ដោយ: សរិទ្ធ / ភ្នំពេញ: ជនសង្ស័យចំនួន៣នាក់បានត្រូវសមត្ថកិច្ចឃាត់ខ្លួនកាលពីម៉ោង១០និង១០នាទីព្រឹក ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០នៅចំណុចក្រុមទី៦ ភូមិ២ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដើម្បីយកមកធ្វើការសាកសួរករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។
លោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឲ្យដឹងថាកម្លាំងជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ គឺ១-ឈ្មោះ រូន រ៉សេត ភេទប្រុស អាយុ២៧ឆ្នាំជនជាតិខ្មែរអ៊ិស្លាម មានទីលំនៅផ្ទះលេខ៩០៧ ក្រុមទី៦ ភូមិ១ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ។ ២-ឈ្មោះ លី យូសុះ ភេទប្រុស អាយុ៣៥ ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម មានទីលំនៅផ្ទះលេខ៩៦៣ ក្រុមទី៦ ភូមិ២ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុខរបរកម្មករសំណង់។ ៣-ឈ្មោះ ហុង ស្រីកា ភេទស្រី អាយុ២៨ ឆ្នាំ មានទីលំនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ មុខរបរមិនពិតប្រាកដ។
សម្ភារដកហូតមានម្សៅក្រាមពណ៌សថ្លាចំនួន៣៨កញ្ចប់តូច មាន៦កញ្ចប់តូច ជារបស់ឈ្មោះរូន រ៉សេត, ៣២កញ្ចប់តូចជារបស់ឈ្មោះហុង ស្រីកា។ ចំពោះមុខកម្លាំងជំនាញខណ្ឌ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធី៕