ប្រែសម្រួល : កញ្ញាដាលីស ៖ ស្រីលង្កាបានដោះលែងអ្នកទោសរាប់រយនាក់ហើយនិយាយថាខ្លួននឹងដោះលែងអ្នកទោសរាប់ពាន់នាក់បន្ថែមទៀត បន្ទាប់ពីកុបកម្មដែលបង្កឡើងដោយកំហឹងជុំវិញករណីឆ្លងវីរុសកូរ៉ូណានៅឯពន្ធនាគារដ៏ចង្អៀតមួយរបស់ខ្លួន បានបណ្តាលឱ្យអ្នកទោស៩ នាក់ស្លាប់និង ១១៣ នាក់រងរបួស។
ឆ្មាំគុកបានបើកការបាញ់ប្រហារនៅពន្ធនាគារម៉ាហារ៉ានៅក្រៅក្រុងកូឡុំបូកាលពីយប់ថ្ងៃអាទិត្យ (២៩ វិច្ឆិកា) បន្ទាប់ពីអ្នកទោសធ្វើបាតុកម្មទាមទារឱ្យមានការដោះលែងពួកគេដោយសារតែមានករណីឆ្លងវីរុសកូរ៉ូណាកើនឡើងនៅក្នុងពន្ធនាគារ។
ប្រធានាធិបតីហ្គោតាបាយ៉ា រ៉ាចាប៉ាស្កា កាលពីថ្ងៃអង្គារ បានផ្តល់ការលើកលែងទោសដល់អ្នកជាប់ពន្ធនាគារចំនួន ៦៣៧ នាក់នៅទូទាំងប្រទេស ហើយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក អាលី សាប្រ៊ីនិយាយថា រដ្ឋាភិបាលនឹងពន្លឿនការដោះលែងឱ្យនៅក្រៅឃុំបណ្តោះអាសន្នសម្រាប់អ្នកទោសរាប់ពាន់នាក់ទៀតដើម្បីបន្ធូរបន្ថយការណែនពេញពន្ធនាគារ។
ទន្ទឹមនឹងនេះលោក រ៉ាចាប៉ាស្កា បានបណ្តេញរដ្ឋមន្ត្រីក្រសួងកំណែទម្រង់ពន្ធនាគារលោកស្រី ស៊ូដាស៊ីនី ហ្វើណាន់ដូផូឡេ ហើយផ្ទេរលោកស្រីទៅក្រសួងថ្មីមួយ ដែលដោះស្រាយជាមួយជំងឺរាតត្បាត។
យោងតាមតួលេខផ្លូវការ ពន្ធនាគាររបស់ស្រីលង្កាមានអ្នកទោសជាង ៣០.០០០ នាក់ គឺលើសជិត ៣ ដងនៃសមត្ថភាពផ្ទុករបស់ខ្លួន ហើយប្រហែលជា ១.២០០ នាក់បានធ្វើតេស្តវិជ្ជមានកូវីដ១៩និងមានអ្នកស្លាប់ ២ នាក់៕
សាច់ញាតិអ្នកទោសសំពះមេប៉ូលិសក្រុងកូឡុំបូឱ្យជួយសម្រួលដោះលែងកូនចៅរបស់ពួកគេកាលពីថ្ងៃចន្ទ