ពលរដ្ឋ​ជាង ២០០​គ្រួសារ​នៅ​ស្រុក​គី​រី​សាគរ​សុំ​អន្តរាគមន៍​ពីស​ម្តេច​តេ​ជោ រឿង​ដីធ្លី​

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ ប្រជាពលរដ្ឋ​ជាង ២០០​គ្រួសារ​រស់នៅ​ភូមិ​សំរុង​តាកែវ ឃុំ​ព្រែក​ខ្សាច់ (១៨៤​គ្រួសារ​) និង​ភូមិ​ភ្ញី​មាស (២៤​គ្រួសារ​)​ស្រុក​គី​រី​សាគរ​ខេត្តកោះកុង​ដែលមាន​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន​យូ​ញៀន​ឌី​វី​ឡុ​ប​មេន​ជាច្រើន​ឆ្នាំ​មកហើយ​បាន​ស្វែងរក​អន្តរាគមន៍​ពីស​ម្តេច​តេ​ជោ​ហ៊ុនសែន​ប្រមុខ​រាជរដ្ឋាភិបាល​និង​ក្រសួង​,​ស្ថាប័ន​ពាក់​។​ចំណែក​លោកស្រី​អភិបាលខេត្ត​កោះកុង​បានបញ្ជាក់​ថាករណី​នេះមានតែ​អន្តរក្រសួង​ទេ​ទើប​អាច​ដោះស្រាយបាន​។

ពលរដ្ឋ​ជាង ២០០​គ្រួសារ​នៅ​ស្រុក​គី​រី​សាគរ​សុំ​អន្តរាគមន៍​ពីស​ម្តេច​តេ​ជោ រឿង​ដីធ្លី​(រូបថតសហការី)

​តំណាង​ប្រជាពលរដ្ឋ​ឈ្មោះ សែម ធី បាន​ឲ្យ​ដឹងថា ពួកគាត់​បានមក​រស់​នៅ​កាន់កាប់​ប្រើប្រាស់​និង​អាស្រ័យ​ផល​លើ​ចំណុច​ដី​នេះ តាំងតែ​ពី​ឆ្នាំ​១៩៧៩ មានផ្ទះ​សម្បែង មុខរបរ បង្កបង្កើនផល​ចិញ្ចឹមជីវិត​រៀងមក មិនដែល​អាក់ខាន​ម្តងណា​ឡើយ​។ ក្រៅពី​ការធ្វើ​ស្រែចម្ការ​ពួកគាត់​ជា​អ្នកនេសាទ​ត្រី​សមុទ្រ​ដើម្បី​បំពេញ​ជីវភាព​ខ្វះខាត​។​តំណាង​ដដែល​បន្តថា​ចាប់តាំងពី​ក្រុមហ៊ុន​យូ​ញៀន​ឌី​វី​ឡុ​ប​មេន​មក​អភិវឌ្ឍន៍​តំបន់​នេះ​ពួកគាត់​ទទួលរង​ការ​គំរាមកំហែង​និង​អាច​ទទួលរង​ការបណ្តេញ​ចេញពី​លំនៅឋាន ព្រោះ​ពួកគាត់​មិន​ព្រម​ទទួលយក​ដំណោះស្រាយ​កន្លងមក​ទេ​។គាត់​គឺ​ចង់​រស់នៅ​ទឹកដី​ចាស់​ដែលមាន​ស្រាប់តែ​ខាង​អាជ្ញាធរ​មិន​ព្រម​ដោះស្រាយ​តាម​ការ​ឆ្វៀល​ដី​របស់​ពួកគាត់​ចេញពី​ដី​ក្រុមហ៊ុន​។​

​ពលរដ្ឋ​ឈ្មោះ សែម ធី បាន​ថ្លែង​​ថា សូម​ឲ្យ​ព័ត៌មាន​នេះ បាន​ទៅដល់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ជួយ​កាត់​ឆ្វៀល​ឲ្យ​ពួក​ខ្ញុំ​បានរស់នៅ​ធ្វើស្រែ​ចម្ការ​ដូចដើម​ហើយ​មិន​ចេញពី​កន្លែងចាស់​ទេ​។​ក្រុមហ៊ុន​មក​ឈូសឆាយ​ធ្វើបាប​ប្រជាជន ។​គេ​ថា​យើង​ទៅ​បំពាន​លើដី​ក្រុមហ៊ុន។ ពួក​ខ្ញុំ​មក​រស់នៅ​ទីនេះ​យូរហើយ ។ស្លាប់​មេឃុំ​អស់ពី​រហើយ​នៅទីនេះ​។​
​ប្រជាពលរដ្ឋ​បាន​សំណូមពរ​ដល់​សម្តេចនាយក​រដ្ឋមន្ត្រី​មេត្តា​កាត់​ឆ្វៀល​ដី​ឲ្យ​ពួកគាត់​បានរស់នៅ និង​អភិវឌ្ឍន៍​នៅនឹងកន្លែង ។​ពួក​គាត់​អត់​ចង់​ដោះដូរ​ទៅ​រស់នៅ​កន្លែង​ថ្មី​ទេ​។​

លោកស្រី មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុង(រូបថតឯកសារ)

ចំណែក​លោកស្រី មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុង បាន​មានប្រសាសន៍ប្រាប់​រស្មី​កម្ពុជា​នៅ​រសៀល​ថ្ងៃទី​២ ខែធ្នូ​នេះ​ថា ចំពោះ​ករណីនេះ​គឺ​ខាង​ខេត្ត​មិនអាច​ដោះស្រាយ​បានទេ។​មានតែ​អន្តរក្រសួង​ទើប​អាច​ដោះស្រាយ​បាន​។​ខេត្ត​បានធ្វើ​របាយការណ៍​ទៅ​អន្តរក្រសួង​អស់ហើយ​។​លោកស្រី​អភិបាលខេត្ត​បាន​បញ្ជាក់ថា​អន្តរក្រសួង​កំពុងតែ​រៀបចំ​ជិត​ចុះមក​ដោះស្រាយ​បញ្ហា​នេះហើយ តែដោយសារ​តែ​បញ្ហា​កូ​វីដ គឺ​មិនទាន់​អាច​ចុះមក​ដោះស្រាយបាន​។​

អភិបាលខេត្ត​កោះកុង​បានបញ្ជាក់​យ៉ាង​ដូ​ច្នះ​ថា “​ចំពោះ​ខេត្ត ខេត្ត​អត់​អាច​ដោះស្រាយ​បានទេ មានតែ​អន្តរក្រសួង សម្រាប់​ខេត្ត​បានធ្វើ​របាយការណ៍​ទៅ​អន្តរក្រសួង​អស់ហើយ​។​គេ​កំពុងតែ​រៀបចំ​ជិត​ចុះ​មកហើយ​តែដោយសារ​កូ​វីដ​គាត់​ចុះមក​អត់​កើត​”៕​សរន

ពលរដ្ឋ​ជាង ២០០​គ្រួសារ​នៅ​ស្រុក​គី​រី​សាគរ​សុំ​អន្តរាគមន៍​ពីស​ម្តេច​តេ​ជោ រឿង​ដីធ្លី​(រូបថតសហការី)

ពលរដ្ឋ​ជាង ២០០​គ្រួសារ​នៅ​ស្រុក​គី​រី​សាគរ​សុំ​អន្តរាគមន៍​ពីស​ម្តេច​តេ​ជោ រឿង​ដីធ្លី​(រូបថតសហការី)

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular