ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលផ្ដល់អំណោយម៉ាសលើកទី២ ចំនួន១លានម៉ាស សម្រាប់ចែកជូនប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ ដើម្បីការពារការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្រោយផ្ទុះព្រឹត្តិការណ៍ «សហគមន៍ ២៨វិច្ឆិកា»។
សម្ដេចតេជោ ហ៊ុន សែន បានប្រកាស នៅយប់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ ជូនសាធារណជនឲ្យបានជ្រាបថា៖ សម្តេចសម្រេចបញ្ចេញម៉ាសចំនួន២លានបន្ថែមទៀត, ដោយក្នុងនោះមួយលានសម្រាប់រាជធានីភ្នំពេញ និងមួយលានទៀតសម្រាប់ខេត្តសៀមរាប ដើម្បីចូលរួមប្រើប្រាស់ជាបន្ទាន់ ក្នុងការជួយទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។
លោក ឃួង ស្រេង ក្នុងនាមកងកម្លាំងប្រដាប់អាវុធ មន្ដ្រីរាជការ និងប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបានផ្ដល់អំណោយម៉ាសចំនួន១លានម៉ាស ជូនដល់រដ្ឋបាលរាជធានីភ្នំពេញ សម្រាប់ចែកបន្ដជូនប្រជាពលរដ្ឋ។
លោក ឃួង ស្រេង បានទុកថា៖ កាយវិការនេះបានបង្ហាញឲ្យឃើញអំពីការយកចិត្តទុក្ខដាក់ខ្ពស់បំផុតពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ មកលើប្រជាពលរដ្ឋ ខណៈប្រទេសកម្ពុជា និងពិភពលោកទាំងមូលកំពុងប្រឈមខ្លាំងជាមួយជំងឺកូវីដ-១៩ ពិសេសក្រោយកម្ពុជាផ្ទុះនូវការឆ្លងជំងឺនេះចូលសហគមន៍ជាលើកដំបូង ដែលត្រូវបានហៅថាជាព្រឹត្តិការណ៍ «សហគមន៍ ២៨វិច្ឆិកា»។
សូមរំលឹកថា៖ ការបញ្ចេញម៉ាសចំនួន២លាន (លើកទី២) សម្រាប់រាជធានីភ្នំពេញ ១លានម៉ាស និងខេត្តសៀមរាប ១លានម៉ាស នៅពេលនេះ គឺជាការបន្ថែមដែលកាលពីមុនបានបញ្ចេញចំនួន២លានម៉ាស ម្តងរួចមកហើយ សម្រាប់រាជធានីភ្នំពេញ។
គួរបញ្ជាក់ថា៖គិតត្រឹមម៉ោង ០៧៖០០ព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០នេះ នៅកម្ពុជារកឃើញអ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប ៣២៩នាក់ (ស្រី ៧៤នាក់ និងបុរស ២៥៥នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយ សរុបទូទាំងប្រទេស មានចំនួន ៣០៤នាក់ និង អ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ២៥នាក់៕