ដោយ៖តារារិទ្ធ/ភ្នំពេញ៖លោក ទួរ ម៉ាតាន់ រ៉ូក់(Taur Matan Ruak) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តបានផ្ញើសារលិខិតថ្លែងអំណរ គុណសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះការឧបត្ថម្ភម៉ាស១លាន៥ម៉ឺននិងបរិក្ខារពេទ្យជាច្រើដល់ ប្រទេសទីម័រឡេស្តដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
តាមសារលិខិតចុះនៅថ្ងៃទី ១ខែធ្នូ ឆ្នាំ២០២០ លោកនាយករដ្ឋមន្ត្រីទីម័រឡេស្តបានថ្លែងថា៖ «តាងនាមរដ្ឋាភិបាលនិងប្រជាជនទីម័រឡេស្តេខ្ញុំសូមសម្ដែងនូវការ ដឹងគុណដ៏ស្មោះស្ម័គ្រជូនចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី និង រាជរដ្ឋាភិបាលនៃព្រះរាជណាចក្រកម្ពុជាសម្រាប់ការផ្តល់នូវម៉ាស់ចំនួន១លាននិងសម្ភារៈវេជ្ជ សាស្ត្រផ្សេងទៀត ជូនដល់ប្រជាជនទីម័រឡេស្ដ»។
សារលិខិតបានបន្តថា៖«កាយវិការសាមគ្គីភាពនេះគឺជាការបោះជំហានទៅមុខក្នុងទំនាក់ទំនងទ្វេភាគីរវាងប្រទេសយើងទាំងពីរនិងជាការគូសបញ្ជាក់នូវសមាន ចិត្តចែករំលែកនិងការយកចិត្តទុកដាក់ទៅវិញទៅមករវាងប្រជាជននៃព្រះរាជាណាចក្រកម្ពុជានិងប្រជាជនទីម័រឡេស្តេ។ដូចការលើកឡើងដ៏ត្រឹមត្រូវរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីដែលថានេះគឺជាកិច្ចសហប្រតិបត្តិការដែលនឹងអនុញ្ញាតឱ្យយើងអាចជម្នះបានលើជំងឺរាតត្បាតកូវីដ-១៩»។
លោកនាយករដ្ឋមន្ត្រីទីម័រឡេស្តក៏បានសម្ដែងផងដែរនូវការដឹងគុណចំពោះការគាំទ្រឥតងាករេរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ប្រទេសទីម័រឡេស្តក្នុងការចូលជាសមាជិកអាស៊ាននិងអង្គការពាណិជ្ជកម្មពិភពលោកអស់រយៈកាលជាច្រើនឆ្នាំកន្លងមក ។ លោកអះអាងថាលោកនៅតែបន្ត ពឹងផ្អែកលើការគាំទ្រនេះនៅក្នុងកិច្ចដំណើរការនាំទៅរកការអនុម័តឱ្យប្រទេសទីម័រឡេស្តេក្លាយជាសមាជិកទី១១ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍។
គួរបញ្ជាក់ថាម៉ាសរបស់កម្ពុជាចំនួន១លាន៥ម៉ឺននិងសម្ភារៈបរិក្ខារមួយចំនួនទៀតត្រូវបានដឹកតាមយន្តហោះពិសេសចាកចេញពីរាជធានីភ្នំពេញឆ្ពោះទៅកាន់ប្រទេសទីម័រខាងកើត(ទីម័រឡេស្ត) ត្រូវបានធ្វើពិធីប្រគល់ជូនរដ្ឋាភិបាលនិងប្រជាជនទីម័រខាងកើតរួចរាល់ហើយនៅថ្ងៃទី០២ខែធ្នូ ឆ្នាំ២០២០នេះ។អំណោយទាំង នេះត្រូវបានដឹកនាំដោយលោកអ៊ុច បូររិទ្ធ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនិងជារដ្ឋលេខាធិការប្រចាំការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិតំណា ងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា។
ជំនួយរបស់កម្ពុជាផ្តល់ជូនប្រទេសទីម័រឡេស្តនាពេលនេះរួមមាន៖ ៖ ម៉ាសចំនួន១លាន, ម៉ាសក្រណាត់៥ពាន់, ម៉ាស N95 ចំនួន១ម៉ឺន, វែនតាសុវត្ថិភាពចំនួន ១ម៉ឺន,សំលៀកបំពាក់សុវត្ថិភាពសម្រាប់មន្ត្រីសុខាភិបាល (ជាឈុត)ចំនួន១ម៉ឺនឈុត,ឧបករណ៍វាស់កំដៅចំនួន២៥០, របាំងមុខចំនួន១ម៉ឺន,ម៉ាស៊ីនជំនួយដល់ ការដកដង្ហើមសម្រាប់ប្រយោធនកម្មចំនួន១០, ទូរទស្សន៍តាមដានសុខភាពអ្នកជំងឺនិងសម្ភារបន្ទាប់បន្សំម៉ូឌែល Vista 120 ចំនួន១០, ម្សៅថ្នាំបាញ់សម្លាប់មេ រោគ២៥គីឡូក្រាមក្នុង១ធុង (ក្លរ៉ាមីនប្រភេទB) ២៥០កេស, ស្បែកជើងក៏វែងសុវត្ថិភាព ៥០០គូ និង សាប៊ូលាងដៃ១ពាន់គូ។
គួរបញ្ជាក់ផងដែរថារាជរដ្ឋាភិបាលកម្ពុជាទើបបានផ្តល់ម៉ាសចំនួនជាង២លាននិងសម្ភារពេទ្យមួយចំនួនដល់ប្រទេសឡាវ និង ផ្តល់ម៉ាសចំនួនជាង២លាននិង សម្ភារពេទ្យមួយចំនួនទៀតដល់ប្រទេសមីយ៉ាន់ម៉ាដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅក្នុងប្រទេសទាំងនោះ៕