ប្រែសម្រួលៈវាសនា/បាងកក៖ តុលាការខ្ពស់បំផុតរបស់ថៃ កាលពីថ្ងៃពុធទី០២ធ្នូ បានសំរេចអោយនាយករដ្ឋមន្ត្រីលោក ប្រាយុទ្ធ ចាន់ អូចា រួចផុតពីការចោទប្រកាន់រំលោភក្រមសីលធម៌ដូចមានចែងក្នុងច្បាប់រដ្ឋធម្មនុញ្ញ ដោយអនុញ្ញាតអោយលោកអាចបន្តនៅក្នងមុខតំណែងដដែល។
ញញឹមស្រស់ណាស់លោកប្រាយុទ្ធ បន្ទាប់ពីតុលាការសំរេចអោយលោករួចទោស
តុលាការធម្មនុញ្ញថៃ បានសំរេចលើបណ្តឹងប្តឹងដោយគណបក្សប្រឆាំងភឿថៃ ដែលថាលោកប្រាយុទ្ធ បានរំលោភច្បាប់ដោយសារតែបន្តនៅក្នុងផ្ទះយោធាមួយក្នុងបន្ទាយទាហាន ទោះជាលោកបានលាឈប់ពីមេបញ្ជាការកងទ័ពកាលពីខែកញ្ញាឆ្នាំ២០១៤ហើយក្តី។
បណ្តឹងចោទប្រកាន់ថា លោកបានរំលោភមាត្រាច្បាប់មួយចំនួនក្នុងរដ្ឋធម្មនុញ្ញ ដែលហាមនាយករដ្ឋមន្ត្រីទទួលបានផលប្រយោជន៍ពិសេសពីបណ្តាទីភ្នាក់ងាររដ្ឋ ឬ ក្រុមហ៊ុនសហគ្រាសដែលជាទំនាស់ផលប្រយោជន៍។ បើសិនជារដ្ឋមន្ត្រីណាម្នាក់ត្រូវបានរកឃើញកំហុសដូច្នេះ មន្ត្រីនោះនឹងត្រូវដកសិទ្ធិនិងបង្ខំអោយចាកចេញពីមុខតំណែង។
ទោះជាយ៉ាងណា ក្រុមមេធាវីរបស់លោកប្រាយុទ្ធបានឡើងការពារក្តីដោយអះអាងថា ការដែលនាយករដ្ឋមន្ត្រីបន្តស្ថិតនៅក្នុងបន្ទាយទាហានដូច្នេះដោយសារនិវេសដ្ឋានផ្លូវការរបស់នាយករដ្ឋមន្ត្រីកំពុងត្រូវជួសជុលកែកុនអោយថ្មីនិងនាយករដ្ឋមន្ត្រីខ្លួនលោកក៏មានការព្រួយបារម្ភអំពីសន្តិសុខផ្ទាល់ខ្លួនផងដែរ។
ការសំរេចក្តីនេះកើតឡើងចំពេលលោកប្រាយុទ្ធ ប្រឈមការតវ៉ាប្រឆាំងរាប់ខែមកហើយពីចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យដឹកនាំដោយពួកនិស្សិត ដែលទាមទារអោយលោកចុះចេញពីតំណែងផងដែរ ដោយសារតែពួកគេយល់ឃើញថាលោកចូលកាន់តំណែងជានាយករដ្ឋមន្ត្រីស៊ីវិលតាមរយៈការបោះឆ្នោតដែលមានការរៀបចំទុកមុនមួយ។
សូមរំលឹកថា កាលនៅជាអគ្គមេបញ្ជាការកងទ័ព ឧត្តមសេនីយ៍ប្រាយុទ្ធ បានដឹកនាំកងទ័ពធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលដឹកនាំដោយគណបក្សភឿថៃនេះ នៅឆ្នាំ២០១៤។បន្ទាប់មកលោកដឹកនាំរបបសឹកអស់ពេល៥ឆ្នាំ ក្នុងនាមជានាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលយោធា។
ការបោះឆ្នោតសកលកាលពីឆ្នាំមុន នាំអោយលោកវិលមកកាន់តំណែងដដែលវិញតាមរយៈគណបក្សតំណាងយោធាមួយ។ការតវ៉ាប្រឆាំងបច្ចុប្បន្នចោទប្រកាន់ថា រដ្ឋធម្មនុញ្ញឆ្នាំ២០១៧ បង្កើតឡើងក្រោមរបបយោធា ជួយអោយគណបក្សនិយមយោធានេះមានប្រៀបដោយអយុត្តិធម៌ នៅក្នុងការបោះឆ្នោតនិងការជ្រើសរើសនាយករដ្ឋមន្ត្រី។
សូមបញ្ជាក់ថានៅ១២ឆ្នាំមកនេះ តុលាការធម្មនុញ្ញថៃនេះបានកាត់សេចក្តីទម្លាក់នាយករដ្ឋមន្ត្រី៣រូបហើយ តែសុទ្ធតែជានាយករដ្ឋមន្ត្រីដែលស្និទ្ធនឹងអតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត ដែលក៏ត្រូវទម្លាក់ក្នុងរដ្ឋប្រហារយោធាកាលពីឆ្នាំ២០០៦។
តុលាការធម្មនុញ្ញនេះ ក៏ដូចយោធា ត្រូវបានចាត់ទុកជាសសរមួយនៃស្ថាប័នរាជានិយមថៃ ៕
រូបបញ្ចេញដោយការិយាល័យនាំពាក្យរដ្ឋាភិបាល បង្ហាញលោកប្រាយុទ្ធ ចុះជួបអ្នកគាំទ្រនៅខេត្ត សាមុត សុងក្រាម កាលពីថ្ងៃ០២ធ្នូ ក្នុងពេលតុលាការសំរេចក្តីនៅក្រុងបាងកក