានកើតឡើងចំនួន ១.៧៦៥ លើក ស្លាប់មនុស្ស ចំនួន ៨៩៣ នាក់ របួសចំនួន ២.៦៧១ នាក់ ក្នុងនោះរបួសធ្ងន់ ១.៦១២ នាក់។ សម្រាប់គ្រោះថ្នាក់ ចរាចរណ៍ នៅថ្ងៃទី១ ខែធ្នូ នេះ កើតឡើង ៧ លើក ស្លាប់ ៦នាក់ និងរបួស ៣ នាក់។
លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបន្តថាៈ សម្រាប់លទ្ធផលរឹតបន្តឹង ការអនុវត្តច្បាប់ ចរាចរណ៍ផ្លូវគោក តាមស្មារតីអនុក្រឹត្យ លេខ៣៩ រយៈពេល ២១៥ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែឧសភា ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ យានយន្ត ដែលត្រូវបានត្រួតពិនិត្យ និងផាកពិន័យ សរុបចំនួន ២២៨.៣៦០ គ្រឿង ក្នុងនោះម៉ូតូ មានចំនួន ១៦៨.៦៧៣ គ្រឿង និងរថយន្តមានចំនួន ៥៩.៦៨៧ គ្រឿង។
ប្រភពដដែល បានបញ្ជាក់ថាៈ បទល្មើសភាគច្រើន សម្រាប់ម៉ូតូ និងរថយន្ត គឺអត់ពាក់មួក សុវត្ថិភាព ល្មើសសញ្ញា បត់ជែង លើសចំណុះ ស្រវឹង អត់ផ្លាកលេខ ល្មើសល្បឿនអត់ប័ណ្ណ បើកបរ អត់ខ្សែក្រវាត់ គ្មានស្លាកលេខ និងនិយាយទូរស័ព្ទ នៅពេលបើកបរ៕PC