Home ព័ត៌មានជាតិ សង្គម អគ្គស្នងការ​ន...

អគ្គស្នងការ​នគរបាល​ជាតិ​បញ្ជា​ឲ្យ​ផ្អាក​ការផាកពិន័យ​អ្នក​ល្មើសច្បាប់​ចរាចរណ៍​នៅ​ភ្នំពេញ​និង​សៀមរាប​

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: អគ្គស្នងការ​នគរបាល​ជាតិ នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន បាន​បញ្ជា​ឲ្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ការត្រួតពិនិត្យ​ផាកពិន័យ​ការអនុវត្ត​ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​ការត្រួតពិនិត្យ​គ្រឿង​ស្រវឹង​នៅពេល​យប់ ចាប់ពី​ថ្ងៃទី​១ រហូត​ទៅដល់​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០២០ តទៅ​។

​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន បាន​មានប្រសាសន៍ថា ការផ្អាក​ការផាកពិន័យ​អ្នក​ល្មើសច្បាប់​ចរាចរណ៍ គឺ​នៅ​រាជធានី និង​ខេត្តសៀមរាប ដោយសារតែ​ឥទ្ធិពល​ជំងឺ​កូ​វីដ​១៩ និង​ជាការ​ព្រួយបារម្ភ​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ជា​លើកដំបូង​នៅ​កម្ពុជា​ក្នុង​ការឆ្លង​ចូល​សហគមន៍ គឺ​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន ចេញ​បទបញ្ជា​ឲ្យ​ផ្អាក​ជា​បណ្តោះអាសន្ន​នៅ​ការត្រួតពិនិត្យ​ផាកពិន័យ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក តែ​សមត្ថកិច្ច​នៅតែ​សម្រួល​លំហូរ​ចរាចរណ៍​ដដែល​។

​ការផាកពិន័យ​អ្នក​ល្មើសច្បាប់​ចរាចរណ៍​ក្នុង​រាជធានី​និង​ខេត្តសៀមរាប ត្រូវបាន​ផ្អាក​ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា និង​រង់ចាំ​រហូតដល់​ព្រឹត្តិការណ៍​ឆ្លង​កូ​វីដ​១៩ ក្នុង​សហគមន៍ ត្រូវ​បិទ​បញ្ចប់​។
​យោងតាម​សារ​សំឡេង​មួយ​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​ជា​អគ្គ​ស្នងការរង​នគរបាលជាតិ បានបញ្ជាក់​ប្រាប់​នគរ​បាល​ក្រោម​ឳ​វាទ​ថា ក្នុង​រយៈពេល​១៥​ថ្ងៃនេះ ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០២០ ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ត្រូវធ្វើ​ការផ្អាក​ការផាកពិន័យ​បណ្ដោះអាសន្ន​សិន ប៉ុន្ដែ​មន្ដ្រីនគរបាល​ចរាចរ​ណ៍​ទាំងអស់ ត្រូវ​ប្រចាំការ នៅ​គោលដៅ​ដដែល ដើម្បី​ជួយ​សម្រួល​ចរាចរណ៍​ជូន​ប្រជាពលរដ្ឋ​៕​សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular