Home ព័ត៌មានជាតិ សេដ្ឋកិច្ច ​ចេកអំបូង​លឿង...

​ចេកអំបូង​លឿង នៅ​ខេត្តរតនគិរី ដាំ​បាន​ដល់​មួយ​ម៉ឺន​ហិកតា​ហើយ​

​ដោយៈ ប​.​ខុន / ភ្នំពេញៈ ដំណាំ​ចេកអំបូង​លឿង នៅ​ខេត្តរតនគិរី មកដល់ពេលនេះ ក្រុមហ៊ុន​វិនិយោគ ដាំ​បាន​ចំនួន​ប្រមាណ​ជា មួយ​ម៉ឺន​ហិកតា​ហើយ នៅក្នុង​គម្រោង​សរុប ជាង ពីរម៉ឺន​ហិកតា ក្នុងនេះ ដំណាំ​ចេក​ប្រមាណ​ជាង ៦.០០០ ហិកតា បាន​នឹង​កំពុង​ប្រមូល​ផល​នាំចេញ​។ នេះ​បើតាម​បណ្ឌិត សយ សូ​ណា ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តរតនគិរី បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង នៅ​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០២០ ។​

​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខាងលើ និយាយ​ឱ្យដឹងទៀតថាៈ ផ្លែ​ចេកអំបូង​លឿង ដែល​ធ្វើ​ការដាំដុះ ដោយ​ក្រុមហ៊ុន ហ័ង​យ៉ា​ឡាយ​នេះ សព្វ ថ្ងៃ បាន​នាំ​ចេញទៅ​ក្រៅប្រទេស ក្នុង​មួយថ្ងៃ ចំនួន ៣០០ តោន (១០​កុងតឺន័រ​) ។ តាម​គម្រោង​របស់​ក្រុមហ៊ុន ត្រូវ​នាំចេញ​ច្រើនជាង​នេះ នៅពេល​ដាំ​ពេញ​លើ​ផ្ទៃដី​វិ​និ យោគ ជាង​ពីរម៉ឺន​ហិកតា​នោះ ។ ផ្លែ​ចេកអំបូង​លឿង ត្រូវបាន​គេ​នាំចេញ ទៅកាន់​ប្រទេស​ចិន និង​ជប៉ុន ដោយមាន​ការ​វេច​ខ្ចប់ យ៉ាង​ត្រឹមត្រូវ​បំផុត​។​

​លោក សយ សូ​ណា បានឱ្យដឹង​ទៀតថាៈ ចេកអំបូង​លឿង​នេះ មាន​ដាំ​តែ​នៅ លើ​ផ្ទៃដី​វិនិយោគ របស់​ក្រុមហ៊ុន​ទេ នៅតាម​ចម្ការ​របស់ ប្រជាពលរដ្ឋ មិនមាន​អ្នក​ដាំ​ទេ ព្រោះ​គ្មាន​ទីផ្សារ​។ ក្រុមហ៊ុន​ដាំចេក​អំបូង​លឿង នៅក្នុង​ខេត្តរតនគិរី សព្វថ្ងៃ ប្រើប្រាស់​កម្មករ សរុប​ប្រមាណ​ជា មួយ​ម៉ឺន​នាក់ តែ​កម្មករ​អចិន្ត្រៃយ៍ មានតែ​ជាង ៦.០០០ នាក់ ដោយ​ម្នាក់ៗ ទទួលបាន​ប្រាក់កម្រៃ ជា​មធ្យម ៣៥.០០០ រៀល​៕/V​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular