ក្តី​សុបិន​អវកាស​របស់​ចិន ៖ ពី​ឋាន​ព្រះ​ចន្ទ​ទៅ​ឋាន​ផ្សេង​ទៀត​ដ៏​សែនឆ្ងាយ​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ ការចុះ​ចត​យាន​ស្រាវជ្រាវ​របស់​ចិន​នៅ​សប្តាហ៍​នេះ​នៅលើ​ផ្ទៃ​ព្រះ​ចន្ទ ដែល​ជា​ការប៉ុនប៉ង​លើកដំបូង​របស់​ប្រទេស​មួយ​ដើម្បី​យក​សំណាក​ព្រះ​ចន្ទ​ក្នុង​រយៈពេល​បួន​ទសវត្សរ៍ បាន​គូសបញ្ជាក់ថា​តើ​ប្រទេស​នេះ​ឈាន​ដល់​កម្រិត​ណា​ដើម្បី​សម្រេ​ចក្តី​សុបិន​របស់ខ្លួន​។​

​រដ្ឋាភិបាល​ក្រុង​ប៉េកាំ​ង​បាន​ចាក់​បញ្ចូល​ទឹក​ប្រាក់​រាប់ពាន់​លាន​ទៅ​ក្នុង​កម្មវិធី​អវកាស​ដែល​គ្រប់គ្រង​ដោយ​យោធា​របស់​ខ្លួន ដោយ​សង្ឃឹមថា​នឹង​មាន​ស្ថានីយ​អវកាស​មាន​មនុស្ស​ក្នុង​ឆ្នាំ ២០២២ ហើយ​នៅ​ទីបំផុត​នឹង​បញ្ជូន​មនុស្ស​ទៅ​ឋាន​ព្រះ​ចន្ទ​។​

​ចិន​បាន​ធ្វើដំណើរ​លើ​ផ្លូវ​ដ៏​សែនឆ្ងាយ​ដើម្បី​តាម​ឱ្យទាន់​ជាមួយ​សហរដ្ឋ​អាម៉េរិក​និង​រុស្ស៊ី ដែល​អវកាសយានិក​និង​តារាវិទូ​របស់ខ្លួន​មាន​បទពិសោធន៍​ជា​ច្រើន​ទសវត្សរ៍​ក្នុង​ការរុករក​នៅ​ទី​អវកាស​។​

​ទីក្រុង​ប៉េកាំង​មើលឃើញ​គម្រោង​អវកាស​របស់​ខ្លួន​ថា​ជា​សញ្ញា​សម្គាល់​នៃ​ការកើនឡើង​នូវ​ឋានៈ​លើ​ពិភពលោក​និង​ការរីកចម្រើន​ខាង​បច្ចេកវិជ្ជា​។​

​ខាងក្រោម​នេះ​គឺ​ជា​កម្មវិធី​អវកាស​របស់​ចិន​ឆ្លងកាត់​ច្រើន​ទសវត្សរ៍​មក​នេះ​និង​តើ​ចិន​បាន​ទៅ​ដល់​ទីណា​ហើយ ៖

– ការប្តេជ្ញា​ចិត្ត​របស់​ម៉ៅ​

​ភ្លាមៗ​បន្ទាប់​ពី​សហភាពសូវៀត​បាន​បាញ់​បង្ហោះ​ផ្កាយរណប​Sputnik ក្នុង​ឆ្នាំ ១៩៥៧ លោក​ប្រធាន​ម៉ៅ​សេទុង​បានប្រកាសថា “​យើង​ក៏​នឹង​បាញ់​បង្ហោះ​ផ្កាយរណប​ដែរ​”​។​

​ប៉ុន្តែ​ក្នុង​ឆ្នាំ ១៩៧០ ក្រោយ​ចំណាយពេល​ជាង​មួយ​ទសវត្សរ៍ ចិន​បាន​បាញ់​បង្ហោះ​ផ្កាយរណប​ដំបូង​របស់​ខ្លួន​នៅ​លើ​រ៉ុក្កែត Long March ។​

​ក្រោយ​ចំណាយពេល​រាប់​ទសវត្សរ៍ ទើប​ចិន​អាច​បង្កើត​បាន​យាន​ដឹក​មនុស្ស ដោយ​លោក យ៉ាង លី​វៃ ក្លាយជា “​អវកាស​យានិក​” ដំបូងបង្អស់​របស់​ចិន​ក្នុង​ឆ្នាំ ២០០៣ ។​

​ខណៈ​ការបាញ់​បង្ហោះ​ខិត​ជិត​មក​ដល់ ការព្រួយបារម្ភ​អំពី​លទ្ធភាព​ជោគជ័យ​នៃ​បេសកកម្ម​នេះ​បាន​បណ្តាលឱ្យ​ទីក្រុង​ប៉េកាំង​លុបចោល​ការ​ចាក់ផ្សាយ​តាម​ទូរទស្សន៍​នៅ​នាទីចុងក្រោយ​។​

​ប៉ុន្តែ​ការបាញ់​បង្ហោះ​បាន​ដំណើរការ​ទៅ​យ៉ាង​រលូន ដោយ​លោក​យ៉ាង​ពេលនោះ​បាន​ធ្វើដំណើរ​ជុំវិញ​ផែនដី​ចំនួន ១៤ ដង​ក្នុង​អំឡុងពេល​ហោះហើរ ២១ ម៉ោង​របស់​លោក​នៅ​លើ​យាន Shenzhou 5​។ ចិន​បាន​បាញ់​បង្ហោះ​យាន​មាន​មនុស្ស​ចំនួន ៥ លើក​បន្ទាប់​ពី​នោះ​។​

– ស្ថានីយ​អវកាស និង យាន “Jade Rabbit”

​ដើរ​តាម​គន្លង​របស់​សហរដ្ឋអាម៉េរិក​និង​រុស្ស៊ី ចិន​កំពុង​ខិតខំ​សាងសង់​ស្ថានីយ​អវកាស ដែល​គោចរ​ជុំវិញ​ភពផែនដី​របស់​យើង​។​

​យាន​មន្ទីរពិសោធន៍ Tiangong-1 ត្រូវ​បាន​បាញ់​បង្ហោះ​នៅ​ខែ​កញ្ញា​ឆ្នាំ ២០១១ ។​

​ក្នុង​ឆ្នាំ ២០១៣ ស្ត្រី​ជនជាតិ​ចិន​ទី ២ ក្នុង​វិស័យ​អវកាស​គឺ​លោកស្រី វ៉ាង យ៉ា​ភីង បាន​ផ្តល់​មេរៀន​តាម​វី​ឌី​អូ​ពី​ខាងក្នុង​យានអវកាស​ដល់​កុមារ​នៅ​ទូទាំងប្រទេស​ដែល​មាន​ប្រជាជន​ច្រើន​បំផុត​នៅលើ​ពិភពលោក​មួយ​នេះ​។​

​យាន​នេះ​ក៏​ត្រូវបាន​ប្រើ​សម្រាប់​ពិសោធន៍​ផ្នែក​វេជ្ជសាស្ត្រ​ផងដែរ ហើយ​អ្វី​ដែល​សំខាន់​បំផុត​គឺ​វា​ជា​ការ​ធ្វើ​តេស្ត​សាកល្បង​ក្នុង​បំណង​រៀបចំ​សម្រាប់​ការសាងសង់​ស្ថានីយ​អវកាស​។​

​បន្ទាប់​ពី​យាន​មន្ទីរពិសោធន៍​នេះ ចិន​បាន​បាញ់​បង្ហោះ​យាន Jade Rabbit ក្នុង​ឆ្នាំ ២០១៣ ដែល​ដំបូង​ហាក់ដូចជា​បរាជ័យ នៅពេល​វា​ទំនង​ធ្លាក់​ខូច និង ឈប់​បញ្ជូន​សញ្ញា​ត្រឡប់​មក​ផែនដី​វិញ​។​

​ទោះយ៉ាងណា វា​បាន​ស្តារ​ស្ថានការណ៍​ឡើងវិញ​បាន ហើយ​ទីបំផុត​បាន​ធ្វើការ​ស្ទាបស្ទង់​លើ​ផ្ទៃ​ព្រះ​ចន្ទ​រយៈពេល ៣១ ខែ លើស​ពី​អាយុកាល​រំពឹង​ទុក​ទៅទៀត​។​

​ក្នុង​ឆ្នាំ ២០១៦ ចិន​បាន​បាញ់​បង្ហោះ​យាន​មន្ទីរពិសោធន៍​ទី ២ របស់​ខ្លួន​គឺ​យាន Tiangong-2 ចូលទៅ​ក្នុង​ដង​តារា​វិថី​នៅ​កម្ពស់ ៣៩៣ គីឡូម៉ែត្រ​ពី​លើ​ផែនដី​។ អវកាស​យានិក ដែល​បាន​ទៅដល់​ស្ថានីយ​នេះ បាន​ធ្វើ​ការពិសោធន៍​ការដាំដុះ​ស្រូវ​និង​រុក្ខជាតិ​ដទៃទៀត​ក៏​ដូច​ជា​ការ​ចូល​ចត​យានអវកាស​ផងដែរ​។​

​ចិន​បាន​ចាកចេញ​ពី​ការខិតខំ​ប្រឹងប្រែង​របស់​ស្ថានីយ​អវកាស​អន្តរជាតិ​ដោយ​ចេតនា ប៉ុន្តែ​ឥឡូវនេះ​គេ​រំពឹងថា​ចិន​នឹង​ចាប់ផ្តើម​ដំឡើង​ស្ថានីយ​អវកាស​របស់ខ្លួន​នៅ​ឆ្នាំ​២០២០​នេះ ដោយ​ក្រុម​អវកាសយានិក​នឹង​ចាប់ផ្តើម​ប្រើប្រាស់​វា​នៅ​ប្រហែល​ឆ្នាំ ២០២២ ។​

– “​ក្តី​សុបិន​ផ្នែក​អវកាស​”

​នៅក្រោម​ការដឹកនាំ​រប​ស់លោក​ប្រធានាធិបតី​ស៊ី ជីន​ភីង ផែនការ​សម្រាប់ “​ក្តី​សុបិន​ផ្នែក​អវកាស​” ត្រូវបាន​ដាក់​ឱ្យ​អនុវត្ត​ក្នុង​ល្បឿន​យ៉ាង​លឿន​បំផុត​។​

​ទីបំផុត​ចិន​កំពុង​សម្លឹង​តាម​ឱ្យទាន់​សហរដ្ឋ​អាម៉េរិក​និង​រុស្ស៊ី បន្ទាប់​ពី​ការប្រឹងប្រែង​អស់​ជាច្រើន​ឆ្នាំ​ដើម្បី​សម្រេច​ឱ្យ​បាន​សមិទ្ធផល​ជា​ប្រវត្តិសាស្ត្រ​ស្មើ​នឹង​ប្រទេស​ទាំង​ពីរ​។​

​ក្រៅពី​ស្ថានីយ​អវកាស ចិន​ក៏​គ្រោង​នឹង​សាងសង់​មូលដ្ឋាន​នៅលើ​ឋាន​ព្រះ​ចន្ទ​ផងដែរ ដោយ​លោក​ចាង ខេ​ចៀន ប្រធាន​រដ្ឋបាល​អវកាស​ជាតិចិន បាន​និយាយ​កាលពី​ឆ្នាំមុន​ថា គោលបំណង​គឺ​បាញ់​បង្ហោះ​យាន​មាន​មនុស្ស​ទៅ​ឋាន​ព្រះ​ចន្ទ​ក្នុង​ឆ្នាំ ២០២៩​។​

​ប៉ុន្តែ​ការងារ​សម្រាប់​ឋាន​ព្រះ​ចន្ទ​បាន​ជួប​ឧបសគ្គ​ក្នុង​ឆ្នាំ ២០១៧ នៅពេល​ដែល​រ៉ុក្កែត Long March-5 Y2 ដែល​ជា​រ៉ុក្កែត​ផ្ទុក​ទម្ងន់​ធ្ងន់​ដ៏​ខ្លាំងក្លា ខកខាន​មិន​អាច​ដឹក​ផ្កាយរណប​ទំនាក់ទំនង​ទៅដល់​ដង​តារាវិថី​។​

​ការណ៍​នេះ​បាន​បង្ខំ​ឱ្យមាន​ការពន្យារពេល​នៃ​ការបាញ់​បង្ហោះ​យាន Chang’e-5 ដែល​ដើមឡើយ​គ្រោង​នឹង​ប្រមូល​សំណាក​ព្រះ​ចន្ទ​នៅ​ឆមាស​ទី ២ ឆ្នាំ ២០១៧ ។​

​យាន​រ៉ូបូត​មួយ​ទៀត​ឈ្មោះ Chang’e-4 បាន​ចុះចត​នៅ​គែម​ឆ្ងាយ​នៃ​ឋាន​ព្រះ​ចន្ទ​នៅ​ខែ​មករា​ឆ្នាំ ២០១៩ ដែល​ជា​យាន​ប្រវត្តិសាស្ត្រ​ដំបូង​គេ​ទៅដល់​ឋាន​ព្រះ​ចន្ទ​។​

​ទីភ្នាក់ងារ​អវកាស​ជាតិ​បាន​និយាយថា យាន Chang-e’5 បាន​ចុះចត​នៅ​ចុង​ផ្ទៃ​ព្រះ​ចន្ទ​កាលពី​ថ្ងៃ​អង្គារ កន្លែង​ដែល​វា​នឹង​ប្រមូល​ថ្ម​និង​ដី​ពី​ព្រះ​ចន្ទ​។​

​អវកាសយានិក​និង​អ្នកវិទ្យាសាស្ត្រ​ចិន​ក៏​បាន​និយាយ​ពី​បេសកកម្ម​មាន​មនុស្ស​ទៅ​កាន់​ភព​ព្រះ​អង្គារ​ផងដែរ ខណៈ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ខិតខំ​ព្យាយាម​ដើម្បី​ក្លាយជា​មហាអំណាច​អវកាស​ពិភពលោក​៕

​យាន Chang-e’5 ត្រូវ​បាន​បាញ់​បង្ហោះ​ដើម្បី​ប្រមូល​សំណាក​ពី​ព្រះ​ចន្ទ​មក​ផែនដី​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular