Home ព័ត៌មានជាតិ សន្តិសុខ អ្នកបើករថយន្ត...

អ្នកបើករថយន្ត​ក្រុមហ៊ុន​ស៊ី​ហ៊ូ​ហ៊ុយ​គ្រុប​ចំនួន​បីនាក់​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​តាម​ពាក្យបណ្តឹង​របស់​ក្រុមហ៊ុន​

ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈបុរស​៣​នាក់​ជា​អ្នកបើករថយន្ត​ដឹក​ស៊ីម៉ង់ត៍​ក្រុមហ៊ុន​ស៊ី​ហ៊ូ​ហ៊ុយ គ្រុប​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ខណ្ឌដង្កោ​ឃាត់ខ្លួន​តាម​ពាក្យបណ្តឹង​របស់​តំណាង​ក្រុមហ៊ុន កាលពី​ម៉ោង​៦​ល្ងាច​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០២០ នៅ​ចំណុច ក្រុមហ៊ុន ស៊ី​ហ៊ូ​ហ៊ុយ គ្រុប ស្ថិតនៅ​ភូមិ​សំបួរ សង្កាត់​ដង្កោ​ខណ្ឌដង្កោ​។​

​បុរស​ទាំង​៣​នាក់​នេះ​មាន ១.​ឈ្មោះ​ហយ ហា​ញ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ​មុខរបរ​បើករថយន្ត ស្នាក់នៅ​ផ្ទះជួល ភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ​, ២.​ឈ្មោះ អុល អន ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មុខរបរ​បើករថយន្ត ទីលំនៅ​ភូមិ​កណ្តាល​ឃុំ​លំហាច ស្រុក អង្គស្នួល ខេត្តកណ្តាល​និង​ទី​៣.​ឈ្មោះ ហយ បញ្ញា ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំ មុខរបរ បើករថយន្ត ទីលំនៅ​ភូមិ​អង្គ​ដូន​ពិស ឃុំ​ទឹកល្អក់​ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ។​

​ឈ្មោះ សំ សត្យា​ជា​មេការ​របស់​ក្រុមហ៊ុន​ស៊ី​ហ៊ូ​ហុយ គ្រុប បានអោយដឹងថា កាលពី ដើមឆ្នាំ​២០២០ ជនសង្ស័យ​ទាំង​៣​នាក់​ជា​អ្នកបើករថយន្ត ទៅ​ដឹក​ស៊ីម៉ង់ត៍​ពី​រោងចក្រ​ចក្រី​ទីង​ស្ថិតនៅ​ខេត្តកំពត​មក​រាជធានី​ភ្នំពេញ ។ ប៉ុន្តែ​ពេល​ជនសង្ស័យ​ទាំង​៣​នាក់​នេះ​បើករថយន្ត​ដឹក​ស៊ីម៉ង់ត៍​យកទៅដាក់ តាម​ដេប៉ូ​ក្នុង​រាជធានី​ភ្នំពេញ ពួកគេ​បាន​លួច​បូម​ស៊ីម៉ង់ត៍​យកទៅលក់​ឱ្យ​ម៉ូយ​ផ្សេងៗ ។​​នៅពេល​បុគ្គលិក​របស់​ក្រុមហ៊ុន ស៊ី​ហ៊ូ​ហ៊ុយ​គ្រុប​ទៅ​ទូទាត់​លុយ​ពី​ភ្ញៀវ​នៅតាម​ដេប៉ូ​នីមួយៗ ភ្ញៀវ​បានឱ្យ​វិក្កយបត្រ​ទូទាត់​លុយ បាត់​ស៊ីម៉ង់ត៍​ក្នុង​១​រថយន្ត​អស់ពី​៥០​គីឡូក្រាម ទៅ​៣០០​គីឡូក្រាម​។ ពេលនោះ​ខាង​ក្រុមហ៊ុន​បាន​ហៅ​ជនសង្ស័យ​ខាងលើ​មក​ធ្វើការ​សួរនាំ តែ​ពួកគេ​បាន​ឆ្លើយថា ការបាត់បង់​ស៊ីម៉ង់ត៍ បណ្តាលមកពី​ជញ្ជីង​ថ្លឹង​ឡើង​និង​ជញ្ជីង​ថ្លឹង​ចុះ រួច​បុគ្គលិក​ក្រុមហ៊ុន​ស៊ី​ហ៊ូ​ហុយ បាន​ទៅធ្វើ​ការត្រួតពិនិត្យ​ជញ្ជីង​នៅតាម​ដេប៉ូ​នីមួយៗ ឃើញថា​ជញ្ជីង​មាន​ភាពប្រក្រតី​ត្រឹមត្រូវ ។​

​លុះដល់​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ ២០២០ វេលា​ម៉ោង​៦​ល្ងាច​ប្រធាន​ក្រុមហ៊ុន​បាន​ហៅ​ជនសង្ស័យ​ទាំង​៣​នាក់មក​ធ្វើការ​សួរនាំ​ម្តងទៀត​ទើប​ពួកគេ​បាន​ឆ្លើយ​សារភាពថា ពិតជា​បាន​លួច​បូម​ស៊ីម៉ង់ត៍​របស់​ក្រម​ហ៊ុន យកទៅលក់​ឱ្យ​ម៉ូយ​ផ្សេងៗ​ប្រាកដ​មែន​។ រួច​បុគ្គលិក​ក្រុមហ៊ុន​ក៏បាន​ធ្វើការ​ត្រួតពិនិត្យ​ទៅលើ​ស៊ីម៉ង់ត៍​ដែល បាន​បាត់បង់​ឃើញថា ចាប់ពី​ឆ្នាំ​២០២០ រហូតដល់​បច្ចុប្បន្ន មានការ​បាត់បង់​ស៊ីម៉ង់ត៍​ជាង​១៩៨​តោន​គិត​ជា​ទឹកប្រាក់​សរុប​ចំនួន ១៤,៨៥០ ដុល្លារ​។​បច្ចុប្បន្ន​ជនសង្ស័យ​៣ នាក់​នេះ​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ខណ្ឌដង្កោ​កំពុងធ្វើការ​សាកសួរ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

 

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular