ដោយ: គូលែន / ភ្នំពេញ: ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ លោក ពិន ប្រាកដ អភិបាលរងខេត្ត តំណាងលោក ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន សមាជិក ស.ស.យ.ក និងអ្នកពាក់ព័ន្ធ បាននាំយកអាកុលចំនួន ៥០ដប និងម៉ាស់ ចំនួន៩,០០០ម៉ាស់ ដែលជាអំណោយរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ចែកជូនដល់អាជីវករផ្សាចាស់ បងប្អូនលក់ដូរជុំវិញផ្សាចាស់ អាជីវករលក់ដូរជុំវិញផ្សារទំនើបអង្គរត្រេតសិនធ័រ អ្នកបើកបរម៉ូតូកង់បី ម៉ូតូឌុប និងចែកជូនដល់រដ្ឋបាលសង្កាត់ស្វាយដង្គំ ដើម្បីយកទៅប្រើប្រាស់ និងចែកជូនបន្តដល់បងប្អូនប្រជាពលរដ្ឋ ដែលបានមករកសេវានៅមូលដ្ឋានសង្កាត់ស្វាយដង្គំ។
លោកអភិបាលរងខេត្ត ក៏បានណែនាំ និងផ្ដាំផ្ញើដល់បងប្អូនអាជីវករទាំងអស់ឲ្យចូលរួមពាក់ម៉ាស់ ធ្វើអនាម័យ និងរស់នៅស្អាតទាំងអស់គ្នា ដើម្បីរួមចំណែកការពារ និងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ និងបានបញ្ជាក់ពីការយកចិត្តទុកដាក់លើបញ្ហាសុខភាពរបស់បងប្អូនអាជីវករ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទាំងអស់ពីអាជ្ញាធរខេត្ត។
រដ្ឋបាលខេត្ត និងអាជ្ញាធរគ្រប់ថ្នាក់ សំណូមយ៉ាងទទូចដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ មេត្តាកុំភ្លេចនូវ ៣ចំណុច សាមញ្ញៗគឺ៖
១.កុំភ្លេចវិធានការពារពាក់ម៉ាស់ ឬក្រម៉ា
២.កុំភ្លេច ជែល អាកុល ឬលាងដៃនឹងសាប៊ូ
៣.កុំភ្លេច រក្សាគម្លាតសុវត្ថិភាព និងចៀសវាងការជួបជុំលក្ខណៈទ្រង់ទ្រាយធំ។ រដ្ឋបាលខេត្តសង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋទាំងអស់នឹងចូលរួមសហការទាំងអស់គ្នា ដើម្បីចូលរួមទប់ស្កាត់ និងអនុវត្តតាមវិធានការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល៕