​ដោយៈ​សុផល​/ភ្នំពេញ​៖ វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី​(AVI)​បាន​សិក្សា​ស្រាវ​ទៅលើ​គំរោង​ក្រុមហ៊ុន​ចិន​ធំៗ​នៅ​កម្ពុជា ហើយ​បាន​យល់ឃើញថា​គម្រោង​ទាំងនេះ បាន​អំណោយផល​ដល់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​នៃ​សេដ្ឋកិច្ចជាតិ​និង​សង្គម​នៅ​កម្ពុជា​។​

​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី​បាន​សិក្សា​ស្រាវជ្រាវ​ទៅលើ​ក្រុមហ៊ុន​ចិន​និង​ក្រុមហ៊ុន​សហ​ការ​វិនិយោគ​រួមគ្នា​រវាង​ចិន​និង​កម្ពុជា​៦​ធំៗ​នៅ​កម្ពុជាមានដូចជា​ក្រុមហ៊ុន​សាង​សង់​ផ្លូវ ស្ពាន ធនាគារ ក្រុមហ៊ុន​ទំនិញ​រួច​ពន្ធ វា​រី​អគ្គិសនី ដែល​សុទ្ធសឹង​ជា​ក្រុមហ៊ុន​ដែល​នាំ​មុខ​ក្នុង​វិស័យ​វិនិយោគ​នៅ​កម្ពុជា​។

​របាយការណ៍​ស្រាវជ្រាវ​ដែល​ចំណងជើង​ថា “​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​នៃ​សហ​គ្រាស​ចិន​នៅ​កម្ពុជា​”​បាន​សន្មត​ឃើញថា ការវិនិយោគ​របស់​ក្រុមហ៊ុន​ចិន​បាន​ចូលរួម​ចំណែក​ក្នុងការ​អភិវឌ្ឍ​នៅ​កម្ពុជា​តាមរយៈ​ការលើកកម្ពស់​ជីវភាព ការលើកស្ទួយ​សេដ្ឋកិច្ច កិច្ចការពារបរិស្ថាន ការងារ​សង្គម និង​កិច្ចការ​មនុស្សធម៌ ដែល​បាន​ជួយ​កម្ពុជា​កន្លងមកនេះ​។​

​ទាក់ទង​នឹង​ការស្រាវជ្រាវ​នេះ​លោក​បណ្ឌិត​កែវ ពិសិដ្ឋ ប្រធាន​មជ្ឈមណ្ឌល​ការ​សិក្សា​​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​នៃ​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី បានផ្តល់​បទ​សម្ភាសន៍ ​ដ​ល់​សារពត៌មាន​រស្មី​កម្ពុជា និង​សារពត៌មាន​ផ្សេងទៀត​កាលពីពេល​ថ្មីៗ​នេះ​តាម​វីដេអូ​ខន់​ហ្វ្រេ​ន​។​

​យោងតាម​លោក​បណ្ឌិត​កែវ ពិសិដ្ឋ បានឱ្យដឹងថា​៖ ការសិក្សា​ស្រាវជ្រាវ​របស់​វិទ្យា​ស្ថាន​ចក្ខុវិស័យ​អាស៊ី​ដែល​បានចាប់ផ្ដើម​ពីសី​ហា ដល់​ខែតុលា បាន​សិក្សា​ទៅលើ​ក្រុមហ៊ុន​ចិន​និង​ក្រុមហ៊ុន​សហការ​វិនិយោក​រួមគ្នា​រវាង​ចិន​និង​កម្ពុជា​ចំនួន​៦ រួមមាន​ក្រុមហ៊ុន​វា​រី​អគ្គីសនី​សេសា​ន​ក្រោម​២ ក្រុមហ៊ុន China duty-free group ក្រុមហ៊ុន China Gezhouba Group Corporation , ធនាគារ​ចិន Bank of China Phnom Penh Branch , ក្រុមហ៊ុន China road and bridge corporation និង​ក្រុមហ៊ុន Yunann construction Investment Holding Group ។ ក្នុងនោះ​ក្រុមហ៊ុន​វា​រី​អគ្គីសនី​សេសា​ន​ក្រោម​២ មាន China Huaneng Group​ជា​ម្ចាស់​ភាគហ៊ុន​ធំ និង ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប​ជា​ម្ចាស់​ភាគហ៊ុន​ធំ​ទី​ពីរ​។​

​បើតាម​លោក​បណ្ឌិត​បានឱ្យដឹងថា​៖« ប្រទេស​ចិន​គឺជា​ប្រទេសមួយ​ដែលមាន​ការ​វិនិយោគ​ច្រើនជាងគេ​នៅ​កម្ពុជា បើ​គិតពី​ឆ្នាំ​១៩៩៤​ដល់​ឆ្នាំ​២០១៩ តួលេខ​ទំហំ​វិនិយោគ​របស់​ក្រុមហ៊ុន​ចិន​មាន​ប្រមាណ​១​ភាគ​៥ នៃ​ចំនួន​ទឹកប្រាក់​វិនិយោគ​សរុប​នៅ​កម្ពុជា​។​បន្ទាប់ពី​ប្រទេស​ចិន គី​ក្រុមហ៊ុន​វិនិយោគ​ដែល​មកពី​សាធារណៈរដ្ឋ​កូរ៉េ អង់គ្លេស ម៉ាឡេស៊ី​ជប៉ុន និង វៀតណាម» ។

​លោក​បណ្ឌិត​កែវ ពិសិដ្ឋ បាន​មាន​ប្រសា​ស​ន៏​ឱ្យដឹងថា ខ្លឹមសារ​របាយការណ៍​ដែល​ក្រុមការងារ​លោក​បាន​សរ​សេរ​ឡើង​គឺ​ផ្តោត​សំខាន់​លើ​ដំណើរការ​ប្រតិបត្តិការ​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ចិន​នៅ​កម្ពុជាវាយតម្លៃ​ផលប៉ះពាល់​ដល់​បរិស្ថាននិង​ផ្ដោ​ត​លើ​​​​វិធានការ​កាត់បន្ថយ​ការប៉ះពាល់​សង្គមនិង​បរិស្ថាន ការដោះស្រាយ​ជម្លោះ ដោយ​ខាង​ក្រុមប្រឹក្សា​សង្កេត​ថា​តើ​ក្រុមហ៊ុន​ទាំងនោះ បានធ្វើ​អ្វីខ្លះ​ដល់​ការចូលរួម​ការកាត់​បន្ថយ​ផលប៉ះពាល់​ដល់​បរិស្ថាន​អេកូឡូស៊ី ហើយ​ចំណុច​សំខាន់​មួយទៀត​គឺ ចង់ដឹង​ពី​ការយល់ឃើញ​របស់​មហា​ជន​ទូទៅ​ពាក់ព័ន្ធ​នឹង​ការវិនិយោគ​របស់​ក្រុមហ៊ុន​ចិន​នៅ​កម្ពុជា​។

​លោក​បណ្ឌិត​បាន​រៀបរាប់​ប្រាប់​សារ​ព៌​ត៏​មាន​ផងដែរ​ថា ក្នុង​រយៈពេល​ស្រាវជ្រាវ​នេះ​ក្រុមការងារ​ស្រាវជ្រាវ​បាន​ចុះ​សិក្សា​ដល់ទី​តាំងរបស់​ក្រុមហ៊ុន​វា​រី​អគ្គីសនី​សេ​សាន​ក្រោម​២ និង សាកសួរ​ពី​ប្រភព​ដែល​ពាក់ព័ន្ធ មាន​ប្រជាជន អាជ្ញាធរ​ពាក់ព័ន្ធ ថា​តើ​ក្រុមហ៊ុន​បាន​ដោះស្រាយ​បញ្ហា​នានា​ប្រកបដោយ​សន្តិវិធី និង​ផលប៉ះពាល់​ផ្សេងៗ​តាមរបៀប​ណា​?

​លោក​បណ្ឌិត បាន​គូសបញ្ជាក់ថាបន្ទាប់ពី​ធ្វើការ​ស្រាវជ្រាវ​ឃើញ​ក្រុមហ៊ុន​វា​រី​អគ្គី​សនី​​សេសា​ន​ក្រោម​២ មាន​យន្តការ​ច្បាស់លាស់​ក្នុងការ​ដោះស្រាយ​ជម្លោះ​ជាមួយ​ប្រជា​ជន ដោយ​ភាគច្រើន​ផ្ដល់​សិទ្ធ​អំណាច​ក្នុង​ការសិក្សា ក្នុងការ​វាយតម្លៃ​ផលប៉ះពាល់​បរិស្ថាន​ទៅតាម​ក្រសួងបរិស្ថានពោល​ជម្លោះ​ភាគច្រើន​បាន​ដោះស្រាយ​ចរចា​គ្នា​បាន​ច្រើន​ពីមួយ​ដំណាក់កាល​ទៅមួយ​ដំណាក់កាល​។​ចំណែក​ប្រជាពលរដ្ឋ​មានការ​យល់​ស្រប​ចំពោះ​សំណងនិង​ពេញចិត្ត​ចំពោះ​ដំណោះស្រាយ​ដែល​ក្រុមហ៊ុន​ផ្ដល់ជូន​។​​

លោក​បា​នស​ង្គ​ត់​ធ្ងន់​ផងដែរ​ថា បើ​ក្រឡេក​ទៅ​មើ​លពី​ប្រយោជន៍​ធំ​វិញ ការសាងសង់​ទំនប់​វា​រី​អគ្គិសនី​ពិតជា​បាន​ចូលរួម​ជា​ប្រយោជន៍​ដល់​សង្គមជាតិ​ទាំងមូល ពោល​ក្រុម​ហ៊ុន​ទាំង​នោះបាន​ចូលរួមចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​តាម​ទៅ​លទ្ធភាព និង​ផ្នែក​ផ្សេងៗ​គ្នា​។​

​ជាការ​ព្យាករណ៍​សម្រាប់​ថ្ងៃ​អនាគត លោក​បណ្ឌិត កែវ ពិសិដ្ឋ ដែលជា​ប្រធាន​មជ្ឈ​មណ្ឌល​ការសិក្សា​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​នៃ​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី​យល់​ឃើញថា តួនាទី​នឹង​ទស្សនៈវិស័យ​របស់​ក្រុមហ៊ុន​ចិន​នៅ​កម្ពុជា គឺមាន​តួនាទី​ជា​អ្នក​នាំមុខ​ដល់​ការវិនិយោគ​ផ្សេងៗ​ក្នុងប្រទេស​កម្ពុជា​។​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី​សង្ឃឹម​ថា ថ្ងៃ​អនាគត​ក្រុមហ៊ុន​ចិន​នឹង​បន្ត​ជំរុញ​ការ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​និង​បន្ត​កិច្ចការពារបរិស្ថាន​ដោះស្រាយ​បញ្ហា​សង្គម​និង​មនុស្សធម៌​ឱ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត​៕Ph