ដោយ: សៅ វ៉ាន់ឌី / ខេត្តព្រះវិហារ: សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញដឹកនាំគណៈប្រតិភូ នៃកងយោធពលខេមរភូមិន្ទ ចុះសាកសួរសុខទុក្ខកងទ័ព ដែលកំពុងឈរជើងការពារបូរណភាពទឹកដី នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងឡាវ កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០។
សម្ដេចពិជ័យសេវាបានអញ្ជើញពិនិត្យតំបន់ប្រវត្តិសាស្ត្រតេជោ៥មករា ក្នុងភូមិសាស្ត្រវាលឥន្ទ្រី នៅលើកំពូលភ្នំរាប ស្ថិតនៅចន្លោះភ្នំប្រាសាទព្រះវិហារ និងភ្នំទ្រព្យជាប់ព្រំដែនថៃ។ ជាមួយនោះបានពិនិត្យ និងសម្ពោធដាក់ឱ្យប្រើប្រាស់តំបន់ប្រវត្តិសាស្ត្រយោធាតេជោបុស្សស្បូវ ជាំ តែនៅលើខ្នងភ្នំដងរែក ដែលស្ថិតក្នុងភូមិតេជោបុស្សស្បូវ ឃុំស្រអែម ស្រុកជាំក្សាន្ត ជាប់ព្រំដែនថៃ។ រដ្ឋមន្ត្រីក្រសួងការពារជាតិ បន្តចុះជួបកងទ័ព នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា – ឡាវ និងសម្ពោធដាក់ឱ្យប្រើប្រាស់តំបន់ប្រវត្តិសាស្ត្រយោធាភ្នំ១៩០ តេជោកំពង់ស្រឡៅ។
មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក បានរាយការណ៍អំពីសភាពការទូទៅនៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា – ថៃ ជូនប្រមុខការពារជាតិសម្តេចពិជ័យសេនា ទៀ បាញ់ រួមទាំងគណៈប្រតិភូ នៃកងយោធពលខេមរភូមិន្ទ នៅក្នុងដំណើរមកកាន់តំបន់ប្រវត្តិសាស្ត្រយោធា នាទឹកដីទល់ដែនថៃនេះ៕