ដោយៈ អ៊ុន សុដាវី អ្នកសរសេរទស្សនាវដ្តីស្វែងរកការពិត/ភ្នំពេញៈម៉ោងប្រហែល៩យប់ នៅពេលដែលខ្ញុំកំពុងតែដេកក្បែរប្តីនិងកូនរបស់ខ្ញុំនៅក្នុងខ្ទម ស្រាប់តែ ឮសូរសំឡេងជើងរបស់មនុស្ស បានដើរសំដៅចូលមករកខ្ទមរបស់ខ្ញុំ។ ភ្លាមៗនោះ ខ្ញុំបានឮសូរសំឡេងស្រែកហៅពីខាងមុខមាត់ទ្វារខ្ទមរបស់ខ្ញុំថា «អង្គការឲ្យមកហៅបងនួនទៅរៀនសូត្រ»។ ខ្ញុំស្គាល់ថានោះគឺជាសំឡេងពូថ្លៃរបស់ខ្ញុំ។ មិនបង្អង់យូរ ខ្ញុំក៏ស្រែកសួរពីក្នុងខ្ទមរបស់ខ្ញុំទៅវិញថា «តើអង្គការឲ្យគាត់ទៅរៀនសូត្រនៅឯណាដែរពូ»? គាត់បាននិយាយតបមកខ្ញុំវិញដោយកំបុតៗថា «មិនដឹងយកទៅរៀនសូត្រនៅឯណាទេ»? ខ្ញុំក៏ប្រាប់ទៅគាត់វិញថា «គាត់សម្រាន្តលក់ហើយ»។
សួស ឌឹម ហៅ កុត នួន គឺជាប្តីរបស់ខ្ញុំ។ គាត់មានស្រុកកំណើតនៅក្នុងភូមិធ្នង់រលើង ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។ បងនួន រស់នៅនិងសិក្សានៅក្នុងភូមិ ហើយក្រោយមកគាត់បានចាកចេញពីស្រុកកំណើតដើម្បីទៅធ្វើការងារនៅខេត្តកំពង់ឆ្នាំង, កំពង់ស្ពឺ និងក្រោយមកនៅទីក្រុងភ្នំពេញ។ នៅក្នុងសម័យសង្គមរាស្ត្រនិយម បងនួន ធ្វើជាប៉ូលីស ហើយនៅក្នុងរបប លន់ នល់ គាត់បានផ្លាស់ប្តូរមកធ្វើជាពេទ្យទាហានវិញ។
ជូ គីមឡន អាយុ៦៩ មានមុខរបរធ្វើស្រែចម្ការ(រូបថតអ៊ុន សុដាវី មជ្ឈមណ្ឌលឯកសារកម្ពុជា)
ខ្ញុំឈ្មោះ ជូ គីមឡន អាយុ៦៩ មានមុខរបរធ្វើស្រែចម្ការ។ ខ្ញុំមានស្រុកកំណើតនៅក្នុងភូមិធ្នង់រលើង ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។ ខ្ញុំគឺជាកូនទី៧ក្នុងចំណោមបងប្អូន១០នាក់។ ឪពុករបស់ខ្ញុំឈ្មោះ ជូ ទឹម និងម្តាយរបស់ខ្ញុំឈ្មោះ ប៉ាន់ លឹម។ ចាប់ពីឆ្នាំ១៩៧១មក នៅក្នុងឃុំលាយបូរ ជារឿយៗមានការប្រយុទ្ធគ្នារវាងទាហាន លន់ នល់ និងកងទ័ពខ្មែរក្រហម។ ការប្រយុទ្ធគ្នានេះ បានធ្វើឲ្យផ្ទះសម្បែងរបស់ប្រជាជនជាច្រើន ឆាបឆេះខ្ទេចខ្ទីគ្មានសល់ដោយសារតែគ្រាប់ផ្លោងធ្លាក់ចំ។ បងប្រុសរបស់ខ្ញុំឈ្មោះ ជូ តេង ដែលជាទាហានបម្រើដល់របស់រដ្ឋាភិបាល លន់ នល់ បានដឹងអំពីហេតុការណ៍ខ្លះៗនៃការចាប់ផ្តើមសង្គ្រាមនេះ។ គាត់ បានដឹងថាសភាពការណ៍នៃការប្រយុទ្ធគ្នារវាងទាហានលន់នល់ និងកងទ័ពខ្មែរក្រហម គឺមិនងាយស្រាកស្រាន្តឡើយ ហើយក៏បានប្រាប់ខ្ញុំ និងក្រុមគ្រួសារចាកចេញពីស្រុកកំណើតទៅរស់នៅក្នុងទីក្រុងភ្នំពេញបណ្តោះអាសន្នមួយរយៈពេលសិន។ បងតេង បានស្នើសុំឧទ្ធម្ភាគចក្រ ដែលដឹកស្បៀងអាហារពីភ្នំពេញដើម្បីផ្គត់ផ្គង់ដល់ទាហាន លន់ នល់ នៅក្នុងខេត្តតាកែវ ឲ្យក្រុមគ្រួសាររបស់ខ្ញុំធ្វើដំណើរមកកាន់ទីក្រុងភ្នំពេញ។ ខ្ញុំនិងម្តាយ បានចាកចេញទៅភ្នំពេញមុនឪពុកនិងប្អូនប្រុសរបស់ខ្ញុំ ព្រោះឧទ្ធម្ភាគចក្រនោះមិនអាចជិះបានគ្នាច្រើនឡើយ។ រំលងបានប្រហែល៣ថ្ងៃ ឪពុកនិងប្អូនប្រុសរបស់ខ្ញុំ បានធ្វើដំណើរមកភ្នំពេញដែរ។ នៅក្នុងទីក្រុងភ្នំពេញ ខ្ញុំនិងក្រុមគ្រួសារ បានសុំផ្ទះបងស្រីរបស់ខ្ញុំឈ្មោះជូ សារឿន ដើម្បីស្នាក់នៅបណ្តោះអាសន្នសិន។ ផ្ទះរបស់គាត់ស្ថិតនៅម្តុំសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងបច្ចុប្បន្ន។ គ្រួសារយើងគឺជាគ្រួសារធំ។ បងសារឿនមានកូនចំនួន៤នាក់។ គាត់មិនប្រកបមុខរបរអ្វីនោះទេ។ បងសារឿន ស្នាក់នៅផ្ទះដើម្បីមើលថែរក្សាកូនៗរបស់គាត់។ ចំណែកឯបងថ្លៃរបស់ខ្ញុំវិញ គឺជាគយ។ បងថ្លៃរបស់ខ្ញុំគឺជាអ្នករកចំណូលដើម្បីផ្គត់ផ្គង់ដល់ក្រុមគ្រួសារ។ រស់នៅក្នុងទីក្រុងភ្នំពេញ ខ្ញុំនៅតែផ្ទះជួយដាំបាយធ្វើម្ហូបនិងកិច្ចការផ្ទះផ្សេងៗទៀត។ ចំណែកឯ ឪពុកម្តាយរបស់ខ្ញុំចាស់ជរា មិនអាចជួយការងារអ្វីបានច្រើននោះទេ។
ជូ គីមឡន អាយុ៦៩ មានមុខរបរធ្វើស្រែចម្ការ(រូបថតអ៊ុន សុដាវី មជ្ឈមណ្ឌលឯកសារកម្ពុជា)
នៅក្នុងឆ្នាំ១៩៧១ ដដែល ខ្ញុំបានរៀបការជាមួយប្តីរបស់ខ្ញុំ។ ប្តីរបស់ខ្ញុំធ្លាប់បានរៀបការម្តងរួចមកហើយ។ លុះប្រពន្ធរបស់គាត់ ឈឺស្លាប់ ចាស់ទុំក៏បានផ្សំផ្គុំឲ្យខ្ញុំនិងប្តីរបស់ខ្ញុំរៀបការជាមួយគ្នា។ ពិធីរៀបការរបស់ខ្ញុំ បានធ្វើឡើងនៅផ្ទះបងសារឿន។យើងរៀបការមួយព្រឹក ដោយមានប្រគំភ្លេងការរណ្តំរងំ។ យើងមិនអញ្ជើញភ្ញៀវមកចូលរួមច្រើនកុះករនោះទេ។ យើងអញ្ជើញតែសាច់ញាតិទាំងសងខាងមកចូលរួមតែប៉ុណ្ណោះ។ បន្ទាប់ពីរៀបការរួច ខ្ញុំនិងក្រុមគ្រួសារ បានផ្លាស់ទៅរស់នៅផ្ទះប្តីរបស់ខ្ញុំនៅឯម្តុំផ្សារដេប៉ូវិញ។ យើងរៀបការមិនដល់១ឆ្នាំផង ខ្ញុំក៏មានផ្ទៃពោះកូនដំបូង។ នៅក្នុងឆ្នាំ១៩៧៤ ខ្ញុំបានបង្កើតកូនស្រីម្នាក់ ហើយយើងដាក់ឈ្មោះឲ្យវាថា ស្រីពៅ។
នៅខែមេសា ឆ្នាំ១៩៧៥ នៅពេលដែលខ្ញុំកំពុងតែដាំបាយ ស្រាប់តែខ្ញុំឮសូរក្បួនរថយន្តចូលមកក្នុងទីក្រុងភ្នំពេញ ហើយឮសូរមនុស្សស្រែកប្រកាសតាមផ្លូវថា «ជ័យយោ! ជ័យយោ! រណសិរ្សសាមគ្គីសង្គ្រោះជាតិឈ្នះហើយ! បងប្អូនទាំងអស់គ្នាឆាប់ចាកចេញពីទីក្រុងភ្នំពេញទៅ ហើយ៣ថ្ងៃក្រោយមកចាំវិលត្រឡប់មកវិញ»។ ក្រុមខ្មែរក្រហម បានស្រែកឃោសនាទ្រហឹងអឺងកងពាសពេញទីក្រុងភ្នំពេញ។ មិនតែប៉ុណ្ណោះ ក្រុមខ្មែរក្រហមទាំងអស់នោះ បានស្រែកប្រកាសតាមឧបករណ៍បំពងសំឡេងឲ្យប្រជាពលរដ្ឋនៅក្នុងទីក្រុងភ្នំពេញទាំងអស់រៀបចំបង្វេចដើម្បីចាកចេញពីទីក្រុងភ្នំពេញភ្លាមៗ ដោយយកតែឆ្នាំងបាយ និងអង្ករសម្រាប់ហូបតាមផ្លូវប្រហែលរយៈពេល៣ថ្ងៃបានហើយ។ ខ្ញុំដាំបាយរួចនិងមិនទាន់បានហូបផងក៏ប្រញាប់រៀបចំអីវ៉ាន់ចាកចេញតាមការឃោសនា។ ខ្ញុំ, ប្តី, កូន, ម្តាយឪពុក និងប្អូនប្រុសរបស់ខ្ញុំ បាននាំគ្នាប្រមូលចានឆ្នាំង និងបាយដែលដាំរួចនោះ ខ្ចប់យកមកទុកហូបនៅតាមផ្លូវ។
យើងមិនបានប្រមូលសម្ភារល្អៗយកជាប់ទៅជាមួយនោះទេ។ យើងបានចាក់សោទុកសម្ភារល្អៗនៅក្នុងផ្ទះទាំងអស់។ ប្អូនរបស់ខ្ញុំ មានកង់១ដាក់ឥវ៉ាន់។ ចំណែកឯខ្ញុំនិងប្តី មានឡានចាស់មួយគ្រឿងសម្រាប់ដាក់អីវ៉ាន់រុញ។ ខ្ញុំចាកចេញពីផ្ទះដោយមានតែអង្ករ,សម្លៀកបំពាក់,មុង និងកន្ទេល សម្រាប់ក្រាលដេកតាមផ្លូវតែប៉ុណ្ណោះ។ នៅតាមផ្លូវកងទ័ពខ្មែរក្រហម បានស្រែកកុំឲ្យយើងរុញឡាននោះ ប៉ុន្តែខ្ញុំបានប្រាប់ទៅកងទ័ពខ្មែរក្រហមវិញថា ឡាននេះខូចហើយ យើងយកវាមកសម្រាប់ដាក់តែអីវ៉ាន់តែប៉ុណ្ណោះ។ យើងធ្វើដំណើរចេញមកពីទីក្រុងភ្នំពេញសំដៅមកស្រុកកំណើតតាមផ្លូវជាតិលេខ៣។ ប្អូនខ្ញុំម្នាក់បណ្តើរកង់ និងម្នាក់ទៀតរុញឡានដាក់អីវ៉ាន់ជាមួយប្តីរបស់ខ្ញុំ។ ចំណែកឯខ្ញុំវិញដឹកដៃកូននិងមើលថែម្តាយឪពុកដែលចាស់ជរា។ ពេលនោះខ្ញុំមានផ្ទៃពោះកូនទី២របស់ខ្ញុំចំនួន២ខែ ហើយខ្ញុំចាញ់កូនខ្លាំងណាស់នៅតាមផ្លូវ។ ខ្ញុំស្ទើរតែគ្មានកម្លាំងដើរទៅមុខ។ មនុស្សម្នាជាច្រើនធ្វើដំណើរនៅតាមផ្លូវរៀងៗខ្លួន។ ខ្ញុំឃើញមានប្រជាជនជាច្រើនដេកស្លាប់នៅតាមផ្លូវជាបន្តបន្ទាប់។ យើងចំណាយអស់រយៈពេល ២២ ថ្ងៃទម្រាំធ្វើដំណើរមកដល់ស្រុកត្រាំកក់ ខេត្តតាកែវ។
ដំបូងខ្ញុំនិងក្រុមគ្រួសារបានធ្វើដំណើរមកដល់អង្គតាសោម។
ក្រុមខ្មែរក្រហមបានមកទទួលយើងនៅម្តុំពោធិ៍ព្រះសង្ឃ ស្ថិតនៅខាងលិចផ្សារអង្គតាសោម ដែលមានឈ្មោះ ឈិន ធ្វើជាមេភូមិ។ ពោធិ៍ព្រះសង្ឃ គឺជាកន្លែងស្នាក់នៅលើកទី១របស់ខ្ញុំនិងក្រុមគ្រួសារ និងប្រជាជនផ្សេងទៀតដែលជម្លៀសមកពីទីក្រុងភ្នំពេញ។ មកដល់ពោធិ៍ព្រះសង្ឃ ក្រុមគ្រួសាររបស់ខ្ញុំអស់អង្ករហូប។ ខ្មែរក្រហម បានចែកអង្ករដែលមានគ្រាប់ពណ៌ក្រហមឲ្យយើងហូប។ អង្ករនោះរឹងខ្លាំងណាស់ យើងទំពារស្ទើរមិនបែក ប៉ុន្តែយើងគ្មានជម្រើសអ្វីផ្សេងឡើយ។ មកដល់ថ្ងៃដំបូង ខ្មែរក្រហមមិនទាន់បែងចែកឲ្យយើងធ្វើការងារអ្វីនោះទេ។ ខ្មែរក្រហម នៅអង្កេតមើលយើងសិន ព្រោះយើងត្រូវខ្មែរក្រហមចាត់ចូលជាប្រជាជនថ្មី។ ខ្មែរក្រហម បានប្រើប្តីរបស់ខ្ញុំនិងប្រជាជនមួយចំនួនទៀត ឲ្យទៅសាងសង់ខ្ទមតូចៗសម្រាប់ក្រុមគ្រួសារ និងប្រជាជនថ្មី ដែលខ្មែរក្រហមជម្លៀសមកពីកន្លែងផ្សេងៗស្នាក់នៅ។ខ្ទមនោះ មានសរសរធ្វើអំពីដើមឬស្សី ដំបូលប្រក់ស្លឹកត្នោត និងជញ្ជាំងបាំងស្លឹកដូង។
មិនយូរប៉ុន្មាន ខ្មែរក្រហមបានឲ្យយើងបានចាកចេញពីពោធិ៍ព្រះសង្ឃមករស់នៅខាងជើងសាលាឃុំលាយបូរវិញ។ ប្តីរបស់ខ្ញុំ បានយកដើមឬស្សីមកធ្វើជារានខ្ពស់ផុតពីដីបន្តិចដើម្បីដេក។ មកដល់ត្រឹមពេលនេះ ខ្ញុំមានផ្ទៃពោះកូនទី២ប្រហែលជា៥ខែ។ នៅក្នុងរដូវស្ទូង ឆ្នាំ១៩៧៥ ខ្មែរក្រហម បានចាប់ផ្តើមប្រមូលយករបស់របរចានឆ្នាំងរបស់យើងដាក់រួមគ្នា បែកចែកការងារឲ្យយើងធ្វើរួម ហើយក៏ចាប់ផ្តើមហូបរួមដែរ។ ខ្ញុំត្រូវចេញទៅដកស្ទូង រែកដី លើកប្រឡាយ និងធ្វើការងារផ្សេងៗទៀតតាមការចាត់តាំងរបស់មេកង។ ចំណែកឯ ម្តាយរបស់ខ្ញុំវិញ នៅមើលថែរក្សាចៅ រីឯឪពុករបស់ខ្ញុំធ្វើបង្គី។ ឪពុករបស់ខ្ញុំគឺជាអតីតមេឃុំលាយបូរតាំងតែពីខ្ញុំនៅតូចៗម្ល៉េះ។ នៅពេលត្រឡប់ទៅរស់នៅក្នុងភូមិវិញ ប្រជាជននៅទីនោះស្គាល់ឪពុករបស់ខ្ញុំគ្រប់ៗគ្នា ដូច្នេះគាត់មិនអាចលាក់បាំងប្រវត្តិរូបរបស់គាត់បានទេ។ ថ្ងៃមួយ ខ្មែរក្រហម បាននាំគាត់ទៅសួរចម្លើយ។ ខ្មែរក្រហម បានបញ្ចុះបញ្ចូលឲ្យឪពុករបស់ខ្ញុំត្រឡប់ទៅធ្វើការងារបម្រើដល់ខ្មែរក្រហមវិញ ប៉ុន្តែឪពុករបស់ខ្ញុំប្រកែកតវ៉ាថា គាត់មានវ័យចំណាស់ ហើយគាត់បានលាលែងពីការងារនៅក្នុងរបបចាស់អស់ទៅហើយ។ ឪពុករបស់ខ្ញុំប្រាប់ទៅខ្មែរក្រហមថា គាត់អាចជួយធ្វើបង្គីឲ្យក្រុមយុវជនរែកដីបាន។ បន្ទាប់មក ឪពុករបស់ខ្ញុំ ក៏រួចខ្លួនពីការចាប់ខ្លួននិងសម្លាប់។ ក្រៅពីនោះ ខ្ញុំបានទទួលដំណឹងពីប្រជាជនមូលដ្ឋានថា បានឃើញបងប្រុសរបស់ខ្ញុំឈ្មោះ ហៀម ចៅហ៊ី និងអតីតទាហានលន់ នល់ ផ្សេងទៀត ប្រហែលជា១០០នាក់ ត្រូវខ្មែរក្រហមជម្លៀសចេញពីខេត្តតាកែវ ដោយដៃមានជាប់ចំណង និងដើរជាជួរៗទៅនៅម្តុំក្រាំងតាចាន់ ហើយក៏បាត់ខ្លួននៅទីនោះតែម្តង។ ខ្ញុំគ្មានសង្ឃឹមថាបងហ៊ី នៅរស់រានមានជីវិតនោះទេ ព្រោះគាត់គឺជាអតីតទាហានលន់ នល់ ពាក់ស័ក្តិ៣។
ជូ គីមឡន អាយុ៦៩ មានមុខរបរធ្វើស្រែចម្ការ(រូបថតអ៊ុន សុដាវី មជ្ឈមណ្ឌលឯកសារកម្ពុជា)
ថ្ងៃមួយ មានកងឈ្លបស្រីៗចំនួន២នាក់ បានដើរឆែកឆេរផ្ទះរបស់ប្រជាជន។ ឈ្លបស្រីទាំងពីរនាក់នោះក៏បានមកឆែកអីវ៉ាននៅក្នុងខ្ទមរបស់ខ្ញុំដែរ។ ឈ្លបបានរើរុះយកឥវ៉ាន់របស់ខ្ញុំដូចជាក្រែមម្សៅជាដើម។ កងឈ្លបស្រីនោះ ក៏បានប្រទះឃើញសក្តិរបស់ប្តីខ្ញុំ ដែលធ្លាប់ពាក់នៅក្នុងសម័យ លន់ នល់ ដែរ។ រំលងបានមួយយប់មួយថ្ងៃ ពេលដែលប្តីរបស់ខ្ញុំត្រឡប់មកពីធ្វើការងារវិញ និងបន្ទាប់ពីអាហារពេលល្ងាចរួច យើងក៏ចូលដេក។ យប់នោះ គឺជាយប់ចុងក្រោយដែលខ្ញុំបានឃើញមុខប្តីរបស់ខ្ញុំ។ ពូថ្លៃរបស់ខ្ញុំ, ប្រធានភូមិ ព្រមទាំងអនុប្រធានភូមិ បានមកហៅប្តីខ្ញុំឲ្យទៅរៀនសូត្រនៅម៉ោងប្រហែល៩យប់។ ខ្ញុំសួរយ៉ាងណា ក៏គ្មាននរណាប្រាប់ខ្ញុំថាគាត់យកប្តីរបស់ខ្ញុំទៅរៀនសូត្រនៅឯណាឡើយ។ នៅពេលដែលប្តីរបស់ខ្ញុំ បានឮសំឡេងស្រែកហៅ គាត់ក៏បានក្រោកឡើងទាញអាវយកមកពាក់ ហើយទាញក្រមាដែលមានពណ៌ខៀវលាយនិងពណ៌ក្រហម ដែលយើងយកមកពីភ្នំពេញនោះ មកស្លៀក រួចចាកចេញពីខ្ទមដើរចេញទៅជាមួយបុរសទាំង៣នាក់នោះ។ ជួនពេលនោះ កូនរបស់ខ្ញុំភ្ញាក់ ហើយស្រែកយំយ៉ាងខ្លាំង។ ខ្ញុំបានដើរត្រឡប់ចូលទៅក្នុងខ្ទមវិញ ដើម្បីលួងលោមកូនរបស់ខ្ញុំកុំឲ្យយំ។ ក្នុងយប់នោះ កូនរបស់ខ្ញុំយំមិនឈប់ទាល់តែសោះ ហាក់បីដូចជាវាបានដឹងរឿងអ្វីមួយដែលនឹងបម្រុងកើតឡើងចំពោះប្តីរបស់ខ្ញុំ។ បងស្រីរបស់ខ្ញុំ បានហែកជញ្ជាំងស្លឹកដូង រួចលួចមើលចេញទៅក្រៅផ្ទះ។ គាត់បានឃើញបុរសទាំង៣នាក់នោះ មានស្ពាយកាំភ្លើងនិងកាន់ចបនៅនឹងដៃ ហើយថែមទាំងយកខ្សែគោមកចងដៃទាំងពីររបស់ប្តីខ្ញុំទៅខាងក្រោយខ្នងរួចបណ្តើរចេញទៅ។ ចំណែកឯ ម្តាយឪពុកក្មេករបស់ខ្ញុំវិញ គឺជាប្រជាជនមូលដ្ឋាន បានឮសូរមេភូមិប្រជុំគ្នាពីពេលល្ងាចថា «យប់នេះ យើងត្រូវយក សមមិត្ត នួន ដែលជាប្តីរបស់ សមមិត្តឡនទៅរៀនសូត្រ»។ គ្រាន់តែឮអំពីរឿងរ៉ាវទាំងនេះហើយ គាត់យំមិនឈប់សោះឡើយ។ ប្រហែលជាមួយម៉ោងក្រោយ បន្ទាប់ពីកងឈ្លបនាំប្តីរបស់ខ្ញុំចាកចេញទៅ ស្រាប់តែឮសូរសំឡេងគ្រាប់កាំភ្លើងបាញ់ចំនួន៣គ្រាប់ផាំងផាំងផ្ទួនៗគ្នាបានផ្ទុះឡើង។ ឪពុកម្តាយក្មេករបស់ខ្ញុំ បានស្រែកទ្រហោយំយ៉ាងខ្លាំង ព្រោះគាត់ដឹងថាកូនរបស់គាត់ ត្រូវបានសម្លាប់ហើយ។ ឪពុកម្តាយក្មេករបស់ខ្ញុំ ដើរចុះដើរឡើងពេញមួយយប់ដោយឥតបានដេកឡើយ។ នៅយប់នោះ ប្រជាជនមូលដ្ឋាន បានមកប្រាប់ខ្ញុំថា ឈ្លបបានសម្លាប់ប្តីរបស់ខ្ញុំនៅខាងលិចវត្តលាយបូរហើយ។ ខ្ញុំ ដេកយំឱបកូននិងឈឺចាប់បំផុតនៅក្នុងយប់នោះ។ ក្រោយមក ម្តាយឪពុកក្មេករបស់ខ្ញុំ ក៏ឈឺចិត្តខ្លាំងណាស់ដែរ ដោយមិនអាចការពារជីវិតកូនរបស់ខ្លួនបាន។ គាត់ហូបអាហារមិនបានរហូតដល់ធ្លាក់ខ្លួនឈឺស្លាប់។
បន្ទាប់ពីប្តីរបស់ខ្ញុំស្លាប់មិនបានប៉ុន្មានផង ប្រធានភូមិឈ្មោះ តាវិត បានបញ្ជូនខ្ញុំ កូននិងសាច់ញាតិរបស់ខ្ញុំទាំងអស់ចេញពីសហករណ៍ ដែលខ្ញុំកំពុងតែរស់នៅ ដោយផ្លាស់ទៅរស់នៅឯកង៣ ដែលស្ថិតនៅខាងត្បូងសាលាឃុំលាយបូរវិញ ព្រោះប្រធានកងបានសង្កេតឃើញខ្ញុំតែងតែយំជារៀងរាល់ថ្ងៃ។ តាហង់ គឺជាអ្នកបររទេះជូនដំណើរឪពុកម្តាយរបស់ខ្ញុំ ដើម្បីជិះទៅកាន់ទីកន្លែងថ្មី ព្រោះឪពុកម្តាយរបស់ខ្ញុំចាស់ជរាពិបាកក្នុងការធ្វើដំណើរណាស់។ មេកងបានរាយការណ៍ប្រាប់មេកងនៅកង៣ថាខ្ញុំគឺជាខ្មាំងដែលប្តីទើបតែត្រូវអង្គការយកទៅរៀនសូត្រ។ អ្នកនៅកង៣តែងតែតាមដាននិងអង្កេតមើលប្រជាជនថ្មី។ រស់នៅក្នុងកង៣ មេកង បានប្រើខ្ញុំឲ្យធ្វើការងារជាច្រើន ហើយខ្ញុំមិនដែលទទួលបានអាហារហូបចុកគ្រប់គ្រាន់ឡើយ។ ជីវិតជាស្ត្រីមេម៉ាយ រស់នៅជាមួយកូន គ្មានប្តីមើលថែរក្សា ធ្វើការងារលំបាកលំបិនតែម្នាក់ឯង ថែមទាំងពពោះកូននៅក្នុងផ្ទៃទៀត វាពិតជាការធ្វើទារុណកម្មមួយដ៏ធ្ងន់ធ្ងរខ្លាំងណាស់សម្រាប់រូបខ្ញុំ។ រស់នៅក្នុងសហករណ៍ថ្មីនេះ ខ្ញុំកើតបានកូនប្រុសម្នាក់ទៀត។ ខ្ញុំដាក់ឈ្មោះឲ្យកូនប្រុសរបស់ខ្ញុំថា រតនា។ ពេលដែលខ្ញុំសម្រាលកូនរួច ខ្ញុំបានដេកអាំងភ្លើងបានចំនួន៥ថ្ងៃ ហើយសម្រាកបានជិត១ខែដែរ។ អំឡុងពេលដែលខ្ញុំពពោះ និងបង្កើតកូនប្រុសរបស់ខ្ញុំ គឺខ្ញុំគ្មានថ្នាំលេប ឬគ្មានពេទ្យមកពិនិត្យផ្ទៃពោះឲ្យបានត្រឹមត្រូវនោះទេ។ លុះដល់ពេលរដូវច្រូតកាត់បានមកដល់ ប្រធានក្រុមរបស់ខ្ញុំ ដែលបានទទួលបញ្ជាពីមេភូមិ បានប្រើខ្ញុំឲ្យទៅច្រូតស្រូវក្បែរៗផ្ទះ។ ពេលនោះម្តាយរបស់ខ្ញុំគឺជាអ្នកជួយមើលកូនឲ្យខ្ញុំ។ គាត់តែងតែស្រែកហៅខ្ញុំពីចម្ងាយឲ្យមកបំបៅដោះកូននៅពេលដែលកូនរបស់ខ្ញុំយំ។ ចំណែកឯ កូនស្រីរបស់ខ្ញុំ ស្រីពៅ ត្រូវប្រធានកងឲ្យទៅរស់នៅក្នុងកងចល័ត។ ស្រីពៅ គ្មានអាហារហូបគ្រប់គ្រាន់ទេ។ ស្រីពៅមានរូបរាងកាយស្គមកំព្រឹង។ ដោយគ្មានអាហារហូបគ្រប់គ្រាន់ ស្រីពៅ ដើររើសសំបកខ្ចងខ្ចៅហូបរហូតដល់ឈឺជ្រុះសក់។ ក្រោយមក ខ្ញុំបានបញ្ជូនស្រីពៅ ទៅព្យាបាលនៅឯមន្ទីរពេទ្យ ប៉ុន្តែស្រីពៅនៅតែស្លាប់។
លុះរដូវច្រូតស្រូវរួចរាល់អស់ មេកង បានចាប់ផ្តើមចាត់ចែងការងារថ្មីឲ្យយើងធ្វើ។ ខ្ញុំមានកូនតូច មេកង បានឲ្យខ្ញុំទៅប្រមូលលាមកមកដាក់ហាល និងចិញ្ច្រាំទន្ទ្រានខែត្រ ដើម្បីធ្វើជាជីសម្រាប់ដាក់ស្រែនៅក្នុងរដូវវស្សា។ មិនយូរប៉ុន្មាន រដូវវស្សាក៏ចូលមកដល់ មេកងបានចាត់ឲ្យខ្ញុំទៅស្ទូងស្រូវនៅក្នុងស្រែ។ ពេលនោះជើងរបស់ខ្ញុំ មានដំបៅរហូតដល់ធ្លាយជាខ្ទុះហូរចេញមកក្រៅ ប៉ុន្តែខ្ញុំគ្មានថ្នាំសង្កូវអ្វីសម្រាប់ព្យាបាលនោះទេ ហើយខ្ញុំនៅតែត្រូវទៅចុះស្ទូងនៅវាលស្រែដដែល។ ក្រៅពីការងារដកស្ទូង ខ្ញុំត្រូវទៅគាស់គល់ឈើនៅក្នុងព្រៃ និងកាប់ឆ្ការព្រៃ ដើម្បីយកដីដាំដាំណាំផ្សេងៗដូចជា ដំឡូង, សណ្តែកដី និងអំពៅ។ នៅពេលដែលខ្ញុំធ្វើដំណើរឆ្លងកាត់ព្រៃទៅធ្វើចម្ការម្តងៗ ខ្ញុំតែងតែឃើញមានសាកសពដែលកប់មិនជិត ហើយធំក្លិនស្អុយឆួលនៅពាសពេញតាមផ្លូវ។ ពីមួយថ្ងៃទៅមួយថ្ងៃ ខ្ញុំត្រូវតែទៅធ្វើការងារដែលការងារទាំងអស់នោះតែងតែផ្លាស់ប្តូរទៅតាមរដូវកាល។ អង្គការមិនដែលខ្វល់ខ្វាយថាតើអ្នកមកពីណា ឈឺឬក៏ជា មានផ្ទៃពោះឬអត់នោះទេ ប៉ុន្តែអង្គការនៅតែឲ្យយើងទៅធ្វើការងារនិងសម្រេចឲ្យបានទៅតាមផែនការដែលអង្គការបានកំណត់ឲ្យ។
នៅរដូវស្រូវទុំក្នុងឆ្នាំ១៩៧៩ កងទ័ពវៀតណាមបានចូលមកដល់ក្នុងខេត្តតាកែវ។ កងទ័ពវៀតណាម បានបាញ់ផ្លោងកងទ័ពខ្មែរក្រហម ដែលបានធ្វើឲ្យកងទ័ពខ្មែរក្រហមរត់ទៅទិសខាងលិចសំដៅទៅរកតំបន់ភ្នំ។ ខ្ញុំឃើញកងទ័ពខ្មែរក្រហម ត្រូវគ្រាប់ផ្លោងនៅតាមផ្លូវ ហើយគ្នីគ្នារបស់គេនាំគ្នាសែងអ្នករបួសរត់ប្រសេចប្រសាច។ ខ្ញុំនិងក្រុមគ្រួសារ បានរត់ទៅទិសខាងកើតផ្ទុយពីក្រុមខ្មែរក្រហម។ យើងធ្វើយ៉ាងណារត់គេចកុំឲ្យជួបនឹងក្រុមខ្មែរក្រហម ព្រោះខ្លាចខ្មែរក្រហមសម្លាប់យើងចោល។ ខ្ញុំរត់សំដៅទៅប្រទេសវៀតណាមបម្រុងនឹងឆ្លងដែន ប៉ុន្តែខ្ញុំមិនអាចឆ្លងទៅប្រទេសវៀតណាមបានទេ ព្រោះម្តាយឪពុកខ្ញុំចាស់ជរាមិនអាចធ្វើដំណើរឆ្ងាយបាន។ ពេលដែលខ្មែរក្រហមរត់ទៅបាត់អស់ ខ្ញុំនិងក្រុមគ្រួសាររត់ត្រឡប់មកវិញ។ ក្រោយមក ខ្មែរក្រហម បានវិលត្រឡប់ចូលមកក្នុងភូមិវិញនៅពេលដែលវៀតណាមដកកងទ័ពចេញលើកទី១ ហើយបានចោទប្រជាជនដែលរត់សំដៅទៅប្រទេសវៀតណាមថាជា ពួកក្បត់។ មិនយូរប៉ុន្មាន កងទ័ពវៀតណាម ចូលមកម្តងទៀត ហើយដេញបាញ់ខ្មែរក្រហមរត់រប៉ាត់រប៉ាយអស់។ ពេលនោះ ខ្ញុំនិងក្រុមគ្រួសារ មិនបានរត់ទៅណាទៀតទេ។ យើងនាំគ្នារត់ចូលទៅក្នុងលេណដ្ឋានដើម្បីគេចចេញពីគ្រាប់ផ្លោង។ នៅពេលដែលសភាពការណ៍បាញ់គ្នាស្ងប់ស្ងាត់ហើយ ខ្ញុំនិងក្រុមគ្រួសារ ក៏បានស្វះស្វែងរកបងប្អូនដើម្បីជួបជុំគ្នាវិញ ប៉ុន្តែសមាជិកក្រុមគ្រួសាររបស់ខ្ញុំមួយចំនួនបានបាត់បង់ជីវិត។
បន្ទាប់ពីរបបខ្មែរក្រហមបានកន្លងផុតអស់រយៈពេល៥ឆ្នាំ ខ្ញុំនិងសាច់ញាតិ បាននាំគ្នាទៅគាស់កកាយរកសាកសពប្តីរបស់ខ្ញុំ។ យើងមិនបានប្រទះឃើញអ្វីនោះទេនៅកន្លែងកប់សពប្តីរបស់ខ្ញុំនោះ ប៉ុន្តែយើងធំក្លិនស្អុយដូចមានសាកសពរលួយ។ ខ្ញុំគិតថាសាកសពរបស់ប្តីខ្ញុំ អាចមានសត្វស៊ីអស់ទៅហើយ។ យើងយំខ្លាំងណាស់ពេលទៅគាស់កកាយរកសាកសពនោះ ព្រោះវាបានរំឭករឿងរ៉ាវគ្រប់យ៉ាងដែលកើតមានឡើងចំពោះយើងទាំងអស់គ្នា។ ក្រោយមក នៅពេលដែលខ្ញុំដឹងច្បាស់អំពីទីតាំងសម្លាប់ប្តីរបស់ខ្ញុំ ខ្ញុំនិងក្រុមគ្រួសារនាំគ្នាធ្វើបុណ្យឧទ្ទិសកុសលជូនដល់គាត់។
នៅក្នុងឆ្នាំ២០០៨ ខ្ញុំបានដាក់ពាក្យបណ្តឹងមកកាន់តុលាការខ្មែរក្រហមតាមរយៈមជ្ឈមណ្ឌលឯកសារកម្ពុជា។ ខ្ញុំដាក់ពាក្យបណ្តឹងនេះ ពីព្រោះខ្ញុំខឹងនឹងខ្មែរក្រហម ដែលធ្វើបាបខ្ញុំ, សម្លាប់កូន,ប្តី និងសាច់ញាតិរបស់ខ្ញុំ។ ខ្ញុំដាក់ពាក្យបណ្តឹងនេះ ដោយក្នុងចិត្តសង្ឃឹមថា តុលាការខ្មែរក្រហម នឹងស្វែងរកយុត្តិធម៌និងផ្តល់ជាសំណងដល់ខ្ញុំដែរ។ ភាពឈឺចាប់ចំពោះអតីតកាលដ៏ខ្មៅងងឹតមួយនេះ បានជំរុញឲ្យខ្ញុំក្លាហានក្នុងការចូលរួមជាមួយនឹងដំណើរការរបស់តុលាការខ្មែរក្រហមដោយមិនរារែកឡើយ។ ទោះបីជាយ៉ាងណា ខ្ញុំនៅតែមិនទាន់អស់ចិត្តទៅនឹងលទ្ធផលនៃការកាត់ទោសរបស់តុលាការខ្មែរក្រហមចំពោះមេដឹកនាំខ្មែរក្រហមទាំងអស់នោះឡើយ ពីព្រោះទំហំនៃការបាត់បង់របស់ខ្ញុំគ្មានអ្វីអាចយកមកប្រៀបធៀបបានឡើយ។ នៅពេលដែលខ្ញុំចាប់ផ្តើមនិយាយអំពីរឿងរ៉ាវទាំងអស់នេះ វាហាក់បីដូចជារឿងរ៉ាវដែលទើបតែកើតមានឡើងថ្មីៗ។ ខ្ញុំបានចូលរួមផ្តល់សក្ខីកម្មនៅក្នុងតុលាការខ្មែរក្រហម និងបានចូលរួមជាមួយមជ្ឈមណ្ឌលឯកសារកម្ពុជា ហើយកិច្ចការទាំងអស់នេះ បានធ្វើឲ្យខ្ញុំធូរស្បើយនៅក្នុងចិត្តបានច្រើនណាស់ដែរ។
មកទល់សព្វថ្ងៃនេះ សំឡេងស្នូរគ្រាប់កាំភ្លើងចំនួន៣គ្រាប់ដែលបានបាញ់សម្លាប់ប្តីរបស់ខ្ញុំ នៅតែលាន់ឮរំពងពេញក្នុងត្រចៀករបស់ខ្ញុំ។ រំឭកដល់ត្រង់ចំណុចនេះ ខ្ញុំតែងតែស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ព្រោះរឿងគ្រប់យ៉ាងបានកើតឡើងចំពោះខ្ញុំហាក់បីដូចជាការដាក់ទណ្ឌកម្មមួយដ៏ធ្ងន់ធ្ងរពេក៕សរន
ប្រភពរូបថត÷(អ៊ុន សុដាវី/មជ្ឈមណ្ឌលឯកសារកម្ពុជា)