ដោយៈបញ្ញាសាស្ត្រ/ភ្នំពេញៈ ធ្មេចបើកៗ គិតមកដល់ថ្ងៃ២ ធ្នូនេះ កំពូលតារាសម្តែងបង្ហូរទឹកភ្នែក ញ៉ែម សុគន្ធ បានចូលរោងការបង្កើតគ្រួសារតូចមួយ បានរយៈពេលពីរឆ្នាំហើយ។ ហើយថ្ងៃនេះ ជាថ្ងៃខួបអនុស្សាវរីយ៍អាពាហ៍ពិពាហ៍ គម្រប់ពីរឆ្នាំ ដែល តារាសម្តែង លោក ញ៉ែម សុគន្ធបានក្រាបផ្ទឹមការជាមួយនឹង នារីអាជីវករម្នាក់ កាលពីថ្ងៃទី២ ធ្នូ ២០១៨ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ ដោយមានវត្តមាន អ្នកសិល្បៈ យ៉ាងច្រើនកុះករ។
ងាកមក បណ្តាញសង្គមហ្វេសប៊ុក របស់ ប្តីប្រពន្ធ មួយគូរនេះវិញ គេបានបង្ហោះរូបភាព ផ្អែមល្អែម របស់គ្រួសារមួយនេះ រួមជាមួយពាក្យពេជ្រផ្អែមល្ហែម ដែលទស្សនិកជនមើលហើយទទួលអារម្មណ៍ថា ពួកគេពិតជាមានសេចក្តីសុខ ក្នុងការបង្កើតក្រុមគ្រួសារមួយនេះណាស់ ជាពិសេស គឺកូនប្រុស របស់ ញ៉ែម សុគន្ធ ដែលមានទម្រង់មុខដូចជាបេះបិតជាមួយនឹងឳពុករបស់គេ។
ពីរឆ្នាំកន្លងមកនេះ គេមើលឃើញថាតារាសម្តែង ញ៉ែម សុគន្ធ ពិតជាបានបង្កើតគ្រួសារមួយយ៉ាងកក់ក្តៅ ចាប់តាំងពីថ្ងៃចូលរោងជ័យរហូតដល់បច្ចុប្បន្ន។ ជាពិសេស តារាសម្តែងរូបនេះ ត្រូវបានគេមើលឃើញថា ជាបុរសដែលយកចិត្តទុកដាក់លើភរិយា និងកូនរបស់ខ្លួនបានយ៉ាងល្អ។
ជាក់ស្តែង កាលពីអំឡុង ភរិយារបស់ ញ៉ែម សុគន្ធ មានផ្ទៃពោះ លោកជាអ្នកស្វះស្វែងរកចំណីអាហារមានថាមពល និងវីតាមីនគ្រប់គ្រាន់សម្រាប់ភរិយា ទទួលទាន ចាប់តាំងពីកំឡុងពេលត្រៀមមានផ្ទៃពោះ រហូតដល់សម្រាលហើយ ក៏តារាប្រុសរូបនេះតែងតែបំពេញតួនាទីជាស្វាមី និងជាឳពុកល្អជានិច្ច។
មិត្តភ័ក្រជិតស្និទ្ធ នឹងតារាចង្ការព្រែករូបនេះ បានបង្ហើបថា ចាប់តាំងពីមានប្រពន្ធមក សុគន្ធ មិនដែលដើរលេងខាងក្រៅ ដោយគ្មានវត្តមានរបស់ភរិយាខ្លួនឡើយ ពោលគឺអ្នកទាំងពីរតែងតែទៅណាមកណា ជាពិសេសកម្មវិធីរបស់អ្នកសិល្បៈ ក៏ពួកគេទៅទាំងគូដែរ។
ប្រភពបន្តថា សុគន្ធ តែងតែចូលរួមកម្មវិធី ប៉ុន្តែគេតែងតែឆាប់វិលត្រឡប់ទៅផ្ទះមុនជានិច្ច ត្បិតកូនរបស់ លោក ញ៉ែម សុគន្ធ មិនមានអ្នកមើលថែទេ គឺពួកគេ ជាអ្នកមើលកូនតទល់តែពីរនាក់ប្តីប្រពន្ធប៉ុណ្ណោះ។
ដោយសារតែមានឈ្មោះជាស្វាមីផ្តល់ភាពកក់ក្តៅ ភរិយា ញ៉ែម សុគន្ធ ធ្លាប់បានប្រាប់ពីក្តីប្រាថ្នា ថា ពួកគេ គ្រោងយកកូនចំនួនប្រាំនាក់ ទៅថ្ងៃអនាគត។ នេះបើតាមការបញ្ចាក់ពីលោក ញ៉ែម សុគន្ធ ដែលបានប្រាប់អ្នកសារព័ត៌មានកន្លងមក៕