ប្រែសម្រួលៈវាសនា/បាដាត៖ ទំនាក់ទំនងរវាងរដ្ឋការត្រាំនិងរដ្ឋាភិបាលក្រុងតេអេរ៉ង់ បានធ្លាក់ចុះដល់បាតចាប់តាំងពីអាម៉េរិកសម្លាប់មេបញ្ជាការកំពូលអ៊ីរ៉ង់ ឧត្តមសេនីយ៍ កាសសេម សូឡេម៉ានី កាលពីថ្ងៃ០៣មករាឆ្នាំ២០២០មកម្ល៉េះ។
ឥឡូវ ប្រធានាធិបតី អាម៉េរិកលោកដូណាល់ ត្រាំ ត្រូវបានគេនិយាយថា បានបញ្ជាអោយដកអ្នកការទូតអាម៉េរិកពាក់កណ្តាលចេញពីស្ថានទូតអាម៉េរិកនៅក្រុងបាដាត នៅពេលភាពតានតឹងជាមួយក្រុងតេអេរ៉ង់ បន្តកើនឡើងនៅមុនខួប១ឆ្នាំនៃការសម្លាប់មេបញ្ជាការកងកម្លាំងគូដរបស់កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ នេះបើតាមសារព័ត៌មាន Politico បានរាយការណ៍កាលពីថ្ងៃពុធដោយយោងតាមសម្តីរបស់មន្ត្រីអាម៉េរិក។
ទោះជាយ៉ាងណា ការកាត់បន្ថយបុគ្គលិកទូតត្រូវគេគិតថាជាវិធានការបណ្តោះអាសន្ន តែដោយសារតែអាម៉េរិកនិងអ៊ីរ៉ង់ទើបជួបបញ្ហាថ្មីដោយសារតែការធ្វើឃាតអ្នកវិទ្យាសាស្ត្រជាន់ខ្ពស់អ៊ីរ៉ង់ ការវិលត្រឡប់របស់អ្នកការទូតទាំងនេះមកកាន់ស្ថានទូតនៅក្រុងបាដាតវិញស្ថិតក្នុងភាពមិនប្រាកដប្រជា។
សូមបញ្ជាក់ថា អ៊ីរ៉ាក់តែងជាសមរភូមិប្រយុទ្ធរវាងអាម៉េរិកនិងអ៊ីរ៉ង់ ។ក្រោយការស្លាប់របស់សូឡេម៉ានី រដ្ឋាភិបាលក្រុងតេអេរ៉ង់បានសងសឹកសេតវិមានអាម៉េរិកដោយបាញ់កាំជ្រួចដាក់មូលដ្ឋានទ័ពអាម៉េរិកនៅអ៊ីរ៉ាក់ បណ្តាលអោយទាហានអាម៉េរិករងរបួសខួរក្បាលជាច្រើននាក់។
ភាពតានតឹននេះកាន់តែកើនឡើងថែមទៀតបន្ទាប់ពីការធ្វើឃាតអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរអ៊ីរ៉ង់លោក ម៉ូសេន ហ្វាករីហ្សាដេស ។គេថា អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរកំពូលនេះត្រូវបានសម្លាប់ដោយកាំភ្លើងយន្តបញ្ជាពីចម្ងាយនៅខាងកើតក្រុងតេអេរ៉ង់។ទីភ្នាក់ងារសន្តិសុខជាតិជាន់ខ្ពស់អ៊ីរ៉ង់បាននិយាយថា ទីភ្នាក់ងារចារកម្មអ៊ីស្រាអែល Mossadនិងអង្គការមូចាហៃឌីរបស់ប្រជាជន ដែលជាអង្គការសកម្មប្រយុទ្ធនិងនយោបាយអ៊ីរ៉ង់មួយ ជាប់ពាក់ព័ន្ធនឹងការធ្វើឃាតនេះ។
របាយការណ៍ស្តីពីការដកបុគ្គលិកទូតនេះកើតឡើងបន្ទាប់ពីលោកត្រាំពិចារណាបិទស្ថានទូតអាម៉េរិកនៅក្រុងបាដាតក្រោយពីបណ្តាទីភ្នាក់ងារចារកម្មកាន់តែសម្តែងការព្រួយបារម្ភអំពីការវាយប្រហារលើកងកម្លាំងអាម៉េរិកនៅអ៊ីរ៉ាក់ និងលើស្ថានទូតរបស់ខ្លួននៅទីនោះ៕
ស្ថានទូតអាម៉េរិកនៅបាដាតធ្លាក់ជួបការតវ៉ាប្រឆាំងនិងការបាញ់កាំជ្រួចដាក់នាពេលកន្លងមក