ដោយៈ ជា សីហៈ/ភ្នំពេញៈ ជនពិការប្រមាណជា ជិត ៧០០០ នាក់ ត្រូវបានគេរាយការណ៍ថា បានត្រូវជ្រើសរើសឲ្យចូលបម្រើការងារនៅតាមស្ថាប័នទាំងសាធារណៈនិងឯកជន ។ នេះបើតាមសាររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជានាឱកាសដែលកម្ពុជាចូលរួមទិវាជនពិការជាតិនិងអន្តរជាតិនៃថ្ងៃទី ០៣ ខែ ធ្នូ ឆ្នាំ ២០២០ ។
នៅក្នុងសារនេះ បានរំលេចថា បច្ចុប្បន្ននេះ ជនពិការភាពត្រូវបានយកចិត្តទុកដាក់ពីគ្រប់មជ្ឈដ្ឋានហើយនៅក្នុងឆ្នាំ ២០១៩ កន្លងទៅនេះ ជនពិការភាពដែលចូលបម្រើការងារក្នុងក្រសួងស្ថាប័ន រដ្ឋចំនួន ៤០ មានជនពិការភាពចំនួន សរុប ២.៨៦០ នាក់ នៅក្នុងនោះ ស្ត្រីពិការចំនួន ៧៨៩ នាក់ ជនពិការកម្រិតធ្ងន់ចំនួន ១.៥៥៧ នាក់ បើគិតជាភាគរយ គឺប្រមាណជា ១,៩៥ ភាគរយ ។
ប្រភពដដែលបានបន្តថា ដោយឡែក វិស័យឯកជន រួមមាន ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សណ្ឋាគារ រោងចក្រ ស្ថិតិដែលក្រសួងសង្គមកិច្ចបានធ្វើការកត់ត្រាសាកល្បងនៅរាជធានីភ្នំពេញ កណ្តាល និង សៀមរាប លើអង្គភាពចំនូន ១០២ អង្គភាព បានបង្ហាញថា មានជនពិបាកភាពចូលបម្រើការងារចំនូន ៣.៧៩២ នាក់ នៅក្នុងនោះស្ត្រីមាន២.១៦២ នាក់ សរុបទាំងស្ថាប័នរដ្ឋនិងឯកជនទូទាំងប្រទេស មានចំនួន ជនពិការភាពចំនួន ៦.៦៥២ នាក់ ។
ប្រភពដដែលបានឲ្យដឹងថា នៅក្នុងនោះ នៅក្នុងចំណែកសាច់ប្រាក់នៃការអនុវត្តកម្មវិធីផ្តល់សាច់ប្រាក់ជូនពលរដ្ឋក្រីក្រនិងងាយរងគ្រោះដោយសារជំងឺកូវីដ ១៩ ជនពិការប្រមាណជា ៥៨.២៥២ ក៏ទទួលបានការឧបត្ថម្ភ នេះផងដែរ៕