ដោយៈ វ៉ៃកូ / ស្វាយរៀងៈ ដោយអនុវត្តតាមការណែនាំ របស់លោកនាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកចន្ទ្រា និងក្រុងបាវិត ដែលបានជំរុញឱ្យអាជ្ញាធរស្រុក និងមន្ទីរពាក់ព័ន្ធ ចុះស្ថាបនាផ្លូវឡើងវិញ ក្រោយពីជំនន់ទឹកភ្លៀង នៅខែវស្សា កន្លងទៅនេះ លោក ថន ថាវុទ្ធា អភិបាលស្រុកចន្ទ្រា នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០នេះ បានដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យ និងនាំគ្រឿងចក្រ ជួសជុលផ្លូវក្រាលថ្មមិច ប្រវែង ២៤០ម៉ែត្រ ចាប់ពីកែងវត្តបទុមរង្សី ក្នុងភូមិចេក ឃុំសំរោង កាត់តាមភូមិទួលអំពិល ភូមិទួលស្ពាន ដល់កែងវត្តព្រៃខ្លូត ក្នុងភូមិត្រពាំងរុន ឃុំច្រេសដែល រងការខូចខាត ដោយជំនន់ទឹកភ្លៀង នាពេលកន្លងមក ចំណាយអស់ថវិកា ២.៥០០ ដុល្លារ ដោយទទួលបាន ការជួយឧបត្ថម្ភថវិកាពី នាយឧត្តមសេនីយ៍ ម៉ឹង សំផន។
លោក ថន ថាវុទ្ទា បានផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់នាយឧត្តមសេនីយ៍ ម៉ឹង សំផន និងលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ជូនដល់ប្រជាពលរដ្ឋ ទាំងអស់ពិសេស ប្រជាពលរដ្ឋ ដែលរស់នៅអមសងខាងផ្លូវ ត្រូវជួយថែរក្សាផ្លូវ ឱ្យបានល្អ និងយូអង្វែងហើយ សូមឱ្យអាជ្ញាធរភូមិ ឃុំ ត្រូវផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋ នៅតាមភូមិ ឃុំ ក្នុងស្រុកចន្ទ្រា មិនត្រូវចាក់ដីភូមិ ខ្ពស់ជាងផ្លូវ និងមិនអនុញ្ញាត ឱ្យសង់ផ្ទះ ឬតៀម ដល់ចិញ្ចើមផ្លូវនោះទេ។
ជាមួយគ្នានេះ លោកក៏អំពាវនាវ សូមឱ្យប្រជាពលរដ្ឋទាំងអស់ ត្រូវថែរក្សាសុខភាព ឱ្យបានល្អ នារដូវចុះត្រជាក់នេះ ហើយកត្តាដែលសំខាន់នោះ គឺត្រូវប្រកាន់យក នូវការរស់នៅស្អាត ពិសាទឹកដាំពុះ ហូបស្អាត សម្អាតបរិស្ថានជុំវិញផ្ទះ ណែនាំកូនចៅ ឱ្យគោរពច្បាប់ចរាចណ៍ ចៀសឆ្ងាយគ្រឿងញៀន គេងក្នុងមុង ដើម្បីការពារជំងឺគ្រុនឈាម ហើយត្រូវដាំដំណាំ ចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ និងជាពិសេសនោះ កុំធ្វេសប្រហែសពីជំងឺកូវីដ-១៩ ឱ្យសោះ ត្រូវអនុវត្តន៍តាមការណែនាំរបស់ ក្រសួងសុខាភិបាល និងសេចក្តី ជូនដំណឹង របស់រដ្ឋបាលខេត្ត ស្ដីអំពីការបង្ការ ទប់ស្កាត់ ជំងឺកូវីដ-១៩ ព្រោះមួយរយៈពេលដ៏ខ្លីនេះ មានករណីឆ្លងថ្មី ជាសហគមន៍ ដោយជំងឺដ៏កាចសាហាវ ដូច្នេះត្រូវបង្កើនការធ្វើអនាម័យជាប្រចាំដោយលាងដៃ ជាមួយសាប៊ូ អាល់កុល ជែល ពាក់ម៉ាស និងនៅគម្លាតគ្នាជាដើម៕PC