Home ព័ត៌មានជាតិ សង្គម មន្ត្រី​ផ្នែក...

មន្ត្រី​ផ្នែក​ស្រាវជ្រាវ​សត្វព្រៃ ចុះ​តាមដាន និង​ប្រមូល​សំណាក លាមក​សត្វ​ដំរី ក្នុង​ដែនជម្រកសត្វព្រៃ ស្រែ​ពក​

​ដោយៈ ដេប៉ូ/មណ្ឌលគិរីៈ មន្ត្រីជាន់ខ្ពស់ នៃ​ក្រសួងបរិស្ថាន បាន​ថ្លែងថាៈ នាពេលនេះ មន្ត្រី​ឧ​ទ្យា​នុ​រក្ស របស់​មន្ទីរ​បរិស្ថាន ខេត្តមណ្ឌលគិរី កំពុង​សហការ​ជាមួយ​អ្នកជំនាញ​ផ្នែក ស្រាវជ្រាវ សត្វព្រៃ​របស់​អង្គការ WWF ដើម្បី​ស្រាវជ្រាវ នៅក្នុង​ដែនជម្រកសត្វព្រៃ ស្រែ​ពក ដោយ​តាមដាន ស្លាកស្នាម ដានជើង និង​ប្រមូល សំណាក​លាមក របស់​សត្វ​ដំរី ដើម្បី​កំណត់ អត្តសញ្ញាណ និង​ធ្វើ DNA របស់​វា​។​

​ថ្លែងប្រាប់​បណ្តាញសារព័ត៌មាន នា​រសៀល ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០២០ នេះ លោក នេត្រ ភក្ត្រា មន្ត្រី​នាំពាក្យ និង​ជា​រដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានឱ្យដឹងថាៈ ការចុះពិនិត្យ​ស្រាវជ្រាវ​នេះ បន្ទាប់ពី​គេ​បាន​ប្រទះឃើញ ហ្វូង​ដំរី​មួយក្រុម បាន​បន្លាស់​ទី ពី​ដែនជម្រកសត្វព្រៃ​មួយ​ទៅកាន់ ដែន​ជម្រក សត្វព្រៃ​មួយទៀត និង​ឆ្លងកាត់​តំបន់​របៀង អភិរក្ស​ជីវៈចម្រុះ​ក្នុងភូមិ​សាស្ត្រ ខេត្តមណ្ឌលគិរី កាលពី​ចុងខែ​វិច្ឆិកា ឆ្នាំ​២០២០ កន្លងមក​។​

​លោក​រដ្ឋលេខាធិការ បានឱ្យដឹង​បន្ថែមថាៈ នៅ​តំបន់​ភូមិភាគ​ឦសាន​ពិសេស​ស្ថិតនៅ​ខេត្ត មណ្ឌលគិរី និង រតនគិរី ត្រូវគេ​ជឿជាក់ថា មាន​វត្តមាន​សត្វ​ដំរី ប្រមាណ​ជាង ១០០ ក្បាល​។​

​ជាមួយគ្នានេះ លោក នេត្រ ភក្ត្រា បាន​ថ្លែងថាៈ កាលពី​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០ ក្រុម​ឧ​ទ្យា​នុ​រក្ស នៅ​ដែនជម្រកសត្វព្រៃ កែវ​សីមា ក៏បាន​ចុះ​ល្បាត ប្រទះឃើញ ដានជើង​សត្វ​ដំរី ជា​ប្រភេទ​ដំរី (​ស្មួ​ល​) ជា​ដំរី​ឈ្មោល មិនមាន​ភ្លុក វា​ចូលចិត្ត​នៅតែ​ឯង ហើយ​នៅពេល​ព្រឹក មន្ត្រី​ឧ​ទ្យា​នុ​រក្ស ឃើញ​វា នៅតែ​ឯង នៅក្បែរ​មាត់​អូរ​ប៉ា​ម ដែលមាន​ទំហំ​ជើង ២ ច​ង្អា​ម ជាង នៅ​ភូមិសាស្ត្រ​អូរ​ប៉ា ក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា ភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​ផងដែរ​។​

​លោក​រដ្ឋលេខាធិការ បាន​មានប្រសាសន៍ថាៈ រាជរដ្ឋាភិបាល ក៏ដូចជា ក្រសួងបរិស្ថាន​មាន​ជំនឿ ទុកចិត្ត ទៅលើ​ការអភិរក្ស និង​កិច្ចការពារ ធនធានធម្មជាតិ របស់​យើង ដោយ​ក្នុង​រយៈពេល ១០ ឆ្នាំ​ចុង​ក្រោយនេះ យើង​បាន​ថែរក្សា ជម្រក​សត្វព្រៃ​បានល្អ ហើយ​តាមរយៈ​នេះ​យើង​នឹង​ខិតខំ ថែរក្សា​ជម្រក ដែលជា​ធនធានធម្មជាតិ របស់​សត្វព្រៃ​បន្ថែមទៀត នៅក្នុង​ប្រទេស​កម្ពុជា របស់​យើង​។ ជាពិសេស​តាមរយៈ​ការខិតខំ​ថែរក្សា ការពារ​នេះដែរ គេ​ឃើញថា​សត្វ​កម្រ​បំផុត ក្នុង​លោក គេ​ឃើញ​មាន​វត្តមាន នៅ​ប្រទេស​កម្ពុជា ក្នុងនេះ​ដូចជា ស្វា​កន្ទុយ​ស ទោច​ថ្ពាល់​លឿង ស្វា​ត្រុ​ស ស្វា​ក្តាម ក្ងោក ត្មាត ត្រ​យ៉ង​យក្ស​ទាព្រៃ​ស្លាប ស ដែល​ទទួល​ការគំរាមកំហែង និង​ជិត​ផុត​ពូជ ក្នុង​ពិភពលោក គេ​ឃើញ​មាន​វត្តមាន នៅក្នុង​ប្រទេស​កម្ពុជា របស់​យើង​។​

​លោក​បាន​មានប្រសាសន៍ថាៈ ក្នុងចំណោម​សត្វ​ទាំងនេះ គេ​ឃើញ​មួយចំនួន មាន​ចំនួន​ថេរ និង​មួយចំនួនទៀត មានការ​កើនឡើង​។ ទាំងនេះ​បង្ហាញ​ពី​ប្រសិទ្ធភាព ការអនុវត្ត​ច្បាប់ ភាពម៉ឺងម៉ាត់ អនុវត្ត​ការងារ ទៅលើ​ការបង្ក្រាប​បទល្មើស ការបង្ក្រាប​ការជួញដូរ​សត្វព្រៃ ជាដើម​។ ជាមួយគ្នានេះ ក្នុង​មួយឆ្នាំៗ មន្ត្រី​ពាក់ព័ន្ធ បាន​ដកហូត​អន្ទាក់ កាំភ្លើង​កែច្នៃ​ជាច្រើន​នាពេល កន្លងមក​។ ទន្ទឹមនឹងនេះ ក្រសួងបរិស្ថាន នឹង​ខិតខំ​ផ្សព្វផ្សាយ ក៏ដូចជា​អប់រំ​ប្រជាពលរដ្ឋ រស់នៅ​តំបន់​ទាំងនេះ នាំគ្នា​ចូលរួម​អភិរក្ស ធនធានធម្មជាតិ ក៏ដូចជា សត្វព្រៃ ឱ្យបាន​យូរអង្វែង ត​ទៅមុខទៀត​។​

​គួរ​បញ្ជាក់ថា កាលពី​ថ្មីៗ កន្លងមកនេះ បើតាម លោក នេត្រ ភក្ត្រា បានឱ្យដឹង​ដែរ​ថាៈ នៅក្នុង រយៈពេល​ជាង ១០ ឆ្នាំ ចុងក្រោយ​នេះ កម្រិត​នៃ​បទល្មើស​បរបាញ់ សម្លាប់សត្វ​ដំរីព្រៃ ដើម្បី​យក​ភ្លុក និង​កន្ទុយ ដើម្បី​ប្រើប្រាស់ តាម​ជំនឿ​ពី​បុរាណ​មក នៅ​កម្ពុជា មានការ​ធ្លាក់ចុះ យ៉ាងខ្លាំង ស្ទើរតែ​គ្មាន ដោយសារតែ​ការអនុវត្ត ច្បាប់​តឹងរឹង​។​

​បើតាម​ការ​ថ្លែង​ឱ្យដឹង របស់​រដ្ឋលេខាធិការ ក្រសួងបរិស្ថាន នៅក្នុង​ប្រទេស​កម្ពុជា បច្ចុប្បន្ននេះ ដំរី​អាស៊ី មាន​ចំនួន​ប្រមាណ ចន្លោះ​ពី ៤០០ ទៅ ៦០០ ក្បាល ដែល​ភាគច្រើន រស់នៅក្នុង​តំបន់ ជួរ​ភ្នំក្រវាញ តំបន់​ខ្ពង់រាប ខាងជើង​ទន្លេសាប និង​តំបន់​ខ្ពង់រាប ភាគ​ខាងកើត ក្នុង​ខេត្តមណ្ឌលគិរី ដែលជា​តំបន់​ជីវៈចម្រុះ ដ៏​សំបូរបែប ប្រព័ន្ធ​អេកូ​ទ្បូ​ស៊ី និង​មាន​ទី​ជម្រាល អំណោយផល ដល់​ការរស់នៅ របស់​សត្វ​ដំរី និង​សត្វព្រៃ​ផ្សេងៗ​ទៀត​។ ចំណែក​ដំរី​ស្រុក ត្រូវបាន​ប៉ាន់​ស្មានថា មាន​ចំនួន ៧១ ក្បាល​។​

​លោក នេត្រ ភក្ត្រា បាន​គូសបញ្ជាក់ថាៈ ដំរី​អាស៊ី កំពុងតែ​ទទួលរង​ការគំរាមកំហែង​ធ្ងន់ធ្ងរ នៅ​ទូទាំង​ដែន​ជម្រក​របស់​វា នៅលើ​សកលលោក ហើយ​ត្រូវបាន ចាត់បញ្ចូល​ជា​ប្រភេទ​ជិត ផុត​ពូជ នៅក្នុង​បញ្ជី​ក្រហម របស់​អង្គការ​សហភាព​អន្ដរជាតិ ដើម្បី​ការអភិរក្ស​ធម្មជាតិ (IUCN)​។ ការ​រិច​រិល​ទីជម្រក បានធ្វើឱ្យ ដំរី​អាស៊ី រស់នៅ​បែកខ្ញែក​ពីគ្នា និង​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​ស្ថិរភាព យូរអង្វែង របស់​ប្រភេទ​ដ៏​សំខាន់​នេះ​។ លោក​បាន​បន្តទៀតថាៈ យោងតាម​របាយការណ៍ សិក្សា នៅក្នុង​តំបន់​ជួរ​ភ្នំក្រវាញ មិនមាន​របាយការណ៍ ណាមួយ ស្តីពី​ឧបទ្ទវហេតុ នៃ​ការ​បរបាញ់​សត្វ​ដំរី ខុសច្បាប់ តាំងពី​ឆ្នាំ​២០០៣ មកម្ល៉េះ​។

​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បានលើកឡើង​ថាៈ ចំណែក​នៅក្នុង​តំបន់​ទេសភាព ភាគ​ខាងកើត មានការ​កត់សម្គាល់ថា មាន​ដំរី​ស្លាប់ ចំនួន ៨ ក្បាល ក្នុងនោះ​មាន​ទាំង​កូនដំរី និង​ដំរី​ធំ​ដែល ករណី​ដំរី​ធំ​ស្លាប់ ត្រូវបាន​សង្ស័យថា មានការ​ពាក់ព័ន្ធ​នឹង​ការ​បរបាញ់​។ កាលពីដើមឆ្នាំ​២០១៩ សត្វ​ដំរីព្រៃ វ័យ​ចំណាស់​មួយ​ក្បាល ត្រូវបាន​ប្រទះឃើញ​ស្លាប់ ដោយ​ត្រូវគេ​បាញ់​ងាប់​នឹង​គ្រាប់ កាំភ្លើង​កែច្នៃ នៅ​ចំណុច​ចម្ការ​ស្វាយចន្ទី របស់​ប្រជាពលរដ្ឋ នៅក្បែរ​ដែន​ជម្រក សត្វព្រៃ​កែ​សីមា ស្ថិតក្នុង​ខេត្តមណ្ឌលគិរី ហើយ​ភ្លុក​និ ង​កន្ទុយ​របស់​វា ត្រូវបាន​គេ​លួច​កាត់ យកទៅ​បាត់​។ នៅ​ឆ្នាំ​២០២០​នេះ កូនដំរី​ព្រៃ ចំនួន ២ ក្បាល បាន​រកឃើញ​ស្លាប់ នៅក្នុង​ខេត្តមណ្ឌលគិរី ក្នុងនោះ ១ លង់ទឹក​ស្លាប់ ដោយសារ​ជើង ជាប់​នឹង​ល្បាក់​ថ្ម និង​មួយទៀត កើតមក​មិនមាន​សុខភាព​ល្អ បាន​ស្លាប់​ទៅវិញ ក្រោយ​ក្រុមមន្ត្រី​ជួយសង្គ្រោះ​៕​PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular