ដោយៈ អង្គរតូច / សៀមរាបៈ បុរសម្នាក់ បានស្លាប់ នៅពេលបានត្រូវបញ្ជូន ទៅដល់មន្ទីរពេទ្យ ដែលករណីនេះ សមត្ថកិច្ចដាក់ការសង្ស័យថា ការស្លាប់របស់បុរសនោះ អាចមកពីគ្រោះថ្នាក់ ដោយរថយន្ត បុក ។ ហេតុការណ៍នេះ បានកើតឡើង នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១០និង២០នាទីយប់ នៅចំណុចមុខ សូ ឃុន លក់ដែក លើផ្លូវក្រវាត់ក្រុង ស្ថិតក្នុងភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ។
មន្ត្រីនគរបាលចរាចរណ៍ បានអោយដឹងថាៈ ជនរងគ្រោះ ឈ្មោះ អ៊ុ ពួន អាយុ៧៣ឆ្នាំ រស់នៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប បើកម៉ូតូម៉ាកហុងដា វ៉េវ សេ១១០ ពាក់ស្លាកលេខ ១E៣១៤៨ មានទិសដៅពីខាងត្បូង ទៅខាងជើង។ មន្ត្រីបានបន្តថាៈ ពេលសមត្ថកិច្ច ចុះទៅដល់មិនមានឃើញ រថយន្តបង្កនោះទេ ប៉ុន្តែនៅកន្លែងកើតហេតុ បន្សល់ស្នាមបែកបាក់ម៉ូតូខ្លះៗ និងមានឈាមហូរដក់លើថ្នល់។ សមត្ថកិច្ចដាក់ការសង្ស័យថា ការស្លាប់របស់ បុរសនោះ អាចមកពីគ្រោះថ្នាក់ ដោយរថយន្ត បុក ។
ចំណែកសាក្សី ក៍ដាក់ការសង្ស័យថា អាចរថយន្តបុកដូចៗគ្នា។ ក្រោយពេលប្រគល់សាកសព និងម៉ូតូ ជូនសាច់ញាតិ សមត្ថកិច្ច បានបន្តស្រាវជ្រាវ រកមូលហេតុជាក់លាក់ អំពីករណីនេះ ដើម្បីអនុវត្ត តាមនីតិវិធីច្បាប់៕PC