Home ព័ត៌មានជាតិ សន្តិសុខ អ្នកបើក​រ៉ឺម៉...

អ្នកបើក​រ៉ឺម៉ក​លក់​ផ្កា ស្លាប់​ដោយសារ​រថយន្ត​សង្គ្រោះ របស់​មន្ទីរពេទ្យ បើក​បុក

ដោយៈ វណ្ណៈ/ព្រះសីហនុៈ បុរស​ម្នាក់ បាន​ដាច់ខ្យល់​ស្លាប់ នៅពេល​ដឹក​បញ្ជូនទៅ​សង្គ្រោះ បន្ទាន់ ដោយសារតែ​គាត់ បាន​បើក​រ៉ឺម៉ក ដើរ​លក់​ផ្កា មិន​ប្រុងប្រយ័ត្ន ត្រូវ​រថយន្ត​សង្គ្រោះ របស់​មន្ទីរពេទ្យ បើក​បុក​យ៉ាង​ពេញទំហឹង ។ ករណីនេះ​កើតឡើង លើ​ដង​ផ្លូវជាតិ​លេខ​៤ ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ ១២០-១២១ ស្ថិត​ក្នុងភូមិ​ក្រាំង​អាត់ ឃុំ​កំពង់សីលា ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ នា​វេលា​ម៉ោង ៦​និង​២០​នាទី ព្រឹក​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០២០ ។​

​សមត្ថកិច្ច​នគរបាល ឃុំ​កំពង់សីលា បាន​ឲ្យ​ដឹងថា ជនរងគ្រោះ អ្នកបើកបរ​ម៉ូតូ​សណ្តោង​រ៉ឺម៉ក ដឹក​ផ្កា​លក់​ចល័ត​នោះ ឈ្មោះ រាម ទូច ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្នាយ​ពល ឃុំ​រការ ស្រុក​ពារាំង ខេត្តព្រៃវែង បាន​រងរបួស​ធ្ងន់ធ្ង​រ ហើយ​បាន​ដាច់ខ្យល់​ស្លាប់ នៅពេល បញ្ជូនទៅ​សង្គ្រោះ ។​

​សមត្ថកិច្ច បាន​បន្ត​រថាៈ គ្រោះថ្នាក់​ចរាចរណ៍ រវាង​ម៉ូតូ​សណ្តោង​រ៉ឺម៉ក និង​រថយន្ត​សង្គ្រោះ មួយគ្រឿង ក្នុងទិសដៅ​ស្របគ្នា ពី​ខេត្ត​ព្រះសីហនុ ទៅ​ភ្នំពេញ​។ អ្នកបើកបរ រថយន្ត​សង្គ្រោះ គេចខ្លួនបាត់ មិន​ស្គាល់​អត្តសញ្ញាណ​។ បច្ចុប្បន្ន រថយន្ត និង​ម៉ូតូ ត្រូវបាន​យកមក​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល ស្រុក​កំពង់សីលា​៕​PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular