ប្រចាំថ្ងៃ ព្រហស្បតិ៍ទី ៣ខែធ្នូឆ្នាំ២០២០
ឆ្នាំជូត
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះទោះបីដួងរាសីខ្ពស់ត្រដែតពិតមែន ប៉ុន្តែបើចង់ធ្វើអ្វីលោកអ្នកមិនអាចផ្តេកផ្តួលលើជោគវាសនាបានឡើយពីព្រោះថាមិនដូច្នេះផលល្អដែលបម្រុងរត់ចូលបែរជាបោលចេញទៅវិញទេ។សម្រាប់អំឡុងពេលនេះដែរសម្រាប់ស្ត្រីឱ្យប្រយ័ត្នបញ្ហាសុខភាពនិងបញ្ហាឧប្បត្តិហេតុពីព្រោះថាងាយកើតឡើងផងដែរ។ចំពោះលោកអ្នកដែលប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះវិញបើចង់បោះទុនតូចធំឃើញថាមិនមានទាស់ខុសអ្វីទេព្រោះផ្លែផ្កាទទួលបានក៏ឆ្លើយតបគ្រាន់កក់ក្តៅជានិច្ច។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការផ្អែមល្ហែមនិងកំពុងស្រស់ស្រាយល្អណាស់៕
ឆ្នាំឆ្លូវ
រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកមិនត្រូវធ្វើការងារសំខាន់ឬកិច្ចការធំដុំឡើយពីព្រោះថាផលអាក្រក់ងាយកើតឡើងជាងសព្វមួយដង។សម្រាប់ថ្ងៃនេះដែរចូរលោកអ្នកប្រយ័ត្នការមានជម្លោះវិវាទបន្តិចបន្តួចណាមួយកើតឡើង។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមិនមានផលចំណូលអ្វីគួរកត់សម្គាល់ទេគឺទោះជួញទីជិតឆ្ងាយអាចរកចំណូលគ្រាន់ចិញ្ចឹមឆ្នាំងបាយប៉ុណ្ណោះឯង។
ចំណែកសម្ព័ន្ធស្នេហាកំលោះក្រមុំកំពុងជួបបញ្ហាខ្វាយខ្វល់ច្រើនបន្តិចព្រោះតែម្នាក់ៗប្រកាន់យកភាពចង់ចាញ់ឈ្នះទុកក្នុងខ្លួនច្រើន៕
ឆ្នាំខាល
រាសីល្អជាមធ្យម។នៅថ្ងៃនេះដំណើរជីវិតមិនសូវគាប់ប្រសើរប៉ុន្មានទេ ម្ល៉ោះហើយ លោកអ្នកធ្វើអ្វីក៏ដោយតោងតែប្រយ័ត្នប្រយែងពីព្រោះថាផលមិនល្អនោះតែងយាយីហើយត្រូវអត់ធ្មត់តស៊ូទើបប្រសើរ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរជួបផលលំបាកក្នុងការរកផលចំណូលបន្តិចព្រោះលាភច្រើនបោលហួសចាប់ពុំសូវជាប់ទេ ហើយបើលោកអ្នកប្រលងប្រជែងតម្លៃទៀតនោះចូរប្រយ័ត្នកើតជម្លោះវិវាទឈានពីតូចតាចដល់ធំ។
រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីកុំលេងម៉េះម៉ោះច្រើននាំកើតជម្លោះវិវាទហើយមានតែរឿងរ៉ាវសៅហ្មងដាក់គ្នា៕
ឆ្នាំថោះ
រាសីស្រុតចុះ។នៅថ្ងៃនេះបើទោះបីដួងរាសីស្រុតចុះចូរប្រយ័ត្នសត្រូវបៀតបៀនយាយីដោយប្រការណាមួយ ។ការប្រកបការងារមានការរកាំចិត្តច្រើន ម្ល៉ោះហើយទាល់តែចេះអត់ធ្មត់ក្នុងកិច្ចការងារបន្តិចទើបឆ្លងផុតផលលំបាកទាំងពួងទៅរួច។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកមិនគប្បីមានចិត្តឆាប់ប្រកែប្រកាន់ឬចិត្តច្រណែនឈ្នានីសលោភលន់ច្រើនប្រយ័ត្នឥតការអ្វីសោះយករឿងរាវក្តៅក្រហាយដាក់ខ្លួន។
រីឯសេចក្តីស្នេហាប្រុសស្រីកុំមានចិត្តចង់ងាករេប្រយ័ត្នកើតជាជម្លោះវិវាទហើយនាំសោកស្តាយនៅពេលក្រោយ៕
ឆ្នាំរោង
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះបើលោកអ្នកចង់ធ្វើអ្វីមួយតែងទទួលជោគជ័យគ្រាន់គួរជាទីពេញចិត្តមកវិញផង។អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះផ្តល់ផលល្អចំពោះការចរចា ការបណ្តាក់ទុនឬ ការចង់បញ្ចេញប្រាក់កាសក្នុងការធ្វើអ្វីមួយព្រោះមិនត្រឹមសមដូចប្រកបទេ ប៉ុន្តែនៅឆាប់រីកដុះដាលឈានទៅមុខទៀតផង។
រីឯបញ្ហាស្នេហាកំលោះក្រមុំមានការផ្អែមល្ហែមគួរសមនិងពេលនេះកំពុងផ្តល់ផលល្អបំផុតសម្រាប់ការរៀបចំផ្សំផ្គុំគ្រួសារ៕
ឆ្នាំម្សាញ់
រាសីល្អជាមធ្យម។នាថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកល្អប្រសើរបន្តិចវិញ ម្ល៉ោះហើយទោះធ្វើអ្វីក៏តែងមានជោគមានជ័យនិងទទួលផលល្អៗច្រើនផង។ក្នុងផ្ទះសម្បែងពិសេសស្ត្រីត្រូវចេះខិតខំកិច្ចការងារទើបគ្មានបញ្ហាចម្រូងចម្រាសកើតឡើងទៅរួច។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញមុនធ្វើអ្វីមួយត្រូវចេះត្រិះរិះពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយ ហើយពុំត្រូវមានគំនិតវៀចវេឡើយបើពុំនោះទេនាំជួបផលលំបាកដល់អាត្មាខ្លួនឯងដោយសារអតិថិជនលែងមកអើត។
រីឯបញ្ហាគូគ្រងប្តីប្រពន្ធឬគូស្នេហ៍កំលោះក្រមុំមានការប្រឆាំងគ្នានិងចង់ចាញ់ឈ្នះគ្នាមិនស្ទើរដែរទេ៕
ឆ្នាំមមី
រាសីល្អជាមធ្យម។ទាំងស្ត្រីបុរសនៅថ្ងៃនេះត្រូវរក្សាភាពស្ងាត់ស្ងៀមបន្តិចព្រោះរឿងរាវផ្សេងៗអាចកើតចេញពីពាក្យសម្តីបានគ្រប់ពេល។ដំណើរជីវិតរបស់លោកអ្នកនៅពេលនេះមានការប្រែប្រួលមិនទៀងទាត់ឡើយ ដូច្នេះបើមានការទិញដីធ្លីឬធ្វើអ្វីមួយចូរចេះប្រយ័ត្នប្រយែងសមាសភាពមនុស្សពីព្រោះងាយធ្លាក់ក្នុងគ្រោះចាញ់បោកគេផងដែរ។អ្នកប្រកបរបររកស៊ីជួញដូរការបោះទុនអ្វីត្រូវធ្វើដោយសន្សឹមៗបានហើយកុំបំបោលព្រោះបើហ៊ានប្រយ័ត្នជួបផលលំបាកណាមួយមកវិញនៅគ្រាក្រោយ ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការចេះអត់ឱនឱ្យគ្នានិងមិនត្រូវប្រកែប្រកាន់ច្រើនទើបប្រសើរ៕
ឆ្នាំមមែ
រាសីស្រុតចុះ។នៅថ្ងៃនេះដំណើរជីវិតមិនល្អប្រសើរទេ ដូចនេះបើចង់ធ្វើអ្វីក៏ដោយលោកអ្នកតោងតែប្រយ័ត្នប្រយែងបន្តិចពិសេសស្ត្រីងាយកើតបញ្ហាមិនល្អជាងសព្វមួយដង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយការរកផលកម្រៃមានហូរចូលមួយៗគ្រាន់ជាទីកក់ក្តៅនិងមានភាពសុខដុមប្រពៃ។ការធ្វើដំណើរឆ្ងាយជិតចូរប្រយ័ត្នបញ្ហាចរាចរបន្តិចផងដែរ។
រីឯបញ្ហាសម្ព័ន្ធស្នេហាប្រុសស្រីមានដំណើរថយក្រោយ ហើយងាយមានជម្លោះវិវាទដូចនេះគួរកាត់បន្ថយភាពប្រចែប្រច័ណ្ឌឬរឹងមានះទើបប្រសើរ៕
ឆ្នាំវក
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកប្រកបការងារឬដំណើរការងារអ្វីមួយពិសេសបញ្ហាផ្ទាល់ខ្លួនតែម្តង។លោកអ្នកធ្វើអ្វីតែងតបផលមកវិញគ្រាន់ជាទីពេញចិត្ត។ក្នុងរង្វង់គ្រួសារបើលោកអ្នកមានជម្លោះវិវាទជាឱកាសល្អក្នុងការផ្សះផ្សាហើយ។សម្រាប់អ្នកអាជីវករនៅថ្ងៃនេះវិញមានការចម្រើនលូតលាស់ទៅមុខ ដូច្នេះជាឱកាសល្អក្នុងការផ្លាស់ប្តូរមុខរបរឬបើកធ្វើជំនួញតូចធំបំផុត។ រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានការយកចិត្តទុកដាក់និងផ្អែមល្ហែមល្អចំពោះគ្នាគ្រាន់បើ៕
ឆ្នាំរកា
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះលោកអ្នកប្រកបកិច្ចការងារអ្វីរលូនល្អនិងហុចជាលទ្ធផលគ្រាន់កក់ក្តៅ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះការចេញធ្វើជំនួញមិនថាផ្លូវគោកផ្លូវទឹកផ្លូវអាកាសក្តីតែងមានភាពសុខដុម ហើយផលកម្រៃទៀតសោតបានគ្រាន់បំពេញបំពង់អញ្ចឹងដែរ។ការរស់នៅមានភាបសុខដុមដូចសព្វមួយដង។
រីឯសម្ព័ន្ធស្នេហាប្រុសស្រីកុំគប្បីយកភាពប្រកែប្រកាន់ដាក់ខ្លួនច្រើននាំតែកើតរឿងសៅហ្មងចំពោះគ្នាប៉ុណ្ណោះ៕
ឆ្នាំច
រាសីស្រុតចុះ។ក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនសូវល្អប្រសើរទេពិសេសអាចទទួលដំណឹងមិនល្អនាំឱ្យកើតការសៅហ្មងឬតក់ស្លុតទៀតផង។ទោះធ្វើអ្វីគប្បីមានការធ្វើចិត្តត្រជាក់ទើបគ្មានបញ្ហាអាក្រក់ឈានចូលកើត។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់រស់រវើកគួរសម ហើយបើចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃក៏មានភាពល្អប្រសើរដែរតែត្រូវត្រួតពិនិត្យសមាសភាពឱ្យបានត្រឹមត្រូវប្រយ័ត្នត្រូវចាញ់បោកគេ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការប្រឆាំងនិងចង់ចាញ់ឈ្នះគ្នាច្រើននាំឱ្យកើតការរកាំចិត្តមិនតិចឡើយ៕
ឆ្នាំកុរ
រាសីល្អជាមធ្យម។នាពេលកន្លងមកលោកអ្នកទទួលរងការហត់នឿយច្រើន ម្ល៉ោះហើយត្រូវចេះមានការតស៊ូអត់ធ្មត់បន្តិចទើបប្រសើរ។អ្នកប្រកបរបររកស៊ីជួញដូរមានការជឿនលឿនទៅមុខយ៉ាងឆាប់រហ័សហើយរឿងរាវអាក្រក់ទាំងឡាយដែលធ្លាប់មានកាលពីមុនមកក៏ត្រូវបានរលត់រលាយទៅឆ្ងាយតាមកាលវេលាដែរ។ចំណែកអ្នកប្រកបការងាររាជការឬក្រុមហ៊ុនឯកជនវិញមានការប្រទាំងប្រទើសជាមួយមិត្តភក្តិបន្តិចចូរប្រយ័ត្នកើតជម្លោះវិវាទ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកំពុងមានការខ្វាយខ្វល់ព្រោះតែម្នាក់ៗមានការគិតហួសព្រំដែនច្រើន៕