ដោយ: បូកគោ / កំពត: រថយន្តក្រឡុកស៊ីម៉ងត៍មួយគ្រឿង បានខូចខាតផ្នែកខាងមុខយ៉ាងដំណំ ដោយសារអ្នកបើកបរខ្វះការប្រុងប្រយ័ត្នរហូតជ្រុលបុករថភ្លើងពេញទំហឹង កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ នៅភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា កាលពីវេលាម៉ោង២ និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២ខែធ្នូ មានរថយន្តសណ្តោងពោងក្រឡុកស៊ីម៉ងតិ៍មួយគ្រឿង បានបុកក្បាលរថភ្លើងកំពុងរត់ឆ្លងកាត់ពីមុខ ត្រង់ចំណុចខ្វែងរវាងផ្លូវលេខ៧៣៥ និងផ្លូវរថភ្លើងកំពត-ព្រះសីហនុ បណ្តាលឲ្យផ្នែកខាងមុខនៃរថយន្តនោះខូចខាតយ៉ាងដំណំ។ ចំណែករថភ្លើងខូចខាតក្នុងកម្រិតស្រាល។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា អ្នកបើកបររថយន្តបង្កឈ្មោះ យូ លក្ខិណា ភេទប្រុស អាយុ ២៥ឆ្នាំ ស្នាក់នៅភូមិកំពង់បាយខាងត្បូង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត។ ទោះបីមិនមាននរណាម្នាក់រងគ្រោះថ្នាក់ក្តី តែនេះជាការធ្វេសប្រហែសពីអ្នកបើកបរថយន្តទើបបណ្តាលឲ្យកើតករណីគ្រោះថ្នាក់ដ៏រន្ធត់នោះ៕