ដោយ: ពៅនិមល/ភ្នំពេញ: មន្ត្រីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ទ្វេភាគី រវាងប្រទេសកម្ពុជា និងប្រទេសកូរ៉េខាងត្បូងគ្រោងបញ្ចប់ក្នុងខែធ្នូ ឆ្នាំ២០២០ ខណៈការចរចាចំនួន០៤លើកមកនេះ បង្ហាញពីលទ្ធផលវិជ្ជមានច្រើន។
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០នេះ បានមានប្រសាសន៍ថា លទ្ធផលនៃការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី បានប្រព្រឹត្តទៅចំនួន០៤លើកដោយបង្ហាញពីការវិវត្តន៍ជាវិជ្ជមាន បើទោះបីជានៅមានចំណុចមិនទាន់ឯកភាពគ្នាមួយចំនួនក៏ដោយ គឺពាក់ព័ន្ធនឹងបញ្ហាពន្ធគយ។
លោកលើកឡើងថា នៅពេលកិច្ចព្រមព្រៀងចូលជាធរមាន កម្ពុជារំពឹងថាការនាំចេញកសិផល និងទំនិញផ្សេងៗទៀតទៅកាន់ប្រទេសកូរ៉េខាងត្បូងកើនឡើង ស្របពេលដែលបច្ចុប្បន្នការដោះដូរទំនិញរវាងប្រទសទាំងពីរបានកើនឡើងជាបន្តបន្ទាប់។
ការចចារចំនួន០៤លើក រវាងប្រទេសទាំងពីរ លើកទី១បានប្រព្រឹត្តទៅកាលពីខែកក្កដា លើកទី២ នៅខែសីហា លើកទី៣ នៅខែតុលា និងលើកទី៤ នៅខែវិច្ឆិកា។ កិច្ចចរចានេះបានធ្វើឡើង បន្ទាប់ពីប្រមុខរដ្ឋាភិបាល គឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះកម្ពុជា បានស្នើឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីក្នុងអំឡុងកិច្ចប្រជុំកំពូលរបស់សម្តេច ជាមួយប្រធានាធិបតីកូរ៉េខាងត្បូងនៅរាជធានីភ្នំពេញ ក្នុងខែមីនា ឆ្នាំ២០១៩ ។
សូមបញ្ជាក់ថា ក្នុងរយះពេល៩ខែ ឆ្នាំ២០២០ ការដោះដូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានទំហំទឹកប្រាក់សរុបចំនួនប្រមាណ៦៦១លានដុល្លារ ធ្លាក់ចុះ១៥ភាគរយ៕