ដោយៈ វណ្ណៈ/ព្រះសីហនុៈ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាល ខេត្តព្រះសីហនុ បានទម្លាយឲ្យ បណ្តាញផ្សព្វផ្សាយដឹង នៅថ្ងៃទី៣ ខែធ្នូនេះថាៈ កាលពី វេលាម៉ោង ៣ ទៀបភ្លឺ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានទទួលព័ត៌មាន ពីប្រជាពលរដ្ឋថា មានករណីអំពើចោរកម្ម (លួចកាច់បំបែកសោរ ក ម៉ូតូ) នៅចំណុចផ្លូវបេតុង ចូលទៅភូមិថ្មី ស្ថិតនៅភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ។
ភ្លាមៗនោះ កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ បានចុះទៅដល់ទីតាំង ដែលប្រជាពលរដ្ឋ បានរាយការណ៍ ឃើញជនសង្ស័យ ១ នាក់ កំពុងលើកម៉ូតូ ១ គ្រឿង ម៉ាកហុងដា សេ ១២៥ ដាក់ចូលក្នុងរថយន្ត បម្រុងបើកចេញ គ្រាន់តែឃើញកម្លាំង សមត្ថកិច្ចភ្លាម ជនសង្ស័យ បានរត់ចូលទៅក្នុងព្រៃ គេចខ្លួនបាត់ ដោយបន្សល់ទុករថយន្ត ១ គ្រឿង ម៉ាក LEXUS RX300 ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2AS-2624 ដែល ជនសង្ស័យ ជិះធ្វើសកម្មភាព និងមានម៉ូតូ ១ គ្រឿង ដែលជនសង្ស័យលួចបាន ម៉ាកហុងដា សេ ១២៥ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 1T-5150 នៅក្នុងរថយន្ត នោះ។
កម្លាំងសមត្ថកិច្ច បានត្រួតពិនិត្យ នៅក្នុងរថយន្ត រកឃើញកាបូបលុយ របស់ជនសង្ស័យ ហើយនៅក្នុងកាបូបនោះ មានអត្តសញ្ញាណប័ណ្ណ របស់ជនសង្ស័យ ១សន្លឹក លេខ ០៨០៣៦០២១០ មានឈ្មោះ ជា ដារ៉ា ភេទប្រុស ថ្ងៃខែឆ្នាំកំណើត ០៦-១០-១៩៩២ អាស័យដ្ឋានបច្ចុប្បន្ន ខ័ណ្ឌដូនពេញ សង្កាត់ផ្សាថ្មីបី រាជធានីភ្នំពេញ ព្រមទាំងកាតធនាគារ ABA ១ សន្លឹកទៀតផង។ វត្ថុតាងយកមករក្សាទុក នៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបន្តនីតិវិធី ។ រីឯមុខសញ្ញាសមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវ រកដើម្បីចាប់ខ្លួន៕PC