ប្រែសម្រួលៈវាសនា/ញូវយ៉ក៖ប្រធានមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺអាម៉េរិក(CDC)កាលពីថ្ងៃពុធ បានចេញការព្រមានអំពីជំងឺឆ្លងកូវីដ១៩ ដែលនៅតែចម្លងពាសពេញអាម៉េរិកថាវានឹងបង្កវិបត្តិសុខភាពដ៏សោកសៅបំផុតនៅប៉ុន្មានខែខាងមុខ នៅមុនការចាក់វ៉ាក់សាំងនៅទូទាំងប្រទេស។
នាយកCDCលោក វេជ្ជបណ្ឌិតរ៉ូប៊ឺត រេដហ្វៀល បានអំពាវនាវអោយមានការប្រកាន់យកវិធានការសុវត្ថិភាពនិងការប្រុងប្រយ័ត្នម៉ឺងម៉ាត់ឡើង ដូចជាពាក់ម៉ាស់ អនុវត្តគម្លាតសង្គម និងធ្វើអនាម័យដៃដើម្បីពន្យឺតល្បឿនឆ្លងរាលដាលវីរុសផ្លូវដង្ហើម ដែលឥឡូវឆក់យកជីវិតមនុស្សជាង២.០០០នាក់ក្នុងមួយថ្ងៃនៅអាម៉េរិក។
ចំនូនអ្នកស្លាប់ដោយជំងឺកូវីដ១៩នៅអាម៉េរិកឥឡូវឡើងហួស២៧០.០០០នាក់ ហើយវិទ្យាស្ថានវាយតំលៃសុខភាពមួយនៅវ៉ាស៊ីនតោន បានប៉ាន់ស្មានថា ចំនួនស្លាប់អាចនឹងឡើងដល់ជិត៤៥០.០០០នាក់នៅត្រឹមខែមីនាឆ្នាំក្រោយ បើមិននាំគ្នាពាក់ម៉ាស់ការពារនិងអនុវត្តគម្លាតសង្គមទេ។
ការព្រមាននេះត្រូវបានធ្វើឡើងនៅពេលចំនួនអ្នកជំងឺកូវីដ១៩នៅតាមមន្ទីរពេទ្យអាម៉េរិក បានឡើងហួស១០០.០០០នាក់ជាលើកដំបូង គឺកើនឡើងទ្វេធៀបនឹងចំនួនអ្នកជំងឺចូលដេកពេទ្យកាលពីអាម៉េរិកជួបការឆ្លងនៅរលកទី១។
ទោះជាយ៉ាងណា អាម៉េរិកសង្ឃឹមថានឹងចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩អោយប្រជាជនខ្លួនបាន១០០លាននាក់យ៉ាងយូរនៅត្រឹមចុងខែកុម្ភៈឆ្នាំក្រោយដែលស្មើ៤០ភាគរយនៃមនុស្សពេញវ័យនៅសហរដ្ឋអាម៉េរិក៕
ចំនួនអ្នកជំងឺកូវីដ១៩នៅតាមមន្ទីរពេទ្យអាម៉េរិកឥឡូវ បានឡើងហួស១០០.០០០នាក់