ដោយៈ ចាន់តូ / ភ្នំពេញៈ ជនសង្ស័យ បីនាក់ ដែលជាអ្នកបើកបរ រថយន្តដឹកស៊ីម៉ង់ត៍ របស់ ក្រុមហ៊ុន ស៊ីហ៊ូហ៊ុយ គ្រុប ត្រូវបានតំណាងក្រុមហ៊ុន ចាប់ប្រគល់ ឲ្យសមត្ថកិច្ច នគរបាល ខណ្ឌដង្កោ ក្រោយពីដឹងថា ជនសង្ស័យទាំង បីរូបនោះ បានលួចស៊ីម៉ង់ត៍ របស់ខ្លួនយកទៅលក់ ឲ្យក្រុមហ៊ុនផ្សេង។ ករណីឃាត់ខ្លួននេះ បានកើតឡើង កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ៦ នាទីល្ងាច ត្រង់ចំណុចក្រុមហ៊ុន ស៊ីហ៊ូហ៊ុយ គ្រុប ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ។
សមត្ថកិច្ច បានឱ្យដឹងថាៈ ជនសង្ស័យ ដែលសមត្ថកិច្ច ឃាត់ខ្លួនបាននោះ រួមមានៈ ១.ឈ្មោះ ហយ ហាញ អាយុ៣៩ឆ្នាំ ស្នាក់នៅផ្ទះជួល ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ , ២.ឈ្មោះ អុល អន អាយុ៣៩ឆ្នាំ ទីលំនៅ ភូមិកណ្តាល ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល និង៣.ឈ្មោះ ហយ បញ្ញា អាយុ៣៣ឆ្នាំ ទីលំនៅភូមិអង្គដូនពិស ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ បុរសបីនាក់នេះ មានមុខរបរ ជាអ្នកបើករថយន្ត ដូចគ្នា។
ចំណែកជនរងគ្រោះ ឈ្មោះ ងិន សុផារិន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ ប្រធានរដ្ឋបាល ក្រុមហ៊ុនស៊ីហ៊ូហ៊ុយ គ្រុប ស្នាក់នៅផ្ទះជួល ស្ថិតនៅភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ៣ ខណ្ឌមានជ័យ ជាតំណាងឱ្យក្រុមហ៊ុន ស៊ីហ៊ូហ៊ុយ គ្រុប។
សមត្ថកិច្ច បានបន្តថាៈ ជនសង្ស័យទាំង បីនាក់ ជាអ្នកបើករថយន្តដឹកស៊ីម៉ង់ត៍ ចេញពីក្រុមហ៊ុន ស៊ីហ៊ូហ៊ុយ ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ ទៅដឹកស៊ីម៉ង់ត៍ ពីរោងចក្រ ចក្រីទីង ស្ថិតនៅខេត្តកំពត មករាជធានីភ្នំពេញ ។ ប៉ុន្តែពេលជនសង្ស័យ ទាំងបីនាក់ខាងលើបើករថយន្ត ដឹកស៊ីម៉ង់ត៍ យកទៅដាក់ តាមដេប៉ូ ក្នុងរាជធានីភ្នំពេញ ពួកគេ (ជនសង្ស័យ) បានលួចបូមស៊ីម៉ង់ត៍ យកទៅលក់ឱ្យម៉ូយផ្សេងៗ ក្នុង១លើកៗ អស់ចំនួនពី ៥០ គីឡូក្រាម ទៅ ៣០០ គីឡូក្រាម ។
តំណាងឱ្យក្រុមហ៊ុន ស៊ីហ៊ូហ៊ុយ គ្រុប បានឱ្យដឹងថាៈ នៅពេលបុគ្គលិក របស់ក្រុមហ៊ុន ស៊ីហ៊ូហ៊ុយគ្រុប ទៅទូទាត់លុយពីភ្ញៀវ នៅតាមដេប៉ូនីមួយៗ ភ្ញៀវបានឱ្យវិក្កយបត្រទូទាត់លុយ បាត់ស៊ីម៉ង់ត៍ ក្នុង១រថយន្ត អស់ពី ៥០ គីឡូក្រាម ទៅ ៣០០ គីឡូក្រាម ។ ពេលនោះ ខាងក្រុមហ៊ុន បានហៅជនសង្ស័យ ខាងលើ មកធ្វើការសួរនាំ តែពួកគេ (ជនសង្ស័យ) បានឆ្លើយថាការបាត់ បង់ស៊ីម៉ង់ត៍ បណ្តាលមកពីជញ្ជីងថ្លឹងឡើង និងជញ្ជីងថ្លឹងចុះ រួចបុគ្គលិកក្រុមហ៊ុន ស៊ីហ៊ូហុយ បានទៅត្រួតពិនិត្យជញ្ជីង នៅតាមដេប៉ូនីមួយៗ ឃើញថា ជញ្ជីងមានភាពប្រក្រតី ត្រឹមត្រូវ ។
ប្រភព បានបន្តថាៈ លុះដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ៦ ល្ងាច ប្រធានក្រុមហ៊ុន បានហៅជនសង្ស័យ ទាំង បីនាក់ ខាងលើ មកសួរនាំម្តងទៀត ទើបពួកគេ (ជនសង្ស័យ) បានឆ្លើយសារភាពថា ពួកគេ (ជនសង្ស័យ) ពិតជាបានលួចបូមស៊ីម៉ង់ត៍ របស់ក្រមហ៊ុន យកទៅលក់ ឱ្យម៉ូយផ្សេងៗ កាលពីអំឡុង ឆ្នាំ២០១៨ ប្រាកដមែន រួចបុគ្គលិកក្រុមហ៊ុន ក៏បានធ្វើការត្រួតពិនិត្យទៅលើស៊ីម៉ង់ត៍ដែល បានបាត់បង់ ឃើញថា ចាប់ពីឆ្នាំ២០២០ រហូតដល់បច្ចុប្បន្ន មានការបាត់បង់ ស៊ីម៉ង់ត៍ជាង ១៩៨ តោន គិតជាទឹកប្រាក់សរុប ចំនួន ១៤.៨៥០ ដុល្លារ ។
លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការខណ្ឌដង្កោ បានប្រាប់ឲ្យដឹងថាៈ យោងតាមពាក្យបណ្ដឹង របស់តំណាងក្រុមហ៊ុន និងចម្លើយសារភាព របស់ជនសង្ស័យថា ពួកគេពិតជាបានលួចស៊ីម៉ង់ត៍ របស់ក្រុមហ៊ុន លក់ពិតប្រាកដមែន កាលពីឆ្នាំ ២០១៨ រហូតមកដល់បច្ចុប្បន្ន ពេលនេះ ជនសង្ស័យ ទាំងបីនាក់ ត្រូវបានសមត្ថកិច្ចខណ្ឌដង្កោ កសាងសំណុំរឿងបញ្ជូនទៅកាន់ សាលាដំបូង រាជធានីភ្នំពេញ ដើម្បីចាត់ការ តាមនីតិវិធីច្បាប់៕PC