ប្រែសម្រួលៈវាសនា/មុំបៃ៖ ចិនបានចាប់ផ្តើមនាំចូលអង្ករឥណ្ឌាជាលើកដំបូងនៅរយៈពេលយ៉ាងតិច៣ទសវត្សរ៍មកនេះ ដោយសារតែការផ្គត់ផ្គង់មិនគ្រប់គ្រាន់ និងឥណ្ឌាសុំចុះថ្លៃច្រើន នេះបើតាមមន្ត្រីឧស្សាហកម្មស្រូវអង្ករឥណ្ឌាបានប្រាប់ទីភ្នាក់ងារសារព័ត៌មានបរទេសកាលពីថ្ងៃពុធ។
ឥណ្ឌាជាប្រទេសនាំចេញអង្ករធំបំផុតក្នុងលោក ហើយចិនក៏ជាអ្នកនាំចូលធំបំផុតផងដែរ។រដ្ឋាភិបាលក្រុងប៉េកាំងនាំចូលអង្ករប្រមាណ៤លានតោនក្នុងមួយឆ្នាំៗ តែជៀសវាងទិញវាពីឥណ្ឌាអស់រាប់សិបឆ្នាំមកហើយ ដោយសំអាងលើបញ្ហាគុណភាព។
ការទិញលក់អង្ករដ៏កម្រនេះកើតឡើងចំពេលយក្សអាស៊ីទាំង២មានភាពតានតឹងនយោបាយជាមួយគ្នា ដោយសារជម្លោះព្រំដែននៅតំបន់ហេមពាន្ត។
ប៊ី វី គ្រីស្នា ប្រធានសមាគមអ្នកនាំចេញអង្ករបាននិយាយថា « ជាលើកដំបូងដែលចិនទិញអង្ករឥណ្ឌា។គេអាចបង្កើនការទិញនៅឆ្នាំក្រោយបន្ទាប់ពីឃើញគុណភាពធញ្ញជាតិឥណ្ឌា»។
ពួកមន្ត្រីក្នុងឧស្សាហកម្មនេះបាននិយាយថា ពួកឈ្មួញឥណ្ឌាបានចុះកិច្ចសន្យានាំអង្ករបាក់ចំនួន១សែនតោន ចន្លោះខែធ្នូឆ្នាំនេះ និងខែកុម្ភៈឆ្នាំក្រោយ ក្នុងតំលៃ៣០០ដុល្លារក្នុង១តោន។
សូមបញ្ជាក់ថា ប្រទេសផ្គត់ផ្គង់អង្ករជាប្រពៃណីដល់ចិន ដូចជា ថៃ វៀតណាម មីយ៉ាន់ម៉ា និងប៉ាគីស្ថាន មានផលស្រូវលើសមានកំហិតសំរាប់ការនាំចេញ រីឯតំលៃខ្ពស់ជាងអង្ករឥណ្ឌាប្រមាណ៣០ដុល្លារក្នុងមួយតោន៕