ដោយៈ ជា សីហៈ/ភ្នំពេញៈ លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជាបានចូលរួម កិច្ចប្រជុំក្រុមប្រឹក្សាទេសាភិបាលនៃមជ្ឈមណ្ឌលស៊ាសិន (SEACEN) លើកទី៤០ តាមរយៈ អនឡាញ កាលពីម្សិលមិញ។
កិច្ចប្រជុំនេះដឹកនាំដោយអាជ្ញាធររូបិយវត្ថុព្រុយណេដែលជាប្រធានថ្មីសម្រាប់អាណត្តិឆ្នាំ២០២១ បន្តពីអាជ្ញាធររូបិយវត្ថុសិង្ហបុរីដែលជាប្រធានសម្រាប់អាណត្តិឆ្នាំ២០២០នេះ និងមានការចូល រួមពីសំណាក់ទេសាភិបាលធនាគារកណ្តាលនិងអាជ្ញាធររូបិយវត្ថុជាសមាជិកមជ្ឈមណ្ឌលស៊ាសិន។
គួររំលឹកថា មជ្ឈមណ្ឌលស៊ាសិនមានសមាជិកសរុបចំនួន ១៩ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលនិងអភិវឌ្ឍសមត្ថភាពមន្ត្រីធនាគារកណ្តាលនិងអាជ្ញាធររូបិយវត្ថុជាសមាជិកឱ្យស្របតាមការរីកចម្រើនយ៉ាងឆាប់រហ័សនៃវិស័យហិរញ្ញវត្តុនិងធនាគារ។
សម្រាប់កិច្ចប្រជុំលើកទី៤០នេះ អង្គប្រជុំបានពិភាក្សា និងអនុម័តលើកិច្ចការសំខាន់មួយចំនួន រួមមាន ៖ i/-ផែនការសកម្មភាពរបស់ស៊ាសិនសម្រាប់ឆ្នាំ២០២១ ii/-កញ្ចប់ថវិកាសម្រាប់ឆ្នាំ២០២១ iii/-ការកែសម្រួលគោលការណ៍និងនីតិវិធីនៃការគ្រប់គ្រង ជាពិសេសក្នុងស្ថានភាពដែលតម្រូវ ឱ្យកម្មវិធីបណ្តុះបណ្តាលភាគច្រើនត្រូវធ្វើឡើងតាមប្រព័ន្ធអនឡាញ iv/-ការបែងចែកនិងការផ្តល់ សិទ្ធិក្នុងការធ្វើសេចក្តីសម្រេចចិត្ត និង v/-ការជ្រើសរើសដៃគូយុទ្ធសាស្ត្ររបស់មជ្ឈមណ្ឌល ស៊ាសិន ជាដើម។
គួររំលេចថា ក្នុងអំឡុងពេលនៃវិបត្តិជំងឺកូវីដ១៩នេះ មជ្ឈមណ្ឌលស៊ាសិន បាននិងកំពុងប្រែក្លាយ កម្មវិធីបណ្តុះបណ្តាលរបស់ខ្លួនឱ្យស្របទៅតាមស្ថានការណ៍ និងតម្រូវការរបស់សមាជិក តាមរយៈការបង្កើនវគ្គបណ្តុះបណ្តាលនិងសិក្ខាសាលាតាមប្រព័ន្ធអនឡានដោយផ្តោតជាសំខាន់ ទៅលើ ៖ i/-ការគ្រប់គ្រងគោលនយោបាយរូបិយវត្ថុនិងម៉ាក្រូសេដ្ឋកិច្ចក្នុងពេលមានវិបត្តិ ii/-ប្រព័ន្ធទូទាត់ ស្ថិរភាពហិរញ្ញវត្ថុ និងការត្រួតពិនិត្យធនាគារ និង iii/-ភាពជាអ្នកដឹកនាំ។ល។
កន្លងមក ធនាគារជាតិនៃកម្ពុជាបានបញ្ជូនមន្ត្រីបុគ្គលិកឱ្យចូលរួមវគ្គបណ្តុះបណ្តាល ការស្រាវជ្រាវ និងកិច្ចប្រជុំនានារបស់មជ្ឈមណ្ឌលស៊ាសិន ដើម្បីពង្រឹងគុណភាពជំនាញ និងឯកទេសកម្មរបស់មន្ត្រីបុគ្គលិក។ គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២០នេះធនាគារជាតិនៃកម្ពុជាក៏ បានចាត់មន្ត្រីបុគ្គលិកឱ្យចូលរួមវគ្គសិក្ខាសាលាតាមប្រព័ន្ធអនឡាញចំនួន ៨៤រូប ៕PC